ឡុង សុភីប្រកួតជាមួយថៃនៅSEA-TVជំនួសឡៅ ស៊ីណាតដែលបាក់ជើង

ភ្នំពេញ:

​ភ្នំពេញ​:​អ្នក​ប្រដាល់​ឡុង សុ​ភី​ក្លិប​សាល​វ័​ន្ដ​កីឡា​នឹង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phoung Serisk នៅលើ​សង្វៀន​K-Cement របស់ SEA-TV នៅ​រសៀល​ថ្ងៃទី​៣០​មករា​នេះ ។​
តាមពិត​ឡៅ ស៊ី​ណាត​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ឯ ណោះ​ទេ​ដែល​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ​តែ​ ដោយសារ​ស៊ី​ណាត​មាន​របួស​បាក់​ជើងពេល​ប្រកួត​ជាមួយ​ថៃ​នោះ​ទើប​ឡុង សុ​ភី​ប្រកួត​ជំនួស ។​
​សុ​ភី​មួយរយៈ​នេះ​គេ​តែងតែ​ប្រកួ​ត​ចាញ់​អ្នក​ប្រដាល់​ថៃ​ជា​ញឹកញាប់ ។ អ្នក​ប្រដាល់​ដែល​ពូកែ​ជង្គង់ និង ពូ​កែ​ចាប់​អោប​នោះ​សុ​ភី​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣២​ដង ឈ្នះ​១០២​ដង ចាញ់​២៣​ដង ស្មើ​ពិន្ទុ​៧ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៤៥ ដង ។​
​ចំពោះ​អ្នក​ប្រដាល់​ថៃ Phoung Serisk ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ​គេ​ក៏​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៧​ដង ឈ្នះ​១១២​ដង ចាញ់​២០​ដង និង ស្មើ​ពិន្ទុ​៥ ដង ។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចលនា​រហ​៧​សរ​ហួន និង វ៉ៃ​មិន​បំពាន​គូប្រកួត ។​ការជួប​ប្រកួត​នេះ​មិនដឹងថា​ឡុង សុ​ភី​ជា​អ្នក​ជួប​សំណាង​ ល្អ ឬ  Phoung Serisk ជា​អ្នក​ជួប​សំណាងល្អ​នោះឡើយ ។​
​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដែរ​ឈិន ក្វាន់​ង៉ុ​យ​ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ Pra Vit ។ អ្នក​ប្រដាល់​ទាំង​ ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​
​ក្វាន់​ង៉ុ​យ​មួយរយៈ​នេះ​ការប្រកួត​របស់គេ​មិនសូវ​ជា​ជួប​សំណាងល្អ​ប៉ុន្មាន​ឡើយ ។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ ស្នៀត​មិនសូវ​ច្បាស់លាស់​ហើយ​ដែល​គេ​តែងតែ​ហៅថា​អ្នក​ប្រដាល់​កែង​មានសំណាង ។ ក្វាន់​ង៉ុ​យ​មាន​ប្រវត្តិ​ប្រកួត​ ចំនួន​៨២​ដង ឈ្នះ​៦៨​ដង ចាញ់​១២​ដង និង ស្មើ​ពិន្ទុ ២ ដង ។​
​ចំពោះ​អ្នក​ប្រដាល់​ថៃ Pra Vit គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ ។ អ្នក​ប្រដាល់​រូបនេះ​ធ្លាប់​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​ផាន់ គ្រាន់​ក្លិប​គុជ​សារ​កីឡា ។​
​Pra Vit មាន​ប្រវត្តិ​ប្រកួត​៩២​ដង ឈ្នះ ៧៩​ដង​ចាញ់​១១​ដង និង ស្មើ​ពិន្ទុ​២​ដង ។ ការប្រកួត​នេះ​មិនដឹងថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​តស៊ូ​ជាមួយ​ក្វាន់​ង៉ុ​យ​បាន ឬ អត់​នោះឡើយ ។​
​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ធន មករា​ក្លិប​កងយោធពល​ខេ​មរ​ភុ​មិ​ន្ទ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថន ធារ៉ា​ក្លិប​នាគរាជ​មានជ័យ ។ គង់ វុទ្ធី ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យ៉​ន ពិសី​ក្លិប​សាល​វ័​ន្ដ​កីឡា ។​