អ្នក​វិភាគ​ស្វាគមន៍​ជំនួប​រវាង​លោក​ហ៊ុន សែន​និង​អ្នក​រត់​ស៊ីក្លូ​បើ​ទោះ​ជា​ប្រជាភិថុតិ‍​ក្តី

អ្នក​វិភាគ​ស្វាគមន៍​ជំនួប​រវាង​លោក​ហ៊ុន សែន​និង​អ្នក​រត់​ស៊ីក្លូ​បើ​ទោះ​ជា​ប្រជាភិថុតិ‍​ក្តី

លោក ម៉ុន ប្រុស អ្នក​រត់​ស៊ីក្លូ​ម្នាក់ដែល​មិន​បាន​ជួប​ជាមួយនឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី២៩ ខែ​មករា ឆ្នាំ​២០១៦។ (ពិន ស៊ីសុវណ្ណា/VOA)លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​មក​ជួប​អ្នក​រត់​ស៊ីក្លូ​២៤​នាក់ នៅ​ក្នុង​សួន​ច្បារ​មុខ​គេហដ្ឋាន​របស់​លោក​នៅ​ជិត​វិមាន​ឯករាជ្យ​នៅ​ថ្ងៃ​សុក្រ​នេះ។ ភ្នំពេញ—

អ្នក​វិភាគ​ខាង​បញ្ហា​សង្គម​ និង​អ្នក​រត់​ស៊ីក្លូ​ស្វាគមន៍​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​រត់​ស៊ីក្លូ​ នៅ​មុខ​គេហដ្ឋាន​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ។ ប៉ុន្តែ ពួក​គេ​ចង់​ឲ្យ​លោក​ធ្វើ​សមាជ​សាធារណៈ​ទ្រង់ទ្រាយ​ធំ ​ដែល​សម​នឹង​តួនាទី​លោក​ជា​នាយក​រដ្ឋមន្ត្រី។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​មក​ជួប​អ្នក​រត់​ស៊ីក្លូ​២៤​នាក់ នៅ​ក្នុង​សួន​ច្បារ​មុខ​គេហដ្ឋាន​របស់​លោក​នៅ​ជិត​វិមាន​ឯករាជ្យ​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​ អ៊ឹម សម្បត្តិ នាយក​ប្រតិបត្តិ​សមាគម​អភិរក្ស​ស៊ីក្លូ​ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ ​បាន​ប្រាប់​ VOAថា​ នៅ​ពេល​អ្នកស៊ី​ដែល​ដឹក​ភ្ញៀវ​ទេសចរ​មក​សម្រាក​នៅ​មុខ​ផ្ទះ​របស់​លោក​ លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​អង្គរក្ស​រៀបចំ​ជំនួប​នេះ​ក្រៅ​ផ្លូវការ។​ លោក​និយាយ​ថា កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១១ លោក​ ហ៊ុន សែន ​ប្រកាស​ឲ្យ​ក្រសួង​ទេសចរ​ជួយ​ដល់​មុខ​របរ​អ្នក​ធ្លាក់​ស៊ីក្លូ។ ​

«មាន​ទីភ្នាក់ងារ​ទេសចរណ៍​ភាគ​ច្រើន​គាត់​ផ្សព្វផ្សាយ​ទៅ​ដល់​ភ្ញៀវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​ជិះ​ស៊ីក្លូ ​អី​អញ្ចឹង​ទៅ​ណា៎។​ អញ្ចឹង​មុខ​របរ​ហ្នឹង​វា​មាន​ការ​រីក​ចម្រើន​ជាង​មុន»។​

​លោក​ សម្បត្តិ ​ឲ្យ​ដឹង​ថា ​ចំនួន​ស៊ីក្លូ​នៅ​កម្ពុជា​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៤១៧​ក្នុង​ឆ្នាំ២០១៥។ ហើយ​ចំនួនអ្នក​រត់​ស៊ីក្លូ​មាន​តែ​១៤០​ ឬ​១៥០​នាក់​ប៉ុណ្ណោះ។ នេះ​ជា​តួលេខ​ខ្ពស់​បំផុត​ ពេល​កសិករ​ទំនេរ​ពី​ការងារ​កសិកម្ម​នៅ​ជនបទ​មក​ប្រកប​មុខ​របរ​នេះ។​

ក្នុង​ជំនួប​នេះ​ដែល​មាន​ការ​បង្ហោះ​រូប​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​លុយ​អ្នក​ស៊ីក្លូ​ដែល​ជួប​លោក​ក្នុង​ម្នាក់ៗ​៤០​ម៉ឺន​រៀល។

លោក​ ម៉ុន ប្រុស​ អ្នក​រត់​ស៊ីក្លូ ដែល​មិន​បាន​ជួប​លោក​ ហ៊ុន សែន​ និយាយ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​គួរ​មាន​ជំនួប​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។

«យើង​ចង់​ជួប ​ព្រោះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ»។

​លោក​ ម៉ុន ប្រុស​ និយាយ​ថា​ លោក​មាន​សំណួរ​ច្រើន​ចង់​សួរ​លោក​នាយក​រដ្ឋមន្ត្រី ជាពិសេស​រឿង​វិន័យ​ និង​ឯកសណ្ឋាន។​

លោក​ កែម ឡី ​អ្នក​ស្រាវជ្រាវ​ និង​ជា​អ្នក​វិភាគ​ឯករាជ្យស្វាគមន៍​ជំនួប​រវាង​លោក​ ហ៊ុន សែន ​និង​អ្នក​រត់​ស៊ីក្លូ​ក្នុង​លក្ខណៈ​បុគ្គល ​ទោះ​ជា​លោក​យល់​ថា​ វា​មាន​លក្ខណៈ​ប្រជាភិថុតិ​ក៏​ដោយ។ ​លោក​បន្ត​ថា ​ជំនួប​បែប​នេះ​គួរ​ធ្វើ​ឲ្យ​បាន​ច្រើន​ ហើយ​មិនមែន​តែ​នាយករដ្ឋមន្ត្រី​ទេ។ ​រដ្ឋមន្ត្រី​ក៏​គួរ​ធ្វើ​ឲ្យ​បាន​ច្រើន​ដែរ។​

​ការ​ដឹកនាំ​ប្រទេស​ត្រូវ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​ដើម្បី​ឲ្យ​ប្រទេស​រីក​ចម្រើន​ ជាពិសេស​ពង្រឹង​គុណភាព​សេវា​សាធារណៈ​ ដូច​ជា​ផ្នែក​សុខាភិបាល ​និង​បំបាត់​ការ​រំលោភ​ដីធ្លី។

«ធ្វើ​ឲ្យ​បាន​ច្រើន​ទៅ ​ល្អ​ដែរ​ណា៎! ​ដើរ​ដេក​តាម​ភូមិ ​ដើរ​ដេក​តាម​មន្ទីរពេទ្យ​ ឲ្យ​ពេទ្យ​ពិនិត្យ​មើល​ទៅ​មើល ​តើ​សេវា​សុខភាព​ហ្នឹង​វា​យ៉ាង​ម៉េច? ​ទៅ​អង្គុយ​ជាមួយ​ក្មេងៗ ​តើ​គ្រូ​ហ្នឹង​បង្រៀន​យ៉ាង​ម៉េច? ​ទម្រង់​ហ្នឹង​រាង​មាំ​បន្តិច!​ យើង​ត្រូវ​មាន​ជា​ក្រុម​រដ្ឋមន្ត្រី​ក៏​ធ្វើ​អញ្ចឹង​ ចៅ​ហ្វាយ​ខេត្ត​ក៏​ធ្វើ​អញ្ចឹង​ ហ្នឹង​បើ​ទំនេរ។ ​ប៉ុន្តែ​វា​គ្រាន់​តែ​បាន​ប្រជាប្រិយភាព​បុគ្គល​តិច​តួច​ទេ​ មិន​អាច​កែ​សង្គម​បាន​ទេ»។

លោក​បន្ថែម​ថា ​ជំនួប​ដែល​ល្អ​ជាង​នេះ ​ហើយ​អ្នក​ដឹកនាំ​ប្រទេស​គួរ​ធ្វើ​នោះ​គឺ​វេទិកា​សារធារណៈ​ទ្រង់ទ្រាយ​ធំ ​ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​សួរ​ដេញ​ដោល​ពី​សាធារណ​ជន ​ជា​ពិសេស​យុវជន។​

លោក​ សុខ ឦសាន​ តំណាងរាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និយាយ​ថា ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ជាមួយ​ប្រជាជន​ ទោះ​ជា​ទ្រង់​ទ្រាយ​តូច​ ឬ​ធំ​ គឺ​មាន​សារៈសំខាន់​ដើម្បី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ដឹង​សុខទុក្ខ​ប្រជារាស្ត្រ។​

​ក្រោយ​ពេល​ដែល​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពី​៩០​អាសនៈ​មក​នៅ​ត្រឹម​៦៨​អាសនៈ​នោះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជំនួស​លោក​ ជា ស៊ីម ដែល​បាន​ស្លាប់​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៥​ បាន​ខំ​បង្កើន​ប្រជាប្រិយភាព​របស់​លោក​តាម​រយៈ​បណ្តាញ​ហ្វេសប៊ុក ​និង​ការ​ជួប​ប្រជាជន​ផ្ទាល់​តាមទ្រង់​ទ្រាយ​តូច​ជា​លក្ខណៈ​បុគ្គល​ និង​ទ្រង់​ទ្រាយ​ធំ​ជា​លក្ខណៈ​មន្ត្រី​សាធារណៈ។ ​

លើស​ពី​នេះ​ទៀត​ កូនៗ​របស់​លោក​ ជា​ពិសេស​លោក ​ហ៊ុន ម៉ានី និង​លោក​ ហ៊ុន​ ម៉ាណែត ​ក៏​បាន​ធ្វើ​សកម្មភាព​នយោបាយ​កាន់​តែ​សកម្ម​ដែរ ខណៈ​សកម្មភាព​គណបក្ស​កាន់​អំណាច​នេះ​ចុះ​ថមថយ​ឥទ្ធិពល​ ជា​ពិសេស​ក្នុង​ចំណោម​យុវជន​ និង​អ្នក​ដែល​មិន​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ និង​សម័យ​ខ្មែរ​ក្រហម៕