​ដី​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​លក់​ទៅ​ ​អោយ​ឈ្មួញ ក្នុងតម្លៃ​រាប់លាន​ដុល្លារ​

​កំពង់ឆ្នាំង: ដី​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ដែលមាន​ទីតាំង​ស្ថិត នៅ​ចំ​កណ្តា​ក្រុង ទល់មុខ​សួនច្បារ ស្តូប​អនុស្សាវរីយ៍ មិត្តភាព កម្ពុជា វៀតណាម និង​មាន​ទំហំ​រាប់ម៉ឺន​ម៉ែត្រក្រឡា ត្រូវបាន​គេ​ឃុបឃិត​គ្នា លួច​កាត់​ចេញពី បញ្ជី​សារពើរ​ភ័​ណ្ឌ​របស់​រដ្ឋ លក់​ទៅអោយ​ឈ្មួញ ក្នុងតម្លៃ​រាប់លាន​ដុល្លារ ។
​    ​
​មជ្ឈដ្ឋាន​នានា នៅក្នុង​ខេត្តកំពង់ឆ្នាំង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​បានដឹងថា ដី​នេះ​ត្រូវបាន​គេ​លក់ ហើយ​ពួកគាត់ បាន​សំណូមពរ សុំអោយ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន មេត្តាជួយ​អន្តរាគមន៍ យក​ដី​នេះ មក​ទុកជា​សម្បត្តិ​របស់​រដ្ឋ​វិញ ។​
​    ​
​តាម​ប្រភពពី មន្ត្រីនគរបាល ខេត្តកំពង់ឆ្នាំង​មួយរូប ដែល​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ បានអោយដឹងថា ដី​នេះ​ត្រូវបាន​គេ​រត់​ការលក់ ទៅអោយ​ឈ្មួញ តាំងពី​ជំនាន់​លោក អាត់ ខែម នៅ​ធ្វើជា​ស្នងការ​មកម្ល៉េះ​។  ដី​នេះ​មួយផ្នែកធំ ត្រូវគេ​កាត់​លក់ ទៅអោយ​ឈ្មួញ ដោយឡែក​ដី​មួយផ្នែក​ទៀត និង​ផ្ទះ​វីឡា​មួយ ដែល​សាងសង់ឡើង ដោយ​លុយ​របស់​អង្គភាព និង​លុយ​មួយផ្នែក​ជម្រិត​ពី អធិការ​នៅតាម​បណ្តា​ស្រុក ធ្វើអោយ​ស្នងការ​ស្នាក់នៅ កុំអោយ​ចំណាយលុយ​ជួល​ផ្ទះ​គេ​នោះ ត្រូវ​លោក អាត់ ខែម រត់ការ​កាត់​ចេញពី បញ្ជី​សារពើរ​ភ័​ណ្ឌ​របស់​រដ្ឋ យកទៅ​ធ្វើជា​កម្ម​សិទ្ធរ​បស់​ខ្លួន​ដែរ ។​

​ប្រភព​បាន​អោយដឹងទៀតថា ក្រោយពី​គេ​ប្រគល់​ដី​នេះ ទៅអោយ​ឈ្មួញ​ហើយ ទីតាំង​ស្នងការដ្ឋាន​ថ្មី គេ​នឹង​រើ​ទៅ​នៅ​ខាងក្រោយ អធិការដ្ឋាន​នគរបាល ក្រុង​កំពង់ឆ្នាំង ជា​ដី​អតីត​របស់ ការិយាល័យ​អន្តរាគមន៍​។  ការរុះរើ​នេះ នឹងធ្វើ​ឡើង​នៅពេល ដែល​អគារ​ស្នងការដ្ឋាន​ថ្មី ត្រូវគេ​សាសង់​ហើយ ។​

​មន្ត្រីនគរបាល​ខាងលើ បាន​អោយដឹងទៀតថា ដី​ស្នងការដ្ឋាន សព្វថ្ងៃនេះ ឈ្មួញ​កំពុងពុះ​ជ្រៀក​ជា​ឡូត៍ សម្រាប់ធ្វើ​ផ្ទះល្វែង​លក់ ជា​បណ្តើៗ​ហើយ ដែល​ក្នុង​មួយ​ប្លង់ ទទឹង​ជាង​៤​ម៉ែត្រ ជួរ​ខាងមុខ​តម្លៃ ៧ ម៉ឺន​ដុល្លារ ក្រៅពីនោះ តម្លៃ ៣ ម៉ឺន​ដុល្លារ ទៅ ៤ ម៉ឺន​ដុល្លារ​។​

​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា  នេះ​ជា​ករណី​ដោះដូរ​មិនមែន​លក់​ទេ  ហើយ​រឿងនេះ លោក អាត់ ខែម ស្នងការ មុន​ជា​អ្នកធ្វើ រូបលោក​និង​ស្នងការរង​ផ្សេងៗ​ទៀត មិនមាន​ការពាក់ព័ន្ធ​ឡើយ​។​

​លោកស្នងការ បានបញ្ជាក់​ទៀតថា បើ​ចង់ដឹង​ច្បាស់​សួរ​លោក ឡុ​ច សុវណ្ណ​រ៉ា ស្នងការរង ដែលជា​អ្នក​កាន់​ឯកសារ​នេះ លោក​គ្រាន់តែ​ដឹងថា កន្លែង​ប៉ូលិស​ធ្វើការ សព្វថ្ងៃនេះ នៅលើ​ដីឯកជន​ទេ ពីព្រោះ​ឯកសារ​ផ្លូវការ ស្តីពី​ការដោះដូរ​ដី​នេះ ត្រូវបាន​ថ្នាក់លើ​សម្រេច​អស់ហើយ ។

​លោក​ស៊ិន សូត្រ ប្រធានការិយាល័យ ភូមិបាល​ក្រុង​កំង​ពង់​ឆ្នាំង បានអោយដឹងថា ដី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​ទំហំ ១១ ៧៦០ ម៉ែត្រក្រឡា​។ ចំពោះ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការដោះដូរ​ដី​នេះ លោក​នៅ​មិនទាន់​បានទទួល​នៅឡើយ​ទេ  ។

​ក្រោយពី​ដី​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​លក់ ដោយ​ជោគជ័យ​នោះ នៅពេលនេះ គេ​ឃើញ​ប្រធាន​ស្ថាប័ន មួយចំនួន​ក្នុង​ខេត្ត  កំពុង​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​លក់​និង​ដោះដូរ​ដី របស់​រដ្ឋ​ពី​ក្នុង​ក្រុង ទៅ​នៅ​ក្នុងព្រៃ យ៉ាងសកម្ម​ផងដែរ ។ ករណីនេះ បានធ្វើអោយ​មន្ត្រីរាជកា​រ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ពីព្រោះ​បើ​គេ​ដូរ​កន្លែងធ្វើការ ពី​កណ្តាល​ក្រុង ទៅ​នៅ​កន្លែង​ធ្ងា​យ ធ្វើអោយ​ពួកគាត់ ជួប​ការលំបាក ក្នុងការ​ចំណាយ​ច្រើន ទាំង​ពេលវេលា លុយ​ចាក់​សាំង និង សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ផងដែរ ៕V/S

​ដី​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​លក់​ទៅ​ ​អោយ​ឈ្មួញ ក្នុងតម្លៃ​រាប់លាន​ដុល្លារ​

​ដី​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​លក់​ទៅ​ ​អោយ​ឈ្មួញ ក្នុងតម្លៃ​រាប់លាន​ដុល្លារ​

​ដី​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​លក់​ទៅ​ ​អោយ​ឈ្មួញ ក្នុងតម្លៃ​រាប់លាន​ដុល្លារ​

​ដី​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​លក់​ទៅ​ ​អោយ​ឈ្មួញ ក្នុងតម្លៃ​រាប់លាន​ដុល្លារ​