ក្រសួងយុត្តិធម៌ : ​ដោយសារ​ខ្វះ​ធនធានមនុស្ស​ សិស្ស​ចៅក្រម​នឹង​ជ្រើសរើស​មួយឆ្នាំ​ម្តងវិញ​

Doliprane TVC

ភ្នំពេញ : អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវការ​បង្កើត​តុលាការ​ជាច្រើន​បន្ថែមទៀត ហើយដោយ​សារ​ជួប​បញ្ហា​កង្វះខាត​ធនធានមនុស្ស​ក្នុង​ប្រព័ន្ធយុត្តិធម៌​នោះ ក្រសួង​នឹងធ្វើ​ការផ្លាស់ប្តូរ​ពី​ការប្រលង​សិស្ស​ចៅក្រម​ពី ២ ឆ្នាំ ប្រលង​ម្តង​មក​ធ្វើ​ការប្រលង​ជ្រើសរើស​មួយឆ្នាំ​ម្តងវិញ ។​

​ថ្លែងប្រាប់​បណ្តាញ​សារពត៌មាន លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា​នា​កិច្ចប្រជុំ​នៃ​គណៈ​ក​ម្មា​​ធិ​ការដឹកនាំ​កែទម្រង់​ច្បាប់ និង ប្រព័ន្ធយុត្តិធម៌​កាលពី​ថ្ងៃទី ២៨ ខែមករា កន្លងមក​បានធ្វើការ​សម្រេច​បង្កើត​តុលាការ​ការងារ និង តុលាការ​ពាណិជ្ជកម្ម​រួចហើយ ប៉ុន្តែ​មិនទាន់បាន​រក​ទីតាំង​ច្បាស់លាស់​នៅឡើយ​ទេ ។

លោក​បាន​មានប្រសាសន៍ ថា​ធនធាន​មន្ត្រី​យុត្តិធម៌​នៅមាន​ការខ្វះខាត​ចៅក្រម ព្រះរាជអាជ្ញា​ក្រលាបញ្ជី​ច្រើន ដូច្នេះ​នៅ​សាលា​បណ្ឌិតសភា វិជ្ជាជីវៈ​តុលាការ​ធ្វើការ​បណ្តុះបណ្តាល​សម្រាប់​ជ្រើសរើស​បន្ថែមទៀត ។​ ​លោក​បញ្ជាក់ដែរថា​« អឹ​ញ្ចឹ​ង​ទេ​ចៅក្រម​យើង​ជ្រើសរើស​ពី​ឆ្នាំ​ម្តង ឥឡូវ​វ​ចាប់ពីពេលនេះ​តទៅ​យើង​ជ្រើសរើស​មួយឆ្នាំ​ម្តង ដើម្បី​ឆ្លើយតប​តម្រូវការ​នាពេល​បច្ចុប្បន្ន ។

យើង​បង្កើត​តុលាការ​តំបន់​ផង សាលា​ឧ​ទ្ទ​រណ៍​ផង​ដូច្នេះ​យើង​ត្រូវមាន​ធនធានមនុស្ស ដែលមាន​សមត្ថភាព ក្នុង​វិស័យ​យុត្តិធម៌​នេះ​» ។​ ​លោក​បាន​ឱ្យដឹងពី​រឿងនេះ​ថា «​បើតាម​ច្បាប់​ស្តីពី​អង្ក​ការចាត់តាំង​តុលាការ​យើង​មាន​ហើយ​គឺ​យើង​បាន​បង្កើត​តុលា​ការ ការងារ និង តុលាការ​ពាណិជ្ជកម្ម​រួចហើយ ប៉ុន្តែ​ឥឡូវនេះ​យើង​នៅ​ខ្វះ​ទីតាំង​នៅឡើយ ។

យើង​ត្រូវតែ​រក​កន្លែង​ដាក់​ទីតាំង​តុលាការ​ទាំងនេះ ជាង​នេះ​អ្វីដែល​សំខាន់​នោះ​គឺថា នីតិវិធី​ការងារ​មានន័យថា តើ​តុលាការ ការងារ ត្រូវធ្វើ​យ៉ាង​ដូ​ម្តេច ដោះស្រាយ​បណ្តឹង​យ៉ាង​ដូ​ម្តេច ? តុលាការ​ពាណិជ្ជកម្ម​ដោះស្រាយ​បណ្តឹង​របៀប​ណា ? អីចឹង​ទេ​អ្វីដែល​យើង​ធ្វើ​នៅ​មិនទាន់​បានទេ គឺ​ទីតាំង »​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា​តម្រូវការ​លើ​វិស័យ​ច្បាប់ កំពុង​កើតមាន​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដើម្បី​បម្រើ​ដល់​ពលរដ្ឋ ហេតុនេះ​ការជ្រើសរើស​ធនធានមនុស្ស​សម្រាប់​បម្រើ​លើ​វិស័យនេះ​ក៏ត្រូវ​តែ​បំពេញ​ទៅតាម​តម្រូវ​​ការ​ផងដែរ ៕​ដេប៉ូ​