ក្រុមហ៊ុន​រ៉ូយ៉ាល់​ហ្គ្រុប​យល់​ព្រម​រុះរើ​​សំណង់​ផែ​កប៉ាល់​​ចេញ​ពី​តំបន់​ឆ្នេរ​អូរត្រេះ

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា  បើ​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group) ដើម្បី​ស្វែង​រក​ទីតាំង​ថ្មី​សម្រាប់​សង់​ផែ​ថ្ម​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ ហ្គ្រុប ទៅ​កាន់​ទីតាំង​ផ្សេង​ពី​ឆ្នេរ​អូរ ត្រេះ។

​តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប ឲ្យ​ដឹង​ថា មិន​ជំទាស់​នឹង​ផែនការ​អភិវឌ្ឍ​ឆ្នេរ​នោះ​ទេ ហើយ​សន្យា​ថា នឹង​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ឆ្នេរ​អូរត្រេះ ជា​ឆ្នេរ​គំរូ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ខេត្ត​ព្រះសីហនុ។

​តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប លោក​ឧកញ៉ា ឈុន ប៊ុនថា មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ជាមួយ​តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ ហ្គ្រុប នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែ​មករា បាន​សម្រេច​ជ្រើសរើស​ទីតាំង​ផ្សេង​ពី​ឆ្នេរ​អូរត្រេះ សម្រាប់​សង់​ផែ​ទូក ឬ​កប៉ាល់ របស់​ក្រុមហ៊ុន​ជំនួស​វិញ។ ក្នុង​នោះ​ក្រុមហ៊ុន​បាន​ស្នើ​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជា​បណ្ដោះអាសន្ន សម្រាប់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​កោះរុង។ ប៉ុន្តែ​លោក​ថា ករណី​នេះ​ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច​ពី​រាជរដ្ឋាភិបាល៖ «»។

​ទាក់ទិន​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ដែនដី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា លោក ប៉ែន សុផល បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​កិច្ចប្រជុំ​ថា នឹង​ដាក់​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ជូន​រដ្ឋាភិបាល​ជា​អ្នក​សម្រេច​ចុង​ក្រោយ​ក្នុង​ការ​រក​ទីតាំង​សង់​ផែ​ថ្មី​ជូន​ក្រុមហ៊ុន​រ៉ូយ៉ាល់ ហ្គ្រុប សម្រាប់​បម្រើ​ដល់​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ​នៅ​លើ​កោះរុង៖ «»។

លោក ប៉ែន សុផល បន្ត​ថា ក្រុមហ៊ុន​រ៉ូយ៉ាល់ ហ្គ្រុប បាន​គាំទ្រ​គោលការណ៍ ឬ​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ឲ្យ​ស្របតាម​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​​ខេត្ត​ព្រះសីហនុ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

​យ៉ាងណា​ក៏ដោយ​ចុះ លោក ប៉ែន សុផល មិន​បាន​បញ្ជាក់​ថា តើ​នៅ​ពេល​ណា ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប នឹង​រុះរើ​សំណង់​ផែ​ថ្ម​របស់​ខ្លួន​ចេញ​ពី​ឆ្នេរ​អូរត្រេះ ឬ​បែប​ណា​នោះ​ទេ ទោះ​បី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ឆ្នេរ​សមុទ្រ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នេះ​រុះរើ​សំណង់​ផែ​ថ្ម​ចេញ​ពី​ឆ្នេរ​អូរត្រេះ និង​សំអាត​ឆ្នេរ​នេះ​ឲ្យ​ទៅ​សភាព​ដើម​វិញ​បែប​ណា​ក្ដី។

​ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បង្ហាញ​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​ផ្អាក​សកម្មភាព​សង់​ផែ​ទូក ឬ​កប៉ាល់ របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ ហ្គ្រុប ទាំង​នៅ​លើ​ឆ្នេរ​អូរត្រេះ និង​កំពុង​រស់​នៅ​លើ​កោះរុង ព្រោះ​សកម្មភាព​សង់​ផែ​នៅ​លើ​កោះរុង ក្រុមហ៊ុន​នេះ​បាន​ដឹក​ថ្ម​ធំៗ​ចាក់​ចូល​ទៅ​ឆ្នេរ​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​កោះរុង ធ្ងន់ធ្ងរ៖ «»។

​ចំណែក​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ីអិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ដែល​បាន​ចុះ​ដល់​ទី​តាំង​ឆ្នេរ​អូរត្រេះ ដែល​ក្រុមហ៊ុន​រ៉ូយ៉ាល់ ហ្គ្រុប សង់​ផែ​ថ្ម នៅ​ថ្ងៃ​ទី​២៩ ខែ​មករា។ លោក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​បាន​ផ្អាក​ការ​សាងសង់​សំណង់​ផែ​ថ្ម​របស់​ខ្លួន​ជា​បណ្ដោះអាសន្ន​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​រុះរើ​សំណង់​ផែ​ថ្ម​ចេញ​ពី​ឆ្នេរ​អូរត្រេះ ឲ្យ​មក​សភាព​ដើម​វិញ​ទេ៖ «»។

​យ៉ាង​ណា​ក៏ដោយ​ចុះ តាម​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦ ផ្ញើ​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រាជរដ្ឋាភិបាល បាន​ឯកភាព​លើ​ស្មារតី​នៃ​អង្គប្រជុំ ៥​ចំណុច ដើម្បី​ឈាន​ដល់​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ដូចជា ករណី​បឹង​ព្រែកទប់ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ គឺ​ត្រូវ​ដាក់​បឹង​នេះ​ជា​តំបន់​អភិរក្ស​ដោយ​ព្រះរាជក្រឹត្យ។ ចំណែក​ឆ្នេរ​ឯករាជ្យ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ វិញ​ត្រូវ​អភិវឌ្ឍ និង​អភិរក្ស​សម្រាប់​សាធារណជន​លំហែ និង​កម្សាន្ត​ឲ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ដោយ​នៅ​ចំពោះ​មុខ​តម្រូវ​ឲ្យ​ធ្វើ​ការ​រុះ​របាំង របង និង​រៀបចំ​កែសម្រួល​ឲ្យ​សាធារណជន​អាច​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​ឆ្នេរ​ខ្សាច់​​នៅ​ក្នុង​តំបន់​ឆ្នេរ​នេះ។

លិខិត​រដ្ឋាភិបាល​សង្កត់​ធ្ងន់​ថា ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​នៃ​ស្ថានភាព​បច្ចុប្បន្ន​នេះ នៅ​ឆ្នេរ​ឯករាជ្យ គឺ​ឃើញ​មាន​របាំង​រារាំង​មិន​អាច​ឲ្យ​សាធារណជន​ចូល​ទៅ​លំហែ និង​កម្សាន្ត​តំបន់​ឆ្នេរ​ខ្សាច់​បាន​ទូលំទូលាយ​ទេ។

​ចំពោះ​ឆ្នេរ​អូរត្រេះ មាន​ទីតាំង​ក្នុង​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ វិញ ត្រូវ​សិក្សា​អំពី​វិធានការ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​តាម​ដី​ចំណី​ឆ្នេរ និង​ចាប់​ផ្ដើម​ធ្វើការ​អប់រំ និង​ផ្សព្វផ្សាយ ព្រមទាំង​កំណត់​ពេល​វេលា និង​កិច្ចសន្យា​ច្បាស់លាស់​ជាមួយ​អាជីវករ និង​អ្នក​មាន​ទីតាំង​នៅ​តំបន់​នេះ ឲ្យ​រុះរើ​សំណង់​ទាំង​នោះ​ចេញ ដើម្បី​រៀបចំ​ជា​ឆ្នេរ​គំរូ​សាធារណៈ​សម្រាប់​បម្រើ​សេវា​កម្ម​ទេសចរណ៍ និង​ការ​លំហែ ឬ​ការកម្សាន្ត ឲ្យ​សក្ដិ​សមជា​ឆ្នេរ​គំរូ ព្រមទាំង​សិក្សា​កំណត់​ឲ្យ​មាន​អ្នក​អភិវឌ្ឍ​តំបន់​ឆ្នេរ​អូរត្រេះ ឬ​អ្នក​គ្រប់គ្រង ដើម្បី​ធានា​ការ​គ្រប់គ្រង​ឆ្នេរ​ឲ្យ​មាន​និរន្តរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។