ការ​បែង​ចែក​ជាតិ​សាសន៍​របស់​ជនជាតិ​ Tutsi និង Hutu ធ្វើ​ឲ្យ​វិបត្តិ​ក្នុង​ប្រទេស​ប៊ូរុនឌី​កាន់​តែ​ឆាប​ឆេះ​

ការ​បែង​ចែក​ជាតិ​សាសន៍​របស់​ជនជាតិ​ Tutsi និង Hutu ធ្វើ​ឲ្យ​វិបត្តិ​ក្នុង​ប្រទេស​ប៊ូរុនឌី​កាន់​តែ​ឆាប​ឆេះ​

លោក Zeid Ra'ad Al Hussein ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ធ្វើ​បទ​ឧទ្ទេសនាម​នៅ​សាកលវិទ្យាល័យ Yonsei ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥។ប្រធាន​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​បាន​ឲ្យ​ដឹង​ថា​វិបត្តិ​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌីកំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​បែង​ចែក​ជាតិ​សាសន៍ ហើយ​​ស្រ្តី​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​រំលោភ​បំពាន​ផ្លូវ​ភេទ​ដោយសារ​តែ​ពួក​គេ​ជា​សាសន៍ Tutsi។ ក្រុង​ហ្សឺណែវ—

ប្រធាន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​វិបត្តិ​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី (Burundi) កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​បែង​ចែក​ជាតិ​សាសន៍។ លោក​និយាយ​ថា​លោក​មាន​ភស្តុតាង​បង្ហាញ​ថា ស្រ្តី​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​រំលោភ​បំពាន​ផ្លូវ​ភេទ​ដោយសារ​តែ​ពួក​គេ​ជា​សាសន៍ Tutsi។

ភាព​ភ័យ​ខ្លាច​កំពុង​តែ​កើន​ឡើង​ ដោយ​សារ​កំណើននៃការ​បែង​ចែក​ជាតិ​សាសន៍​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី (Burundi)​ កំពុង​ចាប់​ផ្តើម​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ស្ថានភាព​ដែល​នាំ​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​នា​ឆ្នាំ១៩៩៤ ក្នុង​ប្រទេស​រវ៉ាន់ដា (Rwanda) ដែល​ជនជាតិ​ Hutus ​បាន​សម្លាប់​មនុស្ស​ចំនួន​៨០០.០០០នាក់ ហើយ​ភាគ​ច្រើន​ជា​ជនជាតិ​ភាគ​តិច Tutsis។

លោក Zeid Ra'ad Al Hussein ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស មាន​ការ​បារម្ភ​ចំពោះ​និន្នាការ​ថ្មី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី រួម​មាន​ករណី​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ ដែល​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​សន្តិសុខ និង​ការ​កើន​ឡើង​ខ្លាំង​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ។

លោក​បាន​ព្រមាន​ថា ការ​វាយប្រហារ​ដោយ​ក្រុម​ប្រឆាំង​ទៅ​នឹង​មូលដ្ឋាន​យោធាចំនួន​៣នៅ​ក្នុង​រដ្ឋធានី​ប៊ូយ៉ាំប៊ូរ៉ា (Bujumbura) កាលពី​ថ្ងៃទី១១ និង​១២ បាន​បង្ក​ឲ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋាភិបាល។

លោក Rupert Colville អ្នក​នាំ​ពាក្យ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ និយាយ​ថា អង្គការ​សហប្រជាជាតិ​បាន​ចងក្រង​ករណី​ហិង្សា​ផ្លូវ​ភេទ​ចំនួន​១៣​ករណី​ ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ស្រ្តី​ក្នុង​ពេល​ស៊ើបអង្កេត និង​ប្រតិបតិ្ត​ចាប់​ខ្លួន​បន្ទាប់​ពី​ព្រឹត្តិការណ៍​ក្នុង​ខែ​ធ្នូ​នោះ។ លោក​និយាយ​ថា ករណី​ថ្មីៗ​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ​កំពុង​កើត​ឡើង​ជា​បន្តបន្ទាប់។ លោក​កត់​សម្គាល់​ថា ជន​រងគ្រោះ​ក្នុង​ប្រតិបត្តិការ​ទាំង​នេះ​និយាយ​ថា ពួកគេ​ត្រូវ​បាន​យក​ធ្វើ​ជា​គោលដៅ​ ដោយសារ​តែ​ពួកគេ​ជា​ជនជាតិ​ភាគ​តិច Tutsis។

«ការ​លើក​ឡើង​ដែល​ថា ការ​បែង​ចែក​ជាតិ​សាសន៍​កំពុង​តែ​ចាប់​ផ្តើម​កើតមាន​ឡើង​ ត្រូវ​បាន​ពង្រឹង​ដោយ​ពាក្យ​សម្តី​របស់​ស្រ្តី​ម្នាក់​ដែល​រង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ដែល​បាន​និយាយ​ថា អ្នក​ដែល​ធ្វើ​បាប​នាង​បាន​ប្រាប់​នាង​ថា នាង​ត្រូវ​សង​សំណង​ ដោយសារ​នាង​ជា​ជនជាតិ Tutsi។ សាក្សី​ម្នាក់​ទៀត​បាន​អះអាង​ថា ជនជាតិ​ភាគ​តិច Tutsi ត្រូវ​បាន​សម្លាប់​ជា​ប្រព័ន្ធ​ ខណៈ​ពេលជនជាតិ Hutus ត្រូវ​បាន​ប្រណី»។

លោក Colville និយាយ​ថា ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ក៏​បាន​ទទួល​ការ​ចោទ​ប្រកាន់​ជាច្រើន​ដែល​ថា ​ប៉ូលិស​និង​កង​កម្លាំង​យោធា​បាន​ចាប់​បុរសៗ​ដែល​មាន​វ័យ​ក្មេង​ជាច្រើន ក្នុង​ប្រតិបត្តិការ​ស៊ើបអង្កេត​នេះ។ លោក​និយាយ​ថា​ក្រោយ​មក​ក្មេង​ប្រុស​ទាំងនោះត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម សម្លាប់ ឬ​យក​ទៅ​កន្លែង​ដែល​គេ​មិន​ស្គាល់។

លោក​និយាយ​ថា លោក​ប្រធាន​ឧត្តម​ស្នង​ការ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បាត់​ខ្លួន​ជាច្រើន​ដែល​ចេះ​តែ​កើន​ឡើង រួម​ជាមួយ​នឹង​ការ​ចោទប្រកាន់​ទាក់ទិន​នឹង​មណ្ឌល​ឃុំឃាំង​សម្ងាត់ និង​រណ្តៅ​កប់​សព​ជា​ក្រុម។

«សាក្សី​ជាច្រើន​បាន​រាយការណ៍​ពី​ការ​សម្លាប់​រង្គាល​យ៉ាង​ហោច​ណាស់​៩លើក​នៅ​ក្នុង​រដ្ឋធានី​ប៊ូយ៉ាំប៊ូរ៉ា និង​កន្លែង​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ រួម​មាន​កន្លែង​មួយ​ក្នុង​ជំរុំ​ទាហាន​ផង​ដែរ។ ហើយ​សាកសពអ្នក​ស្លាប់​នៅ​កន្លែង​ទាំង​នោះ សរុប​មាន​ចំនួន​ច្រើន​ជាង​១០០នាក់ ពួកគេទាំង​ត្រូវ​បានគិត​ថា ត្រូវ​បាន​សម្លាប់ថ្ងៃ​ទី​១១ ខែ​ធ្នូ»។

លោក​ឧត្តម​ស្នងការ Zeid កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ជា​បន្ទាន់​អំពី​ព្រឹត្តិការណ៍​ថ្ងៃទី១១ និង​១២ រួម​ទាំង​ទៅ​លើ​រណ្តៅ​កប់​សព​ជា​ក្រុម​ដែល​ត្រូវបាន​ចោទ​ប្រកាន់​។ លោក​និយាយ​ថា វា​មាន​សារៈសំខាន់​ណាស់​ដែល​រណ្តៅ​កប់​សពនោះ​ត្រូវ​បាន​គេ​ការពារ​ត្រឹមត្រូវ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ​