សង្គម​ស៊ីវិល​មិន​ទាន់​មាន​ជំនឿ​លើ​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​ធន​ធាន​ធម្មជាតិ និង​ព្រៃឈើ​នៅ​កម្ពុជា លើក​ឡើង​ថា រាជរដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ឡើយ។ ពួកគេ​ថា សកម្មភាព​ដាក់​កម្លាំង និង​ត្រួត​ពិនិត្យ​កន្លែង​ស្តុក​ឈើ អាច​ធ្វើ​គ្រាន់តែ​ល្អ​មើល​ប៉ុណ្ណោះ។ ការ​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នេះ ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ឈើ ជា​ថ្មី​ម្ដង​ទៀត​បាន​ដឹកនាំ​កម្លាំង​ចុះ​មើល​នៅ​ទីតាំង​ស្តុក​ឈើ​នៅ​តំបន់​ភូមិ​ភាគ​ឦសាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា។

​បណ្ដាញ​អ្នក​ស្រាវជ្រាវ​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លើក​ឡើង​ថា ដើម្បី​ឱ្យ​មតិ​សាធារណៈ​មាន​ជំនឿ​ចិត្ត​ចំពោះ​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​កំពុង​ធ្វើ ជុំវិញ​វិធានការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ រាជរដ្ឋាភិបាល​ត្រូវ​យក​ច្បាប់​មក​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង​បង្ហាញ​តម្លាភាព​អំពី​លទ្ធផល​ការងារ​របស់​ខ្លួន។

​ប្រធាន​បណ្ដាញ​ស្រាវជ្រាវ​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា កម្លាំង​គណៈកម្មាធិការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឃើញ​តែ​ចុះ​ពិនិត្យ​និង​វាស់វែង ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ទៅ​លើ​ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​ទាំង​នោះ​ឡើយ។ លោក​បន្ត​ថា ប្រសិន​រាជរដ្ឋាភិបាល​នៅ​តែ​បំពេញ​ការងារ​បែប​នេះ បទល្មើស​រត់ពន្ធ​ឈើ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ នៅ​តែ​កើត​ឡើង​ដដែល៖ «ខ្ញុំ​នៅ​តែ​គិត​ថា ការ​បង្ក្រាប​ហ្នឹង​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ទេ»

​ការ​កត់សម្គាល់​របស់​អ្នក​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​រូប​នេះ ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដឹកនាំ​ដោយ​លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ចុះ​ពិនិត្យ​កន្លែង​ស្តុក​ឈើ​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ភូមិ​ភាគ​ឦសាន​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​២៩ ខែ​មករា។

ឈឹម សាវុធ ៨៥៥ ២០១៤
ប្រធាន​បណ្ដាញ​ស្រាវជ្រាវ​បទល្មើស​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៤។​ RFA

ការ​ចុះ​ពិនិត្យ​កន្លែង​ស្តុក​ឈើ​បន្តបន្ទាប់​ពេល​នេះ ស្រប​ពេល​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​មួយ​ចំនួន​កំពុង​រិះរក​វិធី​ដើម្បី​បំបាត់​ភស្តុតាង​បទល្មើស​របស់​ពួកគេ ដូចជា ដុត​កំណាត់​ឈើ​រាប់​ពាន់​ដុំ​ចោល ជីក​កប់​ឈើ​មូល​ធំៗ​រាប់​ដើម ដុត​ស្ពាន​ឆ្លង​កាត់​ទៅ​កាន់​ទីតាំង​លាក់​ឈើ​ប្រណីត​ជាដើម។

​ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ថា បេសកកម្ម​គណៈកម្មាធិការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺ​ត្រូវ​ចុះ​ពិនិត្យ​មើល​កន្លែង​ស្តុក​ឈើ​នៅ​ក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ មួយ​កន្លែង បន្ទាប់​មក​សមត្ថកិច្ច​នឹង​បន្ត​ដំណើរ​ទៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី បន្ត​ទៀត។

លោក​ថា ដោយសារ​ការ​ត្រួត​ពិនិត្យ​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នៅ​ឡើយ ដូច្នេះ​មិន​ទាន់​អាច​និយាយ​ពី​នីតិវិធី​បាន​ទេ ហើយ​គណៈកម្មាធិការ​ជាតិ​មួយ​នេះ មិន​ដែល​បញ្ចេញ​ព័ត៌មាន​ថា ជា​ឈើ​របស់​បុគ្គល​ណា ឬ​ក្រុមហ៊ុន​ណា​ដែរ ពីព្រោះ​វា​ជា​រឿង​សម្ងាត់។ លោក​ថា អ្នក​ដែល​មិន​មាន​ជំនឿ​ចិត្ត​ចំពោះ​គណៈកម្មាធិការ​ជាតិ​មួយ​នេះ អាច​ដោយសារ​ពួកគេ​មិន​ទាន់​យល់​ច្បាស់​ប៉ុណ្ណោះ៖ «យើង​ធ្វើ​ហ្នឹង​ដើម្បី​ឱ្យ​មាន​ទំនុក​ចិត្ត ព្រោះ​នៅ​ក្នុង​ស្មារតី​ប្រជុំ​របស់​សមាជិក​គណៈកម្មាធិការ គឺ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ណាស់»

​មន្ត្រី​នាំ​ពាក្យ​ដដែល​បន្ថែម​ថា ស្រប​ពេល​សមត្ថកិច្ច​កំពុង​បំពេញ​ការងារ ពលរដ្ឋ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​ត្រូវ​ចូលរួម​សហការ​ផ្ដល់​ព័ត៌មាន​ចំពោះ​បទល្មើស​ឈើ​ទាំង​ឡាយ​មក​គណៈកម្មាធិការ​ជាតិ​មួយ​នេះ។ លោក​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​នឹង​មាន​ទំនុក​ចិត្ត​លើ​រាជរដ្ឋាភិបាល​នៅ​ពេល​ណា​អាជ្ញាធរ​បញ្ចេញ​លទ្ធផល​ការងារ​របស់​ខ្លួន​ជា​ផ្លូវការ បន្ទាប់​គណៈកម្មាធិការ​មួយ​នេះ​បញ្ចប់​ការ​ស៊ើប​អង្កេត។

​យ៉ាង​ណា​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល នៅ​រង់​ចាំ​មើល​រឿង​នេះ​បន្ត​ទៀត ថា​តើ​មាន​ប្រសិទ្ធភាព​កម្រិត​ណា? មិន​តែ​ប៉ុណ្ណោះ សង្គម​ស៊ីវិល​ធ្វើការ​ងារ​រឿង​ព្រៃឈើ ក៏​ត្រៀម​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ជុំវិញ​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ​ប្រមាណ ៣​ពាន់​នាក់ ក្នុង​ពេល​ឆាប់ៗ។ ក្នុង​នោះ មាន​ទាំង​មន្ត្រី​មាន​អំណាច​ធំៗ មេ​ទាហាន មន្ត្រី​កងរាជអាវុធហត្ថ និង​អ្នក​មាន​បុណ្យស័ក្ដិ​ក្រាស់ៗ​ជាដើម។

​ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ការ​ចុះ​ត្រួត​ពិនិត្យ​កន្លែង​ស្តុក​ឈើ រួម​មាន​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ក្រចេះ ស្ទឹងត្រែង ដោយ​រក​ឃើញ​កំណាត់ឈើ​រាប់ពាន់​ដុំ និង​រាប់​រយ​ដើម ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​មួយ​នេះ នៅ​មិន​ទាន់​បង្ហាញ​ពី​របាយការណ៍ និង​អ្នក​ពាក់ព័ន្ធ​ឈើ​ទាំង​នោះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។