ប្លែកៗ! ប្លន់ក្របី២០ ក្បាលនៅ ស្រុកសន្ទុក

ភ្នំពេញ៖ នេះជារឿងកម្របំផុត ដែលមានករណីប្លន់ក្របី របស់អ្នកភូមិ ចំនួន២០ក្បាល នៅភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅវេលាម៉ោង៨ យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

អ្នកស្រី យុន សន មានផ្ទះនៅជាប់នឹងម្ចាស់ផ្ទះដែលចោរប្លន់ក្របី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២៩ មករា ថា ក្របីដែលត្រូវចោរប្លន់ ទៅសរុបទាំងអស់២០ក្បាល ដែលក្របីទាំងនោះ ជាកម្មសិទ្ធិរបស់លោក តា ហុន និងយាយ ហ៊ន ។

អ្នកស្រី យុន សន បានរៀបរាប់ថា មុនពេលកើតហេតុក្រុមចោរបានចាប់ចង ហើយច្រកក្នុងបាវអ្នកឃ្វាលក្របីចំនួន៤រូប ដែលលោក តា ហុន និងយាយ ហ៊ន បានប្រវាស់ក្របី ទាំងនោះទៅឲ្យគ្រួសារមួយដែលមានទីលំនៅក្នុងភូមិជាមួយគ្នា។

ក្រោយកើតហេតុ ក្រុមចោរបានចាប់គៀងគរ ក្របីចូលទៅក្នុងរថយន្តប្រភេទធុនធំ បានបើករថយន្តចេញទៅមួយសន្ទុះ ក៏ស្រាប់តែរថយន្តនោះខូចតែម្តង ហើយក្របីចំនួន៣ក្បាលមកវិញ។

ប្រភពបានបន្តទៀតថា “ ករណីប្លន់ក្របីនេះ គឺក្រុមចោរបានចាប់ចងអ្នក ឃ្វាលក្របីមួយគ្រួសារមានគ្នា៤នាក់នោះ ដោយញាត់មាត់និងគំរាមមិនឲ្យស្រែកឆោឡោ រួចគៀងក្របីយកទៅទាំងអស់ ហើយពេលចេញទៅបានបន្តិចរថយន្តនោះខូច ហើយក្រុមចោរបានប្តូរក្របីដាក់រថយន្តមួយផ្សេងទៀត ដោយមានក្របី៣ ក្បាលត្រឡប់មកវិញ” ។

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ មិនទាន់មានតំរុយថា តើក្របីមួយហ្វូងនោះត្រូវលួច យកទៅដល់ទីណានោះទេ គឺអាជ្ញាធរមានសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់ក្របីនេះ៕