តើ «Star Wars 7» ឆ្លង​ការ​ថត​បែប​ណា បើ​គ្មាន​«effets»?

ដើម្បីដឹងថា តើភាពយន្ដ«សង្គ្រាមផ្កាយ វគ្គ៧» ដែលកំពុងបញ្ចាំងនៅតាមរោងភាពយន្ដ ក្នុងពិភពលោក​នៅ​ឡើយ​នោះ មាន​ការ​កាត់ត​បញ្ចូល និងបន្ថែមរូបភាព រួមនឹង «effet» បែបណានោះ សូមចំណាយត្រឹម​តែ​១០នាទី ដើម្បី​ទស្សនា​វីដេអូ​ខាង​ក្រោម។
បច្ចេកទេសថត និងកាត់ត បន្ថែមបន្ថយ នៅក្នុងភាពយន្ដ «សង្គ្រាមផ្កាយ វគ្គ៧»។

ការកាត់តរូបភាព បញ្ចេញបញ្ចូលដ៏ពិសេស ឬហៅថា «Special effets» នៅក្នុងភាពយន្ដ «សង្គ្រាមផ្កាយ វគ្គ៧» ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» ត្រូវបានទម្លាយចេញមកឲ្យដឹង នៅក្នុង​គណកម្មការ​វាយតម្លៃ នៃការប្រឡងប្រណាំងភាពយន្ដ ឈ្មោះ «Oscars» របស់ហូលីវូដ នៅអាមេរិក មុន​នឹង​ភាពយន្ដ​នេះ ត្រូវបានបញ្ចូលមក ក្នុងបញ្ជីសម្រាប់ភាពយន្ដ ដែលមានសមត្ថភាពទទួលបាន ពាន«Oscars»។

ប្រសិនជាសមិទ្ធិករ «Jeffrey Jacob Abrams» ដែលដឹកនាំភាពយន្ដនេះ មិនចូលចិត្តធ្វើភាពយន្ដ ដែល​សម្បូរ​ដោយ​ការបន្ថែមបន្ថយ ជាមួយនឹង«effets»ក៏ដោយ តែវីដេអូខាងលើនេះ នៅតែបង្ហាញពីបច្ចេកទេស ដ៏អស្ចារ្យ នៃការ​រៀបចំ​ថត និងការដាក់បញ្ចេញបញ្ចូល នូវរូបភាពដ៏ពិសេសៗ មិនគួរឲ្យជឿបាន។ បច្ចេកទេស​បន្ថែម​បន្ថយ​នេះ ត្រូវបានធ្វើឡើង ដោយ «Industrial Light & Magic studio»។

វីដេអូ១០នាទីខាងលើ ត្រូវបានបង្ហោះ នៅលើគណនីផ្លូវការ របស់គណៈកម្មការ «Oscars» ក្នុងគេហទំព័រ «Youtube» ប៉ុន្តែត្រូវបានលប់ចេញទៅវិញ នៅពេលបន្ដិចក្រោយមក។ តែហួសពេលហើយ ព្រោះការ​ទម្លាយ​នេះ ត្រូវបានចម្លងយកទៅផ្សាយ ជាបន្តបន្ទាប់ នៅពាសពេញពិភពលោក រួចអស់ទៅហើយ៕