សូត្រ ប៊ុនធី ​​ត្រូវ​ការ​ឈ្នះ ខណៈ សារឿន ច័ន្ទ ត្រូវ​ជួប​ម្ចាស់​​ខ្សែ​ក្រវាត់របស់​ថៃ

អ្នក​ប្រដាល់ សូត្រ ប៊ុនធី របស់​ក្លិប​បក្សី​ស្លាប​ដែក ត្រូវការ​ឈ្នះ​កីឡាករ​ថៃ Jack Nondangyim ជា​ដាច់​ខាត ដើម្បី​​មាន​ឱកាស​កាន់​តែ​ច្រើន ក្នុង​ការ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត​នៃ​ព្រឹត្តិការណ៍​សមរភូមិ​អ្នក​ប្រយុទ្ធ​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម នៅ​លើ​សង្វៀន PNN នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ខណៈ សារឿន ច័ន្ទ ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ថៃ Sam A ក្នុង​​ថ្ងៃ​​នោះ​ដែរ។

khmer-boxing-1

សម្រាប់​ការ​ប្រកួត​ជ​ម្រុះ​២​លើក​កន្លង​មក​នេះ សូត្រ ប៊ុនធី ទើប​តែ​មាន​៤ពិន្ទុ​ក្នុង​ដៃ​ទេ ព្រោះ​គេ​បាន​ចាញ់​ពិន្ទុ​កីឡាករ​ឡាវ ហាឆ្លាម នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ មុន​ពេល​យក​ឈ្នះ​លើ​កីឡាករ​ថៃ ស៊ុមឆាយ សុផាន់នីម កាល​ពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ ខណៈ​២​ប្រកួត​របស់ Jack Nondangyim គឺ​បាន​ចាញ់​ពិន្ទុជើង​ខ្លាំង ឡៅ ចន្ទ្រា និងចាញ់ ឃីម ឌីម៉ា។

តាម​កម្រិត​សមត្ថ​ភាព​របស់ Jack Nondangyim គឺ សូត្រ ប៊ុនធី អាច​មាន​សង្ឃឹម​ឈ្នះ​ច្រើន ព្រោះ​ថៃ​ម្នាក់​នេះ ​ចាញ់​​ប្រៀប ប៊ុនធី ​ផ្នែក​​កម្ពស់ តែ​ Jack Nondangyim មាន​បទ​ពិសោធ​ប្រកួតច្រើន​ជាង ប៊ុនធី ដោយ​ក្នុងនោះ​កីឡាករមាន​​អាយុ​២០​ឆ្នាំ សូត្រ ប៊ុនធី មាន​កម្ពស់​១,៧៨​ម៉ែត្រ ធ្លាប់​ប្រកួត​៦៤​ដង ឈ្នះ​៤៣ ចាញ់​២៩ ស្មើ​៣​ដង និង​ធ្លាប់​ផ្តួល​គូ​ប្រកួ​ត​ឲ្យ​សន្លប់​១៣​ដង​ ខណៈ Jack Nondangyim មាន​កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​៧៥​ដង ឈ្នះ​៥៥ ចាញ់​១៨ ស្មើ​២ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​១៨​ដង។ សូត្រ ប៊ុនធី ត្រូវ​ការ​ឈ្នះ​ជា​ចាំ​ដាច់​ខាត ​ទើប​គេ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត ព្រោះការ​ប្រកួត​នេះ​គេ​យក​កីឡាករ​កម្ពុជា​២​នាក់ និង​បរទេស​២​នាក់​ឡើង​ទៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខណៈពេល​នេះ​ ឃីម បូរ៉ា ​ក៏​មាន​៤ពិន្ទុ​ដែរ តែ ឡៅ ចន្ទ្រា មាន​៦ពិន្ទុ​ពេញ​ ព្រោះ​បាន​ឈ្នះ​ទាំង​២​ប្រកួត​។ ហេតុ​នេះ ​បើ​សិន​ជា សូត្រ ប៊ុនធី ចាញ់​ថៃ Jack Nondangyim ​លើក​នេះ គេ​​នឹង​ប្រឈមនៅ​ការធ្លាក់ ព្រោះ​ការ​ប្រកួត​លើក​ទី​៣​ចុង​ក្រោយ ​គេត្រូវ​​​ប៉ះ​ជើង​ខ្លាំង Sam A។

khmer-boxing-2

ដោយ​ឡែក សារឿន ច័ន្ទ របស់​ក្លិប​សម្រែក​រាជសីហ៍ ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយកីឡាករ​ថៃ Sam A នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ដែរ ​វា​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្ត​ភាព​ប៉ុណ្ណោះ។ មាន​ន័យ​ថា សារឿន ច័ន្ទ បាន​ឡើង​ប្រកួតបង្រ្គប់​កិច្ច​ចំនួន​កីឡាករ​កម្ពុជា សេក គឹមផៃ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ បន្ទាប់​ពី​រូប​គេ​មាន​របួស​ដៃ ក្នុងពេល​ប្រកួត​ជាមួយ​​កីឡាករ​ថៃ ហាឆ្លាម កាល​ពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៦ ហេតុ​នេះ​បើ​ទោះ​បី​ជាលទ្ធ​ផល​នៃ​ការ​ប្រកួត​នេះ សារឿន ច័ន្ទ ចាញ់​ឬ​ឈ្នះ​ក៏ Sam A ទទួល​បាន​៣ពិន្ទុ​ដោយ​ស្វ័យ​ប្រវត្តិ​ដែរ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ឡើង​ប្រកួត​បង្រ្គប់​កិច្ច​នេះ សារឿន ច័ន្ទ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាចនឹង​ប្រឈម​នូវ​ការ​​លំបាក​ច្រើន ព្រោះម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ប្រទេស​ថៃ Sam A មាន​ក្បាច់​ប្រកួត​ល្អ ហើយសូម្បី​តែជើង​ខ្លាំង ឡៅ ចន្ទ្រា ក៏​បាន​សរសើរ​ពី​សមត្ថ​ភាព​ប្រកួត​របស់ Sam A ថា​ល្អ​ស័ក្តិ​សម​ជា​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ប្រទេស​ថៃ​ផង​ដែរ ហើយ​ការ​លើក​ឡើង​របស ឡៅ ចន្ទ្រា ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រូប​គេបាន​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ Sam A កាល​ពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦។ ចំណែក​​ការ​ប្រកួត​ជម្រុះ​បើក​ឆាក​របស់ Sam A កាល​ពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥គឺ​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​លោក ឃីម បូរ៉ា។

គួរ​បញ្ជាក់​ថា​កីឡាករ Sam A ​មាន​អាយុ​២១​ឆ្នាំ កម្ពស់១,៦៥ ធ្លាប់​ប្រកួត​៦៣​ដង ឈ្នះ​៤៤ ចាញ់​១៦ ស្មើ​៣​ដង និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​១២​ដង រីឯ សារឿន ច័ន្ទ មាន​កម្ពស់​១,៦៨​ម៉ែត្រ ធ្លាប់​ប្រកួត​១០៨ដង ឈ្នះ៨៦ ចាញ់​១៥ ស្មើ​៧ និង​ធ្លាប់វាយ​គេ​ឲ្យ​សន្លប់​ចំនួន​២៩​ដង៕