អធិរាជលើសង្វៀនស៊ីម៉ង់អូដ្ឋ:នរណាឈ្នះនៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ភ្នំពេញ:

​ភ្នំពេញ​:​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​ថ្ងៃទី​៣០​មករា​នេះ​បាន​ឈានដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយៗ​អ្នកខ្លាំង ៤ រូប​ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​ជ័យជំនះ​នៅក្នុង​វគ្គ​ដ៏​សំខាន់​នេះ ។​
​សេក គឹម​រូ​ន​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដែល​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ពូ​ល A នោះ​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ម៉ន ចាន់​តា​រ៉ា​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ដែលជា​បេក្ខភាព​ចំណាត់ថ្នាក់​លេខ ២ ក្នុង​ពូ​ល B ។​
​ចាប់​តាំងពីដើម​ព្រឹត្តិការណ៍​នេះ​មក​គឹម​រូ​ន​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ​ទេ ។ វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ដែល​មាន ៣ ប្រកួត​នោះ​អ្នក​ប្រដាល់​រូបនេះ​ឈ្នះ​ទាំង ៣ ប្រកួត ក្នុងខណៈដែល​ចាន់​តា​រ៉ា ៣ ប្រកួត​ឈ្នះ​បាន ២ ប្រកួត និង​ចាញ់ ១ ប្រកួត​នោះ ។​
​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ក៏ត្រូវ​ការ​ឈ្នះ​ដែរ​ព្រោះ​បើ​ឈ្នះ​បាន​ឡើង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រជែង​យក​តំណែង​ជើងឯក​តែបើ​ចាញ់​នៅសល់តែ​ឱកាស​ប្រជែង​យក​តំណែង​លេខ ៣​ប៉ុណ្ណោះ ។ នរណា​ជា​អ្នករក​បាន​កៅ​អី​សម្រាប់​ឡើង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន ?
​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ​សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដែល​ឈរ​ក្នុង​តំ​ណែ​ង​លេខ ១​ពូ​ល B នោះ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឌុ​ម កែវ​ដា​ក្លិប​ម្កុដ​រាជសីហ៍​ដែល​ឈរ​ក្នុង​តំណែង​លេខ ២នៃ​ពូ​ល A ។​
​អ្នក​ប្រដាល់​ទាំង ២ រូប​ក៏​ត្រូវការ​ឈ្នះ​ដូចគ្នា​ដែរ​ព្រោះ​អ្នកឈ្នះ​បាន​ឡើង​វ៉ៃ​វគ្គ​ផ្ដាច់ព្រ័ត្រ ឯ អ្នកចាញ់​ត្រូវ​ប្រ​ជែង​ដណ្ដើម​ចំណាត់​ថ្នា​ត់​លេខ ៣ ។ ចាំមើល​តើ​សុខ សុ​វ​ណ្ន និង ឌុ​ម កែវ​ដាន​រណ​ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ?
​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ដណ្ដើម​ពានរង្វាន់​នេះ​ម៉ន លី​ហួរ​ក្លិប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យស់ សំ​អាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ សំរាំង ភក្ដី​ក្លិប​ព្រៃទទឹង​កីឡា​ប្រកួ​ត​ជាមួយ​សៅ ប៊ុនធឿន​ក្លិប​តា​ព្រហ្ម​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម និង សាង គីម​ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​សូត្រ ខេ​វីន​ក្លិប​បក្សី​ស្លាប​ដែក​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​