ប្លែកៗ! ប្លន់ក្របី២០ក្បាល នៅស្រុកសន្ទុក

កំពង់ធំ៖ នេះជារឿងកម្របំផុត ដែលមានករណីប្លន់ក្របី របស់អ្នកភូមិ ចំនួន២០ក្បាល នៅភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅវេលាម៉ោង៨ យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ដែលបានបង្កឲ្យ មានការភ្ញាក់ផ្អើលជាខ្លាំង។

អ្នកស្រី យុន សន មានផ្ទះនៅជាប់នឹងម្ចាស់ផ្ទះ ដែលចោរប្លន់ក្របី បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២៩ ខែមករា ថាក្របីដែលត្រូវចោរប្លន់ ទៅសរុបទាំងអស់២០ក្បាល ដែលក្របីទាំងនោះ ជាកម្មសិទ្ធិរបស់លោក តា ហុន និងយាយ ហ៊ន ។

អ្នកស្រី យុន សន បានរៀបរាប់ថា មុនពេលកើតហេតុ​ ក្រុមចោរបានចាប់ចង ហើយច្រកក្នុងបាវអ្នកឃ្វាលក្របីចំនួន៤រូប ដែលលោក តា ហុន និងយាយ ហ៊ន បានប្រវាស់ក្របី ទាំងនោះទៅឲ្យគ្រួសារមួយ ដែលមានទីលំនៅក្នុងភូមិជាមួយគ្នា។

ក្រោយកើតហេតុ ក្រុមចោរបានចាប់គៀងគរ ក្របីចូលទៅក្នុងរថយន្តប្រភេទធុនធំ បានបើករថយន្តចេញទៅមួយសន្ទុះ ក៏ស្រាប់តែរថយន្តនោះខូចតែម្តង ហើយក្របីចំនួន៣ក្បាលមកវិញ។

ប្រភពបានបន្តទៀតថា “ករណីប្លន់ក្របីនេះ គឺក្រុមចោរបានចាប់ចងអ្នក ឃ្វាលក្របីមួយគ្រួសារ មានគ្នា៤នាក់នោះ ដោយញាត់មាត់ និងគំរាមមិនឲ្យស្រែកឆោឡោ រួចគៀងក្របីយកទៅទាំងអស់ ហើយពេលចេញទៅ បានបន្តិចរថយន្តនោះខូច ហើយក្រុមចោរបានប្តូរក្របី ដាក់រថយន្តមួយផ្សេងទៀត ដោយមានក្របី៣ក្បាល ត្រឡប់មកវិញ” ។

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ មិនទាន់មានតំរុយថា តើក្របីមួយហ្វូងនោះត្រូវលួច យកទៅដល់ទីណានោះទេ គឺអាជ្ញាធរមានសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់ក្របីនេះ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត