អាំង​ប៉ាវ​ជូន​គ្នា​ចូល​ឆ្នាំ​ចិន គួរ​ដាក់​លុយ​ប៉ុន្មាន​មាន​ហុងស៊ុយ​?

អាំង​ប៉ាវ​ជូន​គ្នា​ចូល​ឆ្នាំ​ចិន គួរ​ដាក់​លុយ​ប៉ុន្មាន​មាន​ហុងស៊ុយ​?

ជនជាតិ​ចិន ចាត់​ទុក​ពណ៌​ក្រហម​ជា​និមិត្តរូប​នៃ​ថាមពល ភាព​រីករាយ និង​សំណាង​ល្អ។ ជាទូទៅ ពេល​ចូល​ឆ្នាំ​ចិន គេ​តែង​ប្រើ​ពណ៌​ក្រហម​ដើម្បី​រៀប​ចំ​តុប​តែង​ផ្ទះ ហើយ​ក្នុង​ឱកាស​នោះ អ្នក​មាន​គ្រួសារ​ភាគ​ច្រើន ក៏​ជូន​អាំង​ប៉ាវ​ទៅ​ញាតិ​មិត្ត និង​មនុស្ស​ជា​ទី​ស្រលាញ់​ជុំវិញ​ខ្លួន​ផង​ដែរ។

 

អាំង​ប៉ាវ​ជូន​គ្នា​ចូល​ឆ្នាំ​ចិន គួរ​ដាក់​លុយ​ប៉ុន្មាន​មាន​ហុងស៊ុយ​?

 

គោល​បំណង​នៃ​ការ​ជូន​អាំង​ប៉ាវក្រហម គឺ​ដើម្បី​បញ្ជូន​ពរ​និង​សំណាង​ល្អ​ដល់​អ្នក​ទទួល ហើយ​ក៏​ដើម្បី​ទទួល​បាន​សំណាង​នោះ​មក​វិញ​ផង​ដែរ។ ពេល​ទទួល​បាន​អាំង​ប៉ាវ អ្នក​ពិត​ជា​មាន​ភាព​រីករាយ ប៉ុន្តែ​ការ​បើក​អាំង​ប៉ាវ​អ៊ុត​ចំនួន​លុយ​មុខ​អ្នក​ឲ្យ គឺ​ជា​រឿង​មិន​សម​គួរ។

 

ជា​ទម្លាប់ បើ​អ្នក​មិន​ទាន់​រៀប​អាពាហ៍ពិពាហ៍​ទេ មិន​ចាំ​បាច់​ជូន​អាំង​ប៉ាវ​ទៅ​អ្នក​ដទៃ​ឡើយ។ ចំណែក​សាច់ញាតិ​របស់​អ្នក ដូចជា​ឪពុក​ម្ដាយ និង​កុងម៉ា គួរ​បន្ត​ផ្ដល់​អាំង​ប៉ាវ​ដល់​អ្នក បើ​ទោះ​អ្នក​រៀប​ការ​រួច​ក៏​ដោយ។ ការ​ធ្វើ​បែប​នេះ ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់ និង​ការ​ជូន​ពរ​ដល់​អ្នក។ ​

 

នៅ​ក្នុង​អាំង​ប៉ាវ​នីមួយៗ​ តែង​មាន​ការ​ដាក់​លុយ​ខុស​ៗ​គ្នា​ទៅ​តាម​កម្រិត​ជីវភាព​ជាក់​ស្ដែង​របស់​អ្នក​ឲ្យ។ ជា​ការ​ពិត​ណាស់ បើ​ដាក់​កាន់​តែ​ច្រើន​រឹត​តែ​ល្អ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​អាំង​ប៉ាវ​ដែល​ធ្វើ​ពី​ក្រដាស​ពណ៌​ក្រហម មិន​មែន​ចំនួន​លុយ​តិច ឬ​ច្រើន​នៅ​ក្នុង​នោះ​ទេ។

 

អាំង​ប៉ាវ​ជូន​គ្នា​ចូល​ឆ្នាំ​ចិន គួរ​ដាក់​លុយ​ប៉ុន្មាន​មាន​ហុងស៊ុយ​?

 

សម្រាប់​អ្នក​មាន​ គេ​ប្រាកដ​ជា​ដាក់​លុយ​ច្រើន ដើម្បី​រក​ស៊ី​ធូរធារ លុយ​ហូរ​ចូល​មក​វិញ​ដូច​អ្វី​ដែល​ដាក់​ក្នុង​អាំង​ប៉ាវ​នោះ។ ចំណែក​អ្នក​មិន​សូវ​សម្បូរ​ធនធាន អាច​មាន​ការ​ស្ទាក់​ស្ទើរ មិន​ដឹង​ថា​គួរ​ដាក់​ចំនួន​ប៉ុន្មាន​ឲ្យ​ស័ក្ដិសម និង​មាន​ហុងស៊ុយ​ល្អ។

 

បើ​តាម​គេហទំព័រ Chinahighlights របស់​ចិន បាន​បញ្ជាក់​ពី​ចំនួន​លុយ ដែល​គេ​ច្រើន​ដាក់​ក្នុង​អាំង​ប៉ាវ​ក្រហម​ដើម្បី​ទទួល​បាន​ហុងស៊ុយ​ដូច​ខាង​ក្រោម៖

 

សម្រាប់​អ្នក​ចាស់​ជាង(ឪពុក​ម្ដាយ កុង​ម៉ា…) គេ​​ច្រើន​ដាក់​ពី ៤០០​យាន់(៦៤​ដុល្លារ) ទៅ ២០០០​យាន់(៣២០​ដុល្លារ)

 

សម្រាប់​អ្នក​ក្មេង​ជាង​មិន​ទាន់​មាន​ចំណូល(​ជាពិសេស​អ្នក​នៅ​រៀន ដូច​ជា​ក្មេងៗ សាច់ញាតិ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ) គេ​ច្រើន​ដាក់​ពី ៥០​យាន់(៨​ដុល្លារ) ទៅ ២០០​យាន់​(៣២ដុល្លារ)

 

​សម្រាប់​កូន​ខ្លួន​ឯង​ផ្ទាល់ គេ​ច្រើន​ដាក់​ ១០០​យាន់(១៦​ដុល្លារ) ឬ​ច្រើន​ជាង​នេះ​តាម​ចិត្ត​ចង់

 

សម្រាប់​បុគ្គលិក​ផ្ទាល់ គេ​ច្រើន​ដាក់​ពី ១០០​យាន់(១៦ដុល្លារ) ទៅ ១០០០​យាន់(១៦០​ដុល្លារ)

 

សម្រាប់​ក្មេង​ដទៃ​ទៀត ដែល​មិន​មែន​ជា​សាច់ញាតិ គួរ​រៀប​ចំ​អាំង​ប៉ាវ​ក្រហម​តូចៗ ដោយ​ដាក់​លុយ ១០​យាន់(១,៦​ដុល្លារ) ទៅ ២០​យាន់(៣,២​ដុល្លារ) ក៏​អាច​នាំ​សំណាង​ល្អ​ដល់​អ្នក​ដូច​គ្នា៕ ​

 

ចុចអាន៖ ​អីចឹង​សោះ! បាន​ចូល​ឆ្នាំ​ចិន​ងាក​ទៅ​ណា​ក៏​ឃើញ​ពណ៌​ក្រហម!

 

ដោយ៖ គង់ វិសាល
ប្រភព៖ chinahighlights