ផ្សាយ​ចម្រៀង​ចំអក​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ចាប់​ខ្លួន


បុរសជាតិថៃមួយរូប ត្រូវបានឃាត់ខ្លួន និងអាចត្រូវផ្ដន្ទាទោស ចំនួន៥ឆ្នាំ ក្នុងពន្ធនាគារ ពីបទបានបង្ហោះ នៅ​លើ​បណ្ដាញ​សង្គម នូវចម្រៀងមួយបទ ដែលបានចំអកឲ្យមេដឹកនាំយោធា ដែលក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​សព្វថ្ងៃ។
ផ្សាយ​ចម្រៀង​ចំអក​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ចាប់​ខ្លួន

លោក ប្រាយុទ្ធ ចាន់អ៊ូឆា ដែលជានាយករដ្ឋមន្ត្រីផង និងជាមេដឹកនាំយោធា ដ៏កំពូលផង របស់ប្រទេសថៃ។ (រូបថត AP)

លោក ណារ៉ុង រុនថាណាវង់ (Narong Roonthanawong) អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន បន្ទាប់​ពី​មាន​​ពាក្យ​បណ្ដឹង​មួយ ពីសំណាក់យោធាថៃ ពីបទ«បង្ហោះព័ត៌មានមិនពិត»។ នេះបើតាមការអះអាង របស់​មន្ត្រី​ទទួល​ខុស​ត្រូវ របស់​នគរបាលថៃ លោក ឆៃរ៉ូប ជនណាវ៉ាត់ (Chairop Junnawat) ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP)។

លោក ឆៃរ៉ូប ដែលពាក់ស័ក្ដិ៥ បានថ្លែងពន្យល់ថា៖ «ជនសង្ស័យបានសារភាព ថាបានចែក​រំលែក​ចម្រៀង​មួយ​បទ ដែលខ្លួនគាត់គិតថា គួរឲ្យចង់សើច ជាមួយនឹងមិត្តភ័ក្រ។ នៅពេលនេះ ជនសង្ស័យ​បាន​សុំ​ការ​អភ័យទោស ពីសំណាក់នាយករដ្ឋមន្ត្រី ពីកំហុសឆ្គងរបស់ខ្លួន។»

ចម្រៀង ដែលត្រូវបានយកមកបង្ហោះនោះ មានចំណងជើងថា «ដើម្បីលោកអ៊ុំ ជាទីគោរពរបស់យើង» ហើយ​មាន​អត្ថន័យ ជាការបញ្ឆិតបញ្ឆៀង ទៅរកលោក ប្រាយុទ្ធ ចាន់អ៊ូឆា (Prayut Chan-O-Cha) ដែលជា​នាយក​រដ្ឋមន្ត្រី​ផង និងជាមេដឹកនាំយោធា ដ៏កំពូលផង។

លោក ប្រាយុទ្ធ ខ្លួនលោក ក៏បានតែងនិពន្ធ ជាចម្រៀងជាច្រើនបទដែរ តែសុទ្ធតែមានន័យ​តាម​បែប​«ឃោសនា» ដូចយ៉ាងចម្រៀង មានចំណងជើង «ប្រគល់ជូនទៅប្រទេសថៃ នូវសុភមង្គល» ជាដើម។ ចម្រៀង​នេះ ត្រូវ​បាន​យក​មកចាក់ផ្សាយ ជារៀងរាល់យប់ថ្ងៃសុក្រ នៅមុនកិច្ចអន្តរាគមន៍ប្រចាំសប្ដាហ៍ នៅតាម​កញ្ចក់​ទូរទស្សន៍ របស់​លោក​ផ្ទាល់។

តាំងពីរបបដឹកនាំបែបយោធា ដែលស្និត«បេះមិនចេញ»នឹងរាជបល្ល័ង្គថៃ មកដណ្ដើមយកអំណាចរដ្ឋ នៅ​ខែ​ឧសភា ឆ្នាំ២០១៤នោះមក សិទ្ធិសេរីភាព​ជាសាធារណៈ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ត្រូវបាន​ឃាត់​ឃាំង និងមានការ​រិតត្បិតជាទីបំផុត។ ការជួបជុំរបស់ពលរដ្ឋ ដើម្បីសម្ដែងមតិ ឬធ្វើបាតុកម្មអ្វីមួយ ត្រូវបាន​ហាម​ឃាត់។

ការឃាត់ខ្លួន និងសវនាការកាត់ទោស ដែលទាក់ទងនឹងសំនុំរឿង ប្រមាថ«ព្រះចេស្ដា» បានកើនឡើង​ទ្វេដង។ កាលពីប៉ុន្មានខែមុន អ្នកបញ្ចេញមតិ តាមអ៊ិនធើណែតមួយរូប ត្រូវបានចាប់ដាក់ពន្ធនាគារ បន្ទាប់ពីជននេះ បាន​ចំអក​ឲ្យ​«ឆ្កែ» របស់ព្រះរាជាថៃ ដែលត្រូវបានចាត់ទុក ជាព្រះមហាក្សត្រពាក់កណ្ដាលអទិទេព៕