​ព្រះសង្ឃ​វ័យ​ចំណាស់​ត្រូវ​តុលាការ​ចោទ​ប្រកាន់ពីបទ​រំលោភ​ក្មេងស្រី​​ពីរ​នាក់​អាយុ​៩​ឆ្នាំ​

មន្ត្រី​និយាយ​ថា ​កាលពី​ថ្ងៃ​សុក្រ​​សាលា​ដំបូង​ខេត្ត​​​​បាត់​ដំបង​​បាន​ចោទ​ប្រកាន់​ និង​ដាក់​ពន្ធនាគារ​​​ព្រះសង្ឃ​មួយ​អង្គ​​ព្រះជន្ម​៦៨​វស្សា​ ដែល​ទើបតែ​បួស​កាលពី​ពេល​ថ្មីៗ​នេះ​ ពីបទ​រំលោភ​​ក្មេងស្រី​​វ័យ​៩​ឆ្នាំ ​​ពីរ​នាក់​​ជាច្រើន​ដង​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​​នៅ​វត្ត​មួយ​ក្នុង​ស្រុក​សំពៅលូន។

លោក ប៊ន ​វណ្ណារ៉ា ស្នងការ​​រង​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​កាលពី​​ល្ងាច​ថ្ងៃ​សុក្រ​​​​​ថា ព្រះ​សង្ឃ​ព្រះនាម​ ឪ ថន ដែល​ត្រូវ​បានចាប់​ខ្លួន​​កាលពី​ល្ងាច​ថ្ងៃ​ពុធ និង​ផ្សឹក​នៅ​ព្រឹក​បន្ទាប់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​ដើម្បី​រង់ចាំ​សវនាការ​ជំនុំជម្រះ​​ទោស ​បន្ទាប់ពី​​​ការ​សាកសួរ​នៅ​តុលាការ​​​​ និង​ទីបំផុត​ត្រូវ​បាន​ចោទ​​ប្រកាន់​។

​លោក​ថ្លែង​ថា “​ជន​សង្ស័យ​​បាន​សារភាព​ក្នុង​តុលាការ​ថា ​ខ្លួន​ពិត​ជា​បាន​រំលោភ​​​ក្មេងស្រី​​សិស្ស​សាលា​​ទាំង​ពីរ​នាក់​​​មែន​ ហើយ​​តុលាការ​​បាន​ចោទ​ប្រកាន់​គាត់​ពីបទ​​ចាប់​រំលោភ​មាន​ស្ថាន​ទម្ងន់​​ទោស​”។

លោក​បាន​បន្ថែម​ថា ​​អតីត​សង្ឃ​ ឪ ថន គឺ​ជា​កសិករ​​នៅ​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ហើយ​​​ទើប​តែ​​សាង​ផ្នួស​កាលពី​ជាង​១ខែ​មុន​ប៉ុណ្ណោះ បន្ទាប់ពីលែង​លះ​ប្រពន្ធ។ ​”​​​ពេល​​គាត់​ស្នាក់​នៅ​ក្នុង​វត្ត​ គ្មាន​អ្នក​ណា​ស្គាល់​ឈ្មោះ​គាត់​ទេ ហើយ​សូម្បី​ប្រធាន​ភូមិ​ក៏មិន​ស្គាល់​ឈ្មោះ​គាត់​ដែរ​”។ លោក​បាន​បន្ត​​ថា បុរស​​ចំណាស់​រូប​នេះ​មិន​បាន​ណែនាំ​ខ្លួន​​​​ដល់​មនុស្ស​ធំណា​ម្នាក់​ឡើយ​ នៅ​ពេល​មក​គង់​នៅ​ក្នុង​វត្ត​ចម្ការ​តាប៊ុន ឃុំ​ជ្រៃសីមា កាលពី​៣សប្ដាហ៍​មុន​។

លោក​​​ លី រុំ ​​អធិការ​​រង​ស្រុក​​បាន​​លើក​ឡើង​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក ឪ ថន បាន​ប្រើ​ប្រាស់​ឋានៈ​របស់​ខ្លួន​ជា​ព្រះសង្ឃ​​ រួម​ជាមួយ​នឹង​​នំ និង​លុយ​ពីរបី​ពាន់​រៀល​ដើម្បី​ល្បួង​​ក្មេងស្រី​ទាំងពីរ​ឲ្យ​ទៅ​បន្ទប់​របស់​ខ្លួន​នៅ​ក្នុង​វត្ត​ ​ហើយ​​ចាប់​រំលោភពួកគេ​នៅ​ថ្ងៃទី​៦ ទី៨ និង​ទី៩​ នៃ​ខែ​មករា។

ស្ត្រី​វ័យ​​៤៨​ឆ្នាំ​ដែល​ជា​ម្ដាយ​របស់​ក្មេងស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេងស្រី​រងគ្រោះទាំង​ពីរ​នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គាត់​​សប្បាយ​ចិត្ត​ដែល​ឮ​ថា លោក ឪ ថន​ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ដាក់​ពន្ធនាគារ​​ ហើយ​ខ្ញុំ​​​នឹង​មិន​ស្វែង​រក​សំណង​​ជាលុយ​កាក់​ទេ។ ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា “​ខ្ញុំ​សប្បាយ​ចិត្ត​​ចំពោះ​អ្វី​ដែល​តុលាការ​ចោទ​ប្រកាន់​ជន​សង្ស័យនៅ​ថ្ងៃ​នេះ។ ពេល​នេះ​ខ្ញុំ​នឹង​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​ចាត់​ការ​៕ សុខុម​​​​​​​​​​

 

The post ​ព្រះសង្ឃ​វ័យ​ចំណាស់​ត្រូវ​តុលាការ​ចោទ​ប្រកាន់ពីបទ​រំលោភ​ក្មេងស្រី​​ពីរ​នាក់​អាយុ​៩​ឆ្នាំ​ appeared first on ខេមបូឌា ដេលី.