​ហេតុអ្វី​ក្រុង​ប៉េកាំង​ភ័យព្រួយ ក្រោយ​ការប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​វៀតណាម​និង​ឡាវ​?

​គ្រាន់តែ​ចប់​សមាជ​បក្ស​នៅ​វៀតណាម​និង​ឡាវ​ភ្លាម ប្រធានាធិបតី​លោក ស៊ី ជិន​ពីង បាន​បញ្ជូន​បេសកជន​របស់ខ្លួន​មក​វៀតណាម​និង​ឡាវ​ដើម្បី​ជជែក​ពី​ការពង្រឹង​ចំណងមិត្តភាព​ទៅមុខទៀត​។  លោក ស៊ី ជិន​ពីង​បាន​ផ្ញើ​សារ​សាទរ​ទៅ​លោក ង្វៀង ភូ​ជុង និង​អនុ​ប្រធានាធិបតី​ឡាវ​លោក Bounnhang Vorachit ផ្ទាល់​ព្រោះ​អ្នក​ទាំងពីរ​បាន​តំណែង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​។ ចិន​ទំនង​ភ័យ​បារម្ភ​ដែរ​នៅពេល​មានការ​ផ្លាស់ប្តូរ​សមាស​ភាព​ដឹកនាំ ហើយ​ឥទ្ធិពល​អាមេរិក​ក៏​កើនឡើង​នៅក្នុង​តំបន់​ទៀត​។​

​ក្រោយ​វៀតណាម និង​ឡាវ​បង្ហាញ​សមាសភាព​មេដឹកនាំ​ថ្មី ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង បាន​ផ្ញើ​សារ​ទៅកាន់​ប្រទេស​ទាំងពីរ​ដើម្បី​សាទរ​លោក ង្វៀង ភូ​ជុង និង​អនុ​ប្រធានាធិបតី​ឡាវ​លោក Bounnhang Vorachit ក្នុងឱកាស​ដែល​អ្នក​ទាំងពីរ​ត្រូវបាន​សមាជិក​បក្ស​បោះឆ្នោត​ឲ្យ​បន្ត​កាន់តំណែង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ទៀត​។

​ក្រៅពី​ផ្ញើ​សារ​សាទរ លោក​ស៊ី ជិន​ពីង ក៏បាន​បញ្ជូន​បេស​ជន​ពិសេស​លោក Song Tao ទៅកាន់​ប្រទេស​វៀតណាម និង​ទៅកាន់​ប្រទេស​ឡាវ​ផងដែរ ដើម្បី​បង្ហាញ​ភាព​រាក់ទាក់​និង​បំណង​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ឡាវ​និង​វៀតណាម​។  លោក ស៊ី ជិន​ពីង បាន​កោតសរសើរ​បណ្តា​មេដឹកនាំ​បក្ស​ទាំងពីរ​ដែល​បានសម្រេច​ចេញ​សមិទ្ធផល​ជាច្រើន​។ ទាំង​ប្រជាជន​ឡាវ​និង​វៀតណាម​ស្គាល់​ជីវភាព​រស់នៅ​ល្អប្រសើរ ស្គាល់​ការអភិវឌ្ឍ​រហ័ស និង​ស្ថិរភាព​នយោបាយ​និង​សេដ្ឋកិច្ច​ជាដើម​។ ហើយ​លោក ស៊ី ជិន​ពីង ក៏​រំពឹងថា ការអភិវឌ្ឍ និង​ស្ថិរភាព​នឹង​បន្ត​កើតមាន​ទៅមុខទៀត​ក្រោម​ក្បាល​ម៉ា​ស៊ី​ដឹកនាំ​ថ្មី​នេះ​ស្របតាម​មាគ៌ា​សង្គមនិយម​ដែរ​។ តែ​តាមពិតទៅ​ការផ្លាស់ប្តូរ​សមាសភាព​មេដឹកនាំ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​រដ្ឋ​វៀតណាម​និង​ឡាវ ក៏​ជា​ក្តីបារម្ភ របស់​ក្រុង​ប៉េកាំង​ផងដែរ​។ អ្នកនយោបាយ​មាន​និន្នាការ​កែទម្រង់​និង​ចង់​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន បរាជ័យ​ក្នុងការ​ដណ្តើម​តំណែង​អគ្គលេខា​ង​បក្ស​នៅ​វៀតណាម ហើយ​ក្រុម​អ្នកនយោបាយ​គាំទ្រ​ចិន​នៅ​ឡាវ ត្រូវគេ​ដកចេញ​ពី​ការិយាល័យ​នយោបាយ​ទៀត​។​

១. ចិន​កាន់តែ​បារម្ភ​ពី​ឥទ្ធិពល​អាមេរិក ពេល​វៀតណាម​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​
​តាមពិតទៅ ចិន​និង​វៀតណាម​ក្រៅពី​ដើរ​តាម​របប​សង្គមនិយម​ដូចគ្នា ប្រទេស​ទាំងពីរ​ក៏មាន​ព្រំដែន​ជាប់​គ្នា​និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខាង​ផ្នែក​ពាណិជ្ជកម្ម ផងដែរ​។ ប៉ុន្តែ​បញ្ហា​ប្រវត្តិសាស្ត្រ​និង​បញ្ហា​ជម្លោះ​ដែនទឹក​នៅតែ​ជា​ឧបសគ្គ​នៃ​ការលើកស្ទួយ​ទំនាក់ទំនង​ភាគី​ទាំងពីរ​ផង​។ ចិន​ឈ្លានពាន​វៀតណាម​ឆ្នាំ​១៩៧៩ ក្រោយ​វៀតណាម​ផ្តួលរំលំ​របប​ប៉ុលពត​ជា​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ជូរចត់​មួយ​។  ហើយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក៏បង្ក​ឲ្យ​ប្រទេស​ទាំងពីរ​ប្រឈមមុខគ្នា​ខ្លាំង​និង​ល្អក់​ករក​មិនតិច​ដែរ​។  ជា​ឧទាហរណ៍ ប្រជាជន​វៀតណាម​វាយកម្ទេច​រោងចក្រ​ចិន​នៅ​វៀតណាម ដោយសារតែ​ស្មារតី​ជាតិនិយម​ឆាបឆេះ​ខ្លាំង​ព្រោះ​ចិន​តំឡើង​ឧបករណ៍​បូម​ប្រេង​ក្នុង​តំបន់​ជម្លោះ​កាលពី​ឆ្នាំ ២០១៤​។

​ហើយ​ដោយសារ​ជម្លោះ​នេះ វៀតណាម​បាន​ងាក​ទៅរក​ខ្នងបង្អែក​ដូចជា​អាមេរិក និង​ជប៉ុន ដើម្បី​ទប់ទល់​មហាអំណាច​ជិតខាង​ខ្លួន​នេះ​។  ប៉ុន្តែ​កាលពី​ចុង​ឆ្នាំមុន​ប្រធានាធិបតី​ចិន​បានមក​ទស្សនកិច្ច​នៅ​វៀតណាម ដោយ​ជួប​ជជែក​ជាមួយ​បណ្តា​មេដឹកនាំ​វៀតណាម​ផង​។ វត្តមាន​លោក​ស៊ី ជិន​ពីង នៅ​វៀតណាម​ជា​សញ្ញា​មួយ​បញ្ជាក់ថា​ចិន​ព្យាយាម​ពង្រឹង​ចំណង​ការទូត​ជា​វៀតណាម​វិញ​ខណៈដែល​ក្រុង​វ៉ាស៊ីនតោន​កំពុងតែ​បង្កើន​ឥទ្ធិពល​ក្នុង​តំបន់​និង​ទាក់ទាញ​ភាគី​ជម្លោះ​ជាមួយ​ចិន​ថែមទៀត​នោះ​។ ហើយ​ចិន​ក៏​មើលឃើញ​ពី​បញ្ហា​ប្រឈម នៅពេលដែល​វៀតណាម​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ផងដែរ ព្រោះ​ក្នុង​ជួរ​ដឹកនាំ​អ្នកនយោបាយ​មកពី​វៀតណាម​ខាងជើង​តែង​ក្តាប់​តំណែង​កំពូលៗ​ក្នុង​បក្ស​និង​រដ្ឋាភិបាល ហើយ​ក្រុម​នេះ​មាន​និន្នាការ​ប្រឆាំង​ចិន​ផង​។ តែ​និយាយ​ទៅ មាន​អ្នកនយោបាយ​ខ្លះ​គាំទ្រ​ចិន និង​ខ្លះទៀត​ទ្រ​អាមេរិក​។​

​ប៉ុន្តែ​ការបរាជ័យ​ក្នុងការ​ដណ្តើមយក​តំណែង​អគ្គលេខាធិការ​បក្ស​រប​ស់​អ្នកនយោបាយ​មកពី​ភាគខាងត្បូង​លោក ង្វៀង តាន់​ស៊ុ​ង ជា​រឿង​ដែល​ធ្វើ​ឲ្យ​ចិន​បារម្ភ​បំផុត​។ លោក តាន់ ស៊ុ​ង មាន​ទំនោរ​ទៅរក​ចិន​ដែរ ព្រោះ​អ្នកនយោបាយ​រូបនេះ​ចង់​ឲ្យ​រក្សា​ដំណើរ​សមាហរណកម្ម​សេដ្ឋកិច្ច​និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ជាពិសេស​ចិន​តែម្តង​។ ប៉ុន្តែ​ពេលនេះ លោក​ចូល​និវត្ត ហើយ​តំណែង​សំខាន់ៗ​បាន​ទៅលើ​អ្នកនយោបាយ​មាន​និន្នាការ​អភិរក្ស មាន​ទំនោរ​ប្រឆាំង​ចិន​ដោយ​យក​អាមេរិក​ជា​ខ្នងបង្អែក​។  ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​លោក ង្វៀង ភូ​ជុង បន្ត​អណ​ត្តិ​លេខាធិការ​បក្ស​បង្ហាញ​កាន់តែច្បាស់​ថា នយោបាយ​វៀតណាម​ចំពោះ​ចិន​នឹង​ប្រែប្រួល​។

​ដូច​ឃើញស្រាប់​ហើយ កាលពី​ឆ្នាំមុន លោក ង្វៀង ភូ​ជុង បាន​អញ្ជើញ​ទៅ​សហរដ្ឋអាមេរិក​និង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​ដើម្បី​ជជែក​ពី​ទំនាក់ទំនង​វៀតណាម​និង​អាមេរិក​ក្រោយ​ភ្ជាប់​ទំនាក់ទំនង​ការទូត ២០​ឆ្នាំ​មកហើយ​នោះ​។   នៅ​ខែឧសភា​ខាងមុខនេះ​ទៀត វៀតណាម​នឹង​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​គេ​វាយតម្លៃថា គោលដៅ​នៃ​ទស្សនកិច្ច​គឺ​ការកសាង​ទំនាក់ទំនង​ទ្វេភាគី រវាង​អាមេរិក​និង​វៀតណាម និង​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុង​ខែឧសភា​នេះដែរ វៀតណាម​នឹង​ចាប់ផ្តើម​បង្កើត​សភា​ថ្មី​និតិ​កាល​ទី​១៤ និង​ក្រុមប្រឹក្សា​ប្រជាជន ហើយ​ប្រធានាធិបតី​ថ្មី​ចូលកាន់​តំណែង និង​មានការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ជា​បន្តបន្ទាប់​ផង​។

​ជារួម​នៅពេល​ខាងមុខ ក្រៅពីរ​ត់រក​ខ្នងបង្អែក វៀតណាម​នឹង​បន្ត​នាំចូល​អាវុធ និង​កសាង​សមត្ថភាព​យោធា​ដើម្បី​ធានា​ការពារ​អធិបតេយ្យ​របស់ខ្លួន និង​ដើម្បី​ទប់ទល់​ជាមួយ​ចិន​។ វៀតណាម​ចំណាយលុយ​រាប់ពាន់​លាន​ទិញ​នាវាមុជទឹក និង​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី បន្ត​ចំណាយលុយ​ស្រាវជ្រាវ​ផលិត​អាវុធ​ដូចជា​នាវាចម្បាំង​ក្នុងស្រុក និង​យន្តហោះ​ល្បាត និង​យន្តហោះ​ស៊ើបការណ៍​ជាដើម​។​

 ១.​ឥទ្ធិពល​នយោបាយ​វៀតណាម ឬ​ឥទ្ធិពល​សេដ្ឋកិច្ច​ចិន​ថយចុះ ពេល​ឡាវ​ប្តូរ​សមាសភាព​ដឹកនាំ ?
​ចំណែក​សមាជ​បក្ស​និង​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​នៅ​ឡាវ​ក៏​ជា​រឿង​បញ្ហា​ថ្មី​សម្រាប់​ចិន​ដែរ​។ យោងតាម The Strait Times ក្រោយ​ការបិទ​បញ្ចប់​សមាជ​បក្ស គេ​ឃើញ​មានការ​ផ្លាស់ សមាសភាព​សំខាន់ៗ​ក្នុង​ការិយាល័យ​នយោបាយ​សមាជិក ១១​នាក់ ដោយ​ដកចេញ​អ្នកនយោបាយ​មាន​និន្នាការ​ទៅរក​ចិន​។ ការដក​អ្នកគាំទ្រ​ចិន មិនមែនជា​រឿង​សាមញ្ញ​ពេក​ទេ ព្រោះ​វា​បញ្ជាក់ថា​ឥទ្ធិពល​នយោបាយ​វៀតណាម​លើ​ឡាវ​នៅតែ​ខ្លាំង​។​

  វៀតណាម​និង​ឡាវ​ក្រៅពី​ជា​មិត្ត​ជិតខាង និង​មាន​ប្រព័ន្ធ​នយោបាយ​ដូចគ្នា  វៀតណាម​និង​ឡាវ​បាន​សាង​ចំណងមិត្តភាព​ស្អិតល្មួត​តាំងពី​អំឡុង​សង្គ្រាម​ឥណ្ឌូចិន​មកម្ល៉េះ​។ ហើយ​បក្ស​កុម្មុយនីស្ត​ទាំងពីរ​បន្ត​រឹតបន្តឹង​ទំនាក់ទំនង និង​ការសហការ​ទ្វេភាគី​រហូតមក ប៉ុន្តែ​ដោយសារ​វៀតណាម​មានអំណាច​ជាង ឡាវ​ហាក់ដូចជា​រណប​វៀតណាម​ខ្លាំង​ដែរ​កន្លងមក​។​

​និយាយ​ទៅ ឥទ្ធិពល​សេដ្ឋកិច្ច​ចិន​កើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស​ឡាវ ប៉ុន្តែ​គេ​នៅតែ​មើលឃើញថា ឥទ្ធិពល​នយោបាយ​រប​ស់​វៀតណាម​នៅលើ​របប​ដឹកនាំ​ក្រុង​វៀងចន្ទន៍​នៅតែ​ខ្លាំង​។ ក្រុង​ប៉េកាំង​បាន​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ឥទ្ធិពល​វៀតណាម​នៅ​ឡាវ​ចុះខ្សោយ ហើយ​ចិន​បាន​ចំណាយលុយ​ដាក់ទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​នៅ​ឡាវ​។ ហើយ​ចិន​បន្ត​ផ្តល់ជំនួយ  ហើយ​ទាញ​ឡាវ​ឲ្យ​ចូល​ជា​សមាជិក​ធនាគា​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» របស់ខ្លួន​ផង​។  កន្លងមក ឡាវ​និង​ចិន​បាន​ឯកភាពគ្នា​អនុវត្ត​គម្រោង​សង់​ផ្លូវ​រថភ្លើង​លឿន​ទំហំ ៧​ពាន់​ដុល្លារ ដែល​គម្រោង​នេះ​ស្ថិតក្រោម​ក្របខណ្ឌ​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ចិន​ខាងលើ​ដែរ​។  ដូច្នេះ ទោះ​អ្នកនយោបាយ​ឡាវ​ត្រូវ​រណប​វៀតណាម​ក៏ដោយ ឡាវ​ក៏​មិនអាច​ព្រងើយ​ដាក់​ចិន​បានឡើយ ព្រោះ​ប្រយោជន៍​សេដ្ឋកិច្ច​នេះ​វា​ធំធេង​ណាស់​។

​រឿង​ស្មុគស្មាញ ក្រៅពី​ខ្វល់ខ្វាយ​រឿង​ឥទ្ធិពល​វៀតណាម ក្រុង​ប៉េកាំង​ក៏​ព្រួយបារម្ភ​រឿង​នយោបាយ​អាមេរិក​តម្រង់​មករក​ឡាវ ដែរ​។​ឡាវ​ក្លាយជា​តួអង្គ​សំខាន់​ពេលនេះ​ព្រោះ​ឡាវ​កំពុង​កាន់តំណែង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ផង​។ សប្តាហ៍​នេះ រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​បញ្ជូន​ប្រមុខ​ការទូត​លោក ច​ន ឃែ​រី មកកាន់​ប្រទេស​ឡាវ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រវត្តិសាស្ត្រ «​មរតក​គ្រាប់បែក​អាមេរិក​សម័យ​សង្គ្រាម​វៀតណាម​» និង​ពង្រឹង​ទំនាក់ទំនង​អាមេរិក និង​ឡាវ​ទៅ​ថ្ងៃ​អនាគត​ផង​។ នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​នឹង​មក​ទស្សនកិច្ច​ន​ឡាវ​ទៀត​ចំពេល​មក​ចូលរួម​កិច្ចប្រជុំ​នានា​ក្រោម​ក្របខណ្ឌ​អាស៊ាន​ផង​នោះ​។   អាមេរិក​យល់​ការណ៍ ថា​ឡាវ​អាច​នឹង​លម្អៀង​ទៅរក​ចិន​ជុំវិញ​ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ព្រោះតែ​ឡាវ​បានទទួល​ផលប្រយោជន៍​ច្រើន​ពី​ចិន​អស់​យូរ​ឆ្នាំ​មកហើយ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​