​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ពិនិត្យមើល​ការងារ​សម្រេចបាន និង​បញ្ហា​ប្រឈម​

បន្ទាយមានជ័យ: រដ្ឋបាលខេត្ត​បន្ទាយមានជ័យ  បានបង្ហាញ​លទ្ធផល សកម្មភាព​ការងារ ដែល​សម្រេចបាន ក្នុង​ឆ្នាំ​២០១៥ និង​បញ្ហា​ប្រឈម ឬ​ការងារ​មិនទាន់ សម្រេចបាន​ផងដែរ​។ បន្ថែម​លើ​នោះ មន្ត្រី​ក៏​បញ្ចេញ​គម្រោង​ផែនការ​អនុវត្ត សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦ នេះ បន្តទៀត​។​
      
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​និយាយ​ក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៦ របស់​រដ្ឋបាលខេត្ត ថ្ងៃទី​២៨​មករា​ថា​: គណ​:​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត អាជ្ញាធរ សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​អ្នកពាក់ព័ន្ធ បាន​បំពេញការងារ​សម្រេច លទ្ធផល​គួរ​មោទន​: លើ​ការងារ​ធំៗ​:
១-​វិស័យ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ទាំង​ក្នុងភូមិ​សាស្ត្រ​នឹង​តាម​ព្រំដែន​។
២-​ការពង្រឹង​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព ការទប់ស្កាត់ បង្ក្រាប​បទល្មើស​នានា​។
៣-​ការងារ​កំណែទម្រង់រ​ដ្ឋ​បាល ថ្នាក់ក្រោម​ជាតិ ដោយ​ពង្រឹង និង​គាំទ្រ​ចំពោះ រដ្ឋបាល​ថ្នាក់​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់​។
៤-​ការអនុវត្ត​ប្រកាស​អន្តរ ក្រសួងមហាផ្ទៃ និង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​ការកែប្រែ​កម្រង​សេវា​រដ្ឋបាល នៅ​ថ្នាក់ក្រោម​ជាតិ និង​ការប្រព្រឹត្តិទៅ នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ​។
៥-​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី បន្ត​អោយបាន​លទ្ធផល និង​ទទួលយកបាន ដោយ​ប្រសិទ្ធភាព​។​
៦-​វិស័យ​ទាំងឡាយ ដែល​បម្រើអោយ​ជីវភាព ការ​រិ​ក​ចម្រើន​របស់​ពលរដ្ឋ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​។​
      
​លោក ចុង ផែត អភិបាលរង​ខេត្ត បាន​ពន្លេច​នូវ​លទ្ធផល​ការងារ​រួម​របស់​ខេត្ត និង​បញ្ហា​ប្រឈម មួយចំនួន​លើ​វិស័យ និង​ការងារ​ដូចខាងលើ ដោយសារ​កត្តា​សារ​វ័​ន្ត កត្តា​ចៃដន្យ និង​កង្វះខាត​ធនធានមនុស្ស ឬ​សមត្ថភាព នៅមានកម្រិត ដោយ​ធនធាន​ថវិកា​មិន​គ្រប់គ្រាន់ ដោយ​គ្រោះធម្មជាតិ និង​គ្រោះថ្នាក់ ព្រមទាំង​ភាពមិន​ទាន់ ទទួលខុសត្រូវ​ទាំងស្រុង​មួយចំនួន​។​
    
​មាន​បទ​អន្តរាគមន៍​នានា ដូចជា​របស់លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត លើក​ពី​ការងារ​ទេសចរណ៍ និង​ការ​នាំចូល នាំចេញ តាម​ច្រកព្រំដែន​អន្តរជាតិ និង​តំបន់​។​
 
​ឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម​ស្នងការ​នគរបាល​ខេត្ត លើកឡើង​ពី​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ដែលជា​ទូទៅ គឺ​ល្អ​ជាង​ឆ្នាំមុន ទាំង​ការថយចុះ​បទល្មើស និង​លទ្ធផល​ទប់ស្កាត់ បង្ក្រាបបាន​។ ប៉ុន្តែ​ការសោកស្តាយ នៅត្រង់​បទល្មើស​ឧក្រិដ្ឋ ការស្លាប់​មនុស្ស ការប្រើប្រាស់​គ្រឿងញៀន​បាន​កើនឡើង​។​
     
​លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកត់សម្គាល់ និង​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង សម្រេច​លទ្ធផល​ការងារ លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត ហើយ​លោក​បានស្នើ និង​ជម្រុញ​អោយ​បង្កើន ការអនុវត្ត​ប្រកបដោយ ការទទួលខុសត្រូវ​បន្ត ក្នុង​ឆ្នាំ​២០១៦​ទៀត​។​
        
​លោក​ក៏បាន​ជម្រុញ​អោយ​មន្ត្រី អាជីវករ អ្នកវិនិយោគ និង​ដៃគូ​អភិវឌ្ឍន៍ រឹងរឹតតែ​អនុវត្ត ស្តារ និង​អភិវឌ្ឍន៍ ប្រកប​អាជីវកម្ម វិនិយោគ អោយចំ​គោលដៅ​បន្ថែមទៀត ដើម្បី​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ ហើយ​មូលដ្ឋាន ខេត្ត និង​ប្រទេស​រីកចម្រើន​៕V/S

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ពិនិត្យមើល​ការងារ​សម្រេចបាន និង​បញ្ហា​ប្រឈម​

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ពិនិត្យមើល​ការងារ​សម្រេចបាន និង​បញ្ហា​ប្រឈម​