ផ្លែឈើ​ជូរៗ​អាច​បន្ថយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​លើ​ស្ត្រី​បាន​

ផ្លែឈើ​ជូរៗ​អាច​បន្ថយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​លើ​ស្ត្រី​បាន​

​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Heart Association បាន​រកឃើញថា សារធាតុ​មួយ​ដែល​មាន​ក្នុង​ផ្លែឈើ​ជូរៗ​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បែប​ស្ទះ​សរសៃឈាម លើ​មនុស្ស​ស្រី​បាន​។​

​ការសិក្សា​បង្ហាញថា ស្ត្រី​ដែល​ញ៉ាំ​ផ្លែឈើ​ជូរៗ​ច្រើន អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​រហូតដល់ ១៩​ភាគរយ នេះ​បើ​យើង​ប្រៀបធៀប​នឹង​អ្នក​ដែល​មិន​បាន​ញ៉ាំ​ទៀងទាត់​ដូចគ្នា​។

ការស្រាវជ្រាវ​រកឃើញ​ថា សារធាតុ Flavonoids ក្នុង​ផ្លែឈើ​ជូរៗ​មាន​ឥទ្ធិពល​យ៉ាង​ពិសេស​លើ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ សារធាតុ​មួយ​នេះ​ដែរ​គឺជា Phytochemicals ដែល​មាន​នាទី​បំពាក់​ពណ៌​ក្រហម លឿង និង​ខៀវ​លើ​បន្លែ និង​ផ្លែឈើ​។

ការសិក្សា​ផ្សេងៗ​ទៀត​បង្ហាញថា Flavonoids ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ដែល​ខ្លាំងក្លា​មួយ​ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​វីតាមីន E និង C ។ ក្រៅពីនេះ​វា​ក៏​ជំរុញ​ដល់​ការ​ទប់ស្កាត់​ជំងឺ​ដុំ​សាច់​មហារីក​ក្នុង​ខ្លួន​ដែរ​។

រុក្ខជាតិ​ជា​អាហារ​ទាំងអស់​សុទ្ធតែ​ជា​ប្រភព​នៃ​សារធាតុ Flavonoids នេះ ប៉ុន្តែ​កំហាប់​របស់​វា​មាន​ច្រើនជាងគេ​នោះ​គឺ​នៅក្នុង​ផ្លែឈើ​ជូរៗ ផ្លែ​បឺរី ខ្ទឹម​បារាំង តែ​បៃតង ជី​វ៉ាន់ស៊ុយ និង​ស្រាក្រហម​។

ការសិក្សា​ផ្សេងទៀត​និយាយថា សារធាតុ Flavonoids របស់​ផ្លែឈើ​ជូរៗ​មាន​ប្រយោជន៍​ចំពោះ​លំហូរ​ឈាម និង​ជម្រាប់​របស់​សរសៃឈាម​។ ថ្វី​បើ​ការ​ញ៉ាំ​បន្លែ ផ្លែឈើ និង​វីតាមីន C ច្រើន​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏ដោយ ក៏​សារធាតុ Flavonoids ផ្តល់នូវ​ការការពារ​តាមរយៈ​យន្តការ​ជាច្រើន​ដូចជា ឥទ្ធិពល​ប្រឆាំង​ការ​រលាក និង​ពង្រឹង​ដល់​មុខងារ​សរសៃឈាម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។