អនុស្សាវរីយ៍​ផ្អែមល្ហែម​​រវាង ហ្សីដាន់-អង់រីក មុន​ក្លាយ​ជា​គ្រូ​បង្វឹក

តើនរណាខ្លះ នៅចងចាំ នូវអនុស្សាវរីយ៍ដ៏ជូរចត់ នៅលើទីលានប្រកួត រវាងកីឡាករដ៏ល្បីឈ្មោះទាំងពីរ ដែល​បាន​ក្លាយ​ជាគ្រូបង្វឹក ក្នុងពេលនេះ របស់ក្រុមធំៗទាំងពីរ នៅប្រទេសអេស្ប៉ាញ? ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូម​ចូល​ខ្លួន មកធ្វើការរំលឹកជូន ដូចខាងក្រោម។
អនុស្សាវរីយ៍​ផ្អែមល្ហែម​​រវាង ហ្សីដាន់-អង់រីក មុន​ក្លាយ​ជា​គ្រូ​បង្វឹក
រវាងកីឡាករទាំងពីរ ដែលបានក្លាយ មកជាគ្រូបង្វឹកឲ្យក្រមធំៗទាំងពីរ មិនជាសម្លឹងមុខគ្នាចំប៉ុន្មានទេ។ (រូបថតផ្តិតពីវីដេអូ)

អស់រយៈពេល​ជិតមួយខែហើយ ដែលអតីតកីឡាករអន្តរជាតិ ដ៏ល្បីឈ្មោះ ហ្សីណាឌីន ហ្សីដាន់ (Zinédine Zidane) បានក្លាយជាគ្រូបង្វឹក របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) ដែលជានិច្ចជាកាល ជាក្រុម​គូ​ប្រកួត​យ៉ាង​ស្វាហាប់ ជាមួយនឹងក្រុម បាសឺឡូន (Barcelone) ដែលសុទ្ធសឹងជាក្រុមធំៗ ទាំងនៅក្នុង​ប្រទេស​អេស្ប៉ាញ ទាំងនៅក្នុងទ្វីបអ៊ឺរ៉ុប។

នៅក្នុងប្រវត្តិនៃការប្រកួត រវាងក្រុមទាំងពីរ ដើម្បីដណ្ដើមយកឈ្មោះ ជា​ជើង​ឯក ជាច្រើនលើកច្រើនសារ​នោះ គ្រូបង្វឹកសព្វថ្ងៃរបស់ក្រុម បាសឺឡូន គឺលោក ល្វីស អង់រីក (Luis Enrique) ធ្លាប់បាន​បន្សល់​​ទុក នូវជម្លោះ​ទាស់​ទែង​​ដ៏​ជូរចត់​មួយ នៅលើទីលានប្រកួត ជាមួយនឹងលោក ហ្សីដាន់ កាល​ពេល​លោក​​ទាំង​ពីរ នៅ​ជា​កីឡាករ​ទាត់​ឲ្យ​ក្រុម​ទាំងពីរ។

ការប្រឈមមុខគ្នានោះ បានកើតឡើង នៅក្នុងរដូវកាលឆ្នាំ២០០២-២០០៣ នៅក្នុងការប្រកួតមួយ នា​កីឡាដ្ឋាន ប៊ែណាប៊ើ (Bernabeu - ពហុកីឡាដ្ឋាន របស់ក្រុមរៀល នៅរាជធានីអេស្ប៉ាញ)។ ដំបូងឡើយ អ្នក​បង្កហេតុ គឺ​កីឡាករ «Carl Puyol» របស់ក្រុម បាសា ឯណោះទេ ដែលបានទៅដណ្ដើមបាល់ ពីកីឡាករ ហ្សីដាន់ មិនបាន តែ​បែរ​ជាត្រូវ ហ្សីដាន់ គ្រវាស ឬរុញ​ឲ្យដួល​នៅលើដី។

កាយវិការនេះ បានដុតបញ្ឆេះកីឡាករ ល្វីស អង់រីក ដែលបច្ចុប្បន្នជាគ្រូបង្វឹក របស់ក្រុម បាសា ឲ្យផ្ទុះ​កំហឹង​ឡើង ហើយបានស្ទុះ​ទៅ​ស្រែកដាក់​កីឡាករ ហ្សីដាន់។ តែពេលនោះ កីឡាករ ហ្សីដាន់ បានធ្វើការ​តបតរ​វិញ ដែល​ធ្វើឲ្យការ​ប្រឈម​មុខ បានបង្អូសពេលវេលា អស់ជាច្រើននាទី មុននឹងកីឡាករទាំងសងខាង ត្រឡប់ទៅ​រក​សភាព​ស្ងប់​​ស្ងៀម​​វិញ។

» វីដេអូអនុស្សាវរីយ៍ រវាងអ្នកទាំងពីរ៖

នាពេលនេះ ខណៈដែលអ្នកទាំងពីរ (ហ្សីដាន់ និងអង់រីក) បានក្លាយជាគ្រូបង្វឹកឲ្យក្រុមទាំងពីរ តែរៀងៗ​ខ្លួន​ហើយនោះ ពួកគេនឹងត្រឡប់មកជួបគ្នាវិញ នៅថ្ងៃទី៤ ខែមេសាខាងមុខ។ ក្រុម រៀល និងបាសា នឹង​ធ្វើការ​ប្រកួត យកពិន្ទុជាជើងឯក នៅក្នុងក្របខណ្ឌ «La Liga» របស់ប្រទេសអេស្ប៉ាញ ហើយនឹងប្រព្រឹត្តិទៅ នៅ​កីឡាដ្ឋាន កំព្នូ (Camp Nou - កីឡាដ្ឋានរបស់ក្រុម បាសា នៅក្នុងក្រុង បាសឺឡូន)។ ប៉ុន្តែ គេមិនសង្ឃឹមថា ទស្សនីយភាព​ឈ្លោះ​ប្រកែកគ្នា ដូចកាលពីលើកមុន នឹងត្រឡប់មកវិញ នៅក្នុងការប្រកួតនេះឡើយ៕