​ក្រសួង​សុខាភិបាល​​​​ក្រើន​​​​​​រំឭក​​​ឲ្យ​​​​​ប្រជាពលរដ្ឋ​​​ចាត់​វិធានការ​​ប្រឆាំង​វីរុស​ហ្ស៊ីកា

ក្រសួង​សុខាភិបាល​បាន​​ចេញ​​សេចក្ដី​​​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ ​​​ដើម្បី​​​ក្រើន​​​រំឭក​​​​​​ឲ្យ​​​​ប្រជា​ពលរដ្ឋ​​​ចេះ​​​ការ​ពារ​ខ្លួន​ពី​វីរុស​ហ្ស៊ីកា (Zika) ​​​​ឆ្លង​តាម​មូស​ដែល​​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើប​​​​​​​​​តែ​​​ថ្មីៗ​​​នេះ​​​​​​​​​ប៉ុណ្ណោះ​​​ដែល​​​​​​គេ​​​អះអាង​​​ថា​​​​​វា​​​​​​ជាប់​​​ទាក់​​​ទិន​​​​​​​​​នឹង​​​​​​​ពិការភាព​​​​​​ពីកំណើត​​​​របស់​​​​​​ទារក​​​​​​នៅ​​​អាមេរិក​ខាងត្បូង។ ​

ជា​ធម្មតា ​​ជំងឺ​ហ្ស៊ីកា​មាន​អាការៈ​ដូច​​​​គ្រុន​ផ្ដាសាយ​​ធម្មតា​។ ទោះ​ជា​យ៉ាង​​ណា បន្ទាប់ពី​​​​ការ​​​​​​ផ្ទុះ​​​ករណី​​​ក្នុង​ប្រទេស​ប្រេស៊ីល កាលពី​ឆ្នាំ​មុន​បាន​កើត​ឡើង​ស្រប​ពេល​​មាន​ការ​កើន​​​ឡើង​​យ៉ាង​គំហុក​នូវ​ទារក​ដែល​កើត​មក​​​មាន​ក្បាល​តូច​​ខុស​​​ពី​ធម្មតា និង​​មាន​​ខួរក្បាល​​​មិន​សូវ​លូតលាស់​​ដែល​​គេ​ឲ្យ​ឈ្មោះ​​​​ថា​​ម៉ៃ​​​ក្រូ​​​សេ​​​ហ្វា​​​លី (Microcephal) វីរុស​នេះ​បាន​ចាប់​ផ្ដើម​​​​​ក្លាយ​ជា​ព័ត៌មាន​​​អន្តរជាតិ​​​​​​ដែល​​​គេ​​ចុះ​ផ្សាយ​ព្រោងព្រាត។​

បន្ទាប់ពី​​​​រក​​​​ឃើញ​​​ថា បុរស​ជនជាតិ​ថៃ​ ម្នាក់​​​​បាន​​​​​​​​​ឆ្លង​​​វីរុស​ហ្ស៊ីកា​នៅ​កោះ​តៃវ៉ាន់ ​កាលពី​សប្ដាហ៍​មុន មជ្ឈមណ្ឌល​​​ប្រយុទ្ធ​​​នឹង​ជំងឺ​របស់​តៃវ៉ាន់​​​​ (Taiwan Center for Disease Control) ​បាន​បង្កើន​កម្រិត​ហានិភ័យ​របស់​វា​​សម្រាប់​​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​​ប្រាំ​​​​នៅ​​​ក្នុង​តំបន់​ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​​​ក្នុង​សេចក្ដី​​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា ​ខណៈ​មិន​ចាំបាច់​​ភ័យ​ស្លន់​ស្លោ ប្រជាពលរដ្ឋ​កម្ពុជា ​គួរ​តែ​ចាត់​វិធានការ​​​ទប់​ស្កាត់​​​កុំ​​​ឲ្យ​​​​​​​មូស​ខាំ​ និង​ចៀស​វាង​ការ​បង្កើត​កន្លែង​​ដែល​មូស​អាច​​បង្ក​កំណើត​បាន។

លោក​​​​​បាន​​​លើក​​​ឡើង​​​ថា “សូម​ស្លៀកពាក់​អាវ​វែង និង​សម្រាន្ត​ក្នុង​មុង​ ក្រសួង​សុខាភិបាល​នឹង​បន្ត​ធ្វើ​ការ​​ជូន​ដំណឹង​​ដល់​​​សាធារណ​ជន​​អំពី​ការ​វិវឌ្ឍ​របស់​ជំងឺ​នេះ​តាម​គេហ​ទំព័រ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងwww.cdcmoh.gov.kh”។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ក៏​ជំរុញ​​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នានា​​ទៅ​អាហ្វ្រិក អាមេរិក​ខាង​ត្បូង និង​អាមេរិក​កណ្ដាល​​​កាលពី​ពេល​ថ្មីៗ​នេះ​​ឲ្យ​ស្វែង​រក​ការ​ព្យាបាល​​ភ្លាមៗ​ផង​ដែរ​​ ប្រសិន​បើ​​ពួកគេ​​​វិវឌ្ឍ​អាការៈ​ជំងឺ​ពាក់​ព័ន្ធ​នឹង​​វីរុស​ហ្ស៊ីកា ដែល​រួម​មាន​​ឈឺក្បាល ឈឺ​សន្លាក់​ កន្ទួល​​​ក្រហម​លើ​ស្បែក និង​ភ្នែក​ក្រហម​ជាដើម។

សេចក្តី​ប្រកាស​ព័ត៌​មាន​​​ដដែល​​​បាន​​បន្ត​​ថា “​នា​ពេល​បច្ចុប្បន្ន គ្មាន​​វ៉ាក់​សាំង​ ឬ​ការ​ព្យាបាល​ជាក់​លាក់​​ណាមួយ​សម្រាប់​ជំងឺ​​ហ្ស៊ីកា​នេះ​ទេ”។

លោក ហ្វីលីព ឌូសាត (Philippe Dussart) ​ប្រធាន​​ផ្នែក​វិសាណូ​​​សាស្ត្រ​នៅ​វិទ្្យាស្ថាន​ប៉ាស្ទ័រ​​ក្នុង​​​រាជធានី​ភ្នំពេញ ​​បាន​លើក​ឡើង​​តាម​រយៈ​​​​សារ​​​អេឡិច​​​ត្រូនិក​​​មួយ​នៅ​សប្ដាហ៍​​​នេះ​ថា ​ជំងឺ​ហ្ស៊ីកា​ ឬ​ដែល​គេ​ហៅ​ថា ​ហ្ស៊ីខេវី (ZIKV) ដែរ​​​នេះ ត្រូវ​បាន​​​រក​​​ឃើញ​​​​នៅ​​​កម្ពុជា​ ក្នុង​​​​ឆ្នាំ​២០១០ ​​ប៉ុន្តែ​ថា វា​មិន​ត្រូវ​បាន​ចាត់​ទុក​​​ជា​ក្តី​​​បារម្ភ​អំពី​​សុខភាព​​​​​សាធារណៈ​​​​​​​​​ទេ​​​នៅ​ពេល​​​នោះ​​​។

លោក​​បាន​សរសេរ​ថា “​​កាលពី​ពេល​ថ្មីៗ​នេះ ​​​គ្មាន​​​ករណី​​​​​​ថ្មី​​​ណាមួយ​​​​​​ត្រូវ​​​បាន​​​រក​ឃើញ​​​ទេ។ នៅ​ដំណាក់​កាល​​​នេះ ​វា​ហាក់​ដូច​​​ពិបាក​ខ្លាំង​​ក្នុង​ការ​ព្យាករ​​​អំពី​​​​អនាគត​នៃ​វិរុស​ហ្ស៊ីកា​ក្នុង​ប្រទេស​កម្ពុជា​ ពាក់​ព័ន្ធ​ការ​រាល​ដាល​វីរុស និង​​​​ពាក់​ព័ន្ធ​​ទម្រង់​វេជ្ជ​​​សាស្ត្រ​​ ប្រសិន​បើ​ជំងឺ​ ហ្ស៊ីខេវី​​ លេច​មុខ​ឡើង​វិញ”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Taylor O’Connell)​

 

 

The post ​ក្រសួង​សុខាភិបាល​​​​ក្រើន​​​​​​រំឭក​​​ឲ្យ​​​​​ប្រជាពលរដ្ឋ​​​ចាត់​វិធានការ​​ប្រឆាំង​វីរុស​ហ្ស៊ីកា appeared first on ខេមបូឌា ដេលី.