សហគមន៍​ជាង​២០០​គ្រួសារ​ទាមទារ​ដំណោះស្រាយ​ផល​ប៉ះពាល់​ដី​នៅ​ជ្រោយចង្វារ

ប្រជា​សហគមន៍ ២៤៤​គ្រួសារ នៅ​សហគមន៍​គៀនឃ្លាំង ស្នើ​អាជ្ញាធរ​ផ្ដល់​ដំណោះស្រាយ​សមរម្យ​លើ​គម្រោង​អភិវឌ្ឍន៍​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦អា។ តំណាង​ប្រជា​សហគមន៍​លើក​ឡើង​ថា សំណង​ដែល​អាជ្ញាធរ​គ្រោង​នឹង​ផ្ដល់​ឲ្យ​មិន​សមស្រប​តាម​តម្លៃ​ទីផ្សារ​នោះ​ទេ។ សហគមន៍​នេះ​ប្ដេជ្ញា​ថា នឹង​បន្ត​តស៊ូ​មតិ​ដល់​ទី​ចុងក្រោយ ប្រសិនបើ​អាជ្ញាធរ​មិន​អាច​ផ្ដល់​ដំណោះស្រាយ​បាន​ទេ។ សង្គម​ស៊ីវិល មើល​ឃើញ​ថា អាជ្ញាធរ​គួរ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​សមរម្យ ដើម្បី​ជួយ​ស្តារ​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ឡើង​វិញ។ យ៉ាង​ណា សំណើ​នេះ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ។

តំណាង​ប្រជា​សហគមន៍ លោក ជា សុផាត ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ស្នើ​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​អភិវឌ្ឍ អូ.ស៊ី.អាយ.ស៊ី (OCIC) បើក​បេះដូង​ឲ្យ​ទូលាយ ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ ដំណោះស្រាយ​ដែល​សហគមន៍​លោក​ចង់​បាន គឺ​សុំ​ឲ្យ​មាន​គម្លាត ១៥០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ និង​សុំ​ឲ្យ​ផ្ដល់​សំណង​ថ្លៃ​ដីធ្លី​ដែល​ប៉ះពាល់​ចំនួន ៤០០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ៖ «»។

​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​លើ​បណ្ដោយ​ផ្លូវជាតិ​៦អា។ គម្រោង​នេះ គេ​នឹង​ត្រូវ​ពង្រីក​ផ្លូវ ១០០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​ជាតិ​៦អា។ ប្រជាពលរដ្ឋ​ថា បើ​ឈូស​ឆាយ​តាម​គម្លាត​នេះ នឹង​ប៉ះពាល់​ដល់​លំនៅឋាន​ពួកគាត់ ហើយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បាន​បូម​ភក់​ខ្សាច់​ដាក់​លើ​លំនៅឋាន ដីស្រែ និង​ដីចម្ការ ដោយ​សន្យា​ចេញថ្លៃ​សំណង ១៥​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​ដូរ​យក​ផ្ទះ​មួយ​ល្វែង​ទំហំ ៤​ម៉ែត្រ គុណ ១៤​ម៉ែត្រ និង​តូប​លក់ដូរ​ក្នុង​បរិវេណ​ទីតាំង​អភិវឌ្ឍន៍ ឬ​ផ្ដល់​ដី ១០​ភាគរយ ក្នុង​ចំណោម​ដី​ទាំង​អស់​មក​ម្ចាស់​ដើម​វិញ។

កាល​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​២៧ មករា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បាន​យក​គ្រឿងចក្រ ៥​គ្រឿង ដោយ​មាន​កម្លាំង​សន្តិសុខ ៣០​នាក់ ទៅ​ឈូស​ឆាយ​ដី​លំនៅឋាន​ប្រជាជន​ស្ថិត​ភូមិ​គៀនឃ្លាំង សង្កាត់​ជ្រោយចង្វារ និង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​លំនៅឋាន​ដែល​មាន​កាន់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។

លោក ជា សុផាត ប្រកាស​ថា ប្រសិនបើ​អាជ្ញាធរ និង​ក្រុមហ៊ុន មិន​អាច​ផ្ដល់​ដំណោះស្រាយ​សមរម្យ​ទេ សហគមន៍​របស់​លោក​នឹង​ប្ដេជ្ញា​បន្ត​តស៊ូ​មតិ​ដល់​ទី​បំផុត។ លោក​សង្កេត​ឃើញ​ថា ដំណើរការ​អភិវឌ្ឍ​នៅ​កម្ពុជា ខុសប្លែក​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត៖ «»។

នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ វាយ​តម្លៃ​ថា អាជ្ញាធរ​និង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី កំពុង​បំពាន​លើ​ច្បាប់​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ដូចជា​រដ្ឋធម្មនុញ្ញ ច្បាប់​ភូមិបាល ច្បាប់​អស្សាមិករណ៍ និង​សារាចរ​លេខ ០០៣ ជាដើម។

​លោក​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​ចេញ​មុខ​ដោះស្រាយ​រក​សំណង​សមរម្យ​ជូន​ពលរដ្ឋ។ លោក​បន្ត​ថា វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល ហើយ​ប្រសិនបើ​អាច​ដោះស្រាយ​បាន គឺ​អាច​ស្ដារ​ប្រជាប្រិយភាព​ឡើង​វិញ​បាន​មុន​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ មក​ដល់៖ «»។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ មករា បាន​ទេ។

​នៅ​ខែ​កញ្ញា ឆ្នាំ​២០១១ សាលា​រាជធានី​ភ្នំពេញ យល់​ព្រម​ចុះ​កិច្ចសន្យាជួល​ដី​ឲ្យ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ចំនួន ៣៨៧​ហិកតារ ដើម្បី​អភិវឌ្ឍ​រយៈពេល ៩៩​ឆ្នាំ ក្រោម​តម្លៃ​ជួល ០,៣៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។