ស្ថាប័ន​ពីរ​បន្ថែមទៀត សន្យា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៥​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាមួយ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាមួយ​ក្រុមហ៊ុន​តា​តា​អ៊ិន​ធើ​ណេ​សិ​នណល​/​តា​តា​សៅ​ស៍​អ៊ី​ស​ថ៍ អេ​ស៊ា​(​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​។​

​ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ  បាន​មានប្រសាសន៍ថា ការចុះ​MOU​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង និង​ប្តេជ្ញាចិត្ត គាំទ្រ ជំរុញ និង​អនុវត្ត​នូវ​គោលនយោបាយ​កំណែទម្រង់ ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ទាំង​ក្នុង​វិស័យ​ឯកជន និង​សាធារណៈ សំដៅ​ធានា​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុង​ការប្រកប​ធុរកិច្ច និង​ផ្តល់​សេវាសាធារណៈ ក្នុង​គោលបំណង​លើកស្ទួយ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា និង​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នោះដែរ តំណាង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង​ក្រុមហ៊ុន​តា​តា​អ៊ិន​ធើ​ណេ​សិ​នណល​/​តា​តា​សៅ​ស៍​អ៊ី​ស​ថ៍ អេ​ស៊ា​(​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បាន​ប្តេជ្ញា​ធ្វើជា​ស្ថាប័ន​ស្អាតស្អំ កសាង​នូវ​វប្បធម៌​តម្លាភាព គោរព​ច្បាប់​កម្ពុជា បដិសេធ​រាល់​អំពើពុករលួយ អប់រំ​មិន​ឲ្យ​មានការ​សូកប៉ាន់​នៅពេល​ទំនាក់ទំនង​ជាមួយនឹង​មន្ត្រីរាជការ អ្នកផ្គត់ផ្គង់ អតិថិជន អង្គភាព ឬ​បុគ្គល​ដទៃ ចាត់វិធានការ​ប្រុងប្រយ័ត្ន​ជាមុន​នានា ផ្តល់ព័ត៌មាន​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​បញ្ហា​ប្រឈម​ដែល​ខ្លួន​មាន ជាពិសេស​ឈាន​មុន​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ប្រកបដោយ​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់ថា គិត​មកដល់​ថ្ងៃនេះ មាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ សភាពាណិជ្ជកម្ម គ្រឹះស្ថានសាធារណៈ​ចំនួន​២២ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា នៃ​ធនាគារជាតិ​ផងដែរ​៕​

ស្ថាប័ន​ពីរ​បន្ថែមទៀត សន្យា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ

ស្ថាប័ន​ពីរ​បន្ថែមទៀត សន្យា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ

ស្ថាប័ន​ពីរ​បន្ថែមទៀត សន្យា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ