ស្ត្រី​កម្ពុជា​ជួបនឹង​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច​

​ភ្នំពេញ​៖ រៀងរាល់​ព្រឹក​អ៊ំស្រី ផាន ខា អូស​រទេះ​ដែល​ពេញ​ទៅដោយ​លៀស​របស់គាត់​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ ពេលខ្លះ​អ៊ំស្រី​ត្រូវ​អូស​រទេះ​របស់គាត់​ចម្ងាយ​រហូតដល់​ទៅ​២០​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ​។​នៅ​ថ្ងៃ​ល្អ​លោក​អ៊ំ​អាច​រកប្រាក់​ចំណូល​បាន​ជាង​៤០.០០០​រៀល ។​

​ការ​អូស​រទេះ​លក់​លៀស​នេះ​អាចជួយ​ឱ្យ​អ៊ំស្រី​អាច​បង់ថ្លៃ​ឈ្នួល​ផ្ទះ​របស់លោក​អ៊ំ​២០​ដុល្លារ​ជា​រៀងរាល់ខែ ដើម្បី​មាន​កន្លែង​ស្នាក់នៅ​នៅ​ពេលយប់​សមស្រប និង​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​។​

​នៅពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់ VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ អ៊ំស្រី ផាន ខា ដែលមាន​អាយុ ៥៩​ឆ្នាំ បាន​និយាយថា គាត់​មិនមាន​ជម្រើស​ផ្សេង ដើម្បី​ប្រកបមុខរបរ​រកប្រាក់​ក្រៅពី​ការ​អូស​រទេះ​លក់​លៀស​នេះ​ទេ​។ លោក​អ៊ំ មានប្រសាសន៍ថា គាត់​មិនមាន​ការអប់រំ​ខ្ពស់​ដែល​អាចជួយ​ឱ្យ​រក​ការងារ​បានល្អ​ជាង​នេះ​នោះទេ ហើយក៏​ត្រូវ​ទទួលបន្ទុក​មើលថែទាំ​គ្រួសារ​មួយ ដែលមាន​ឪពុក​របស់គាត់ និង​ចៅៗ​ចំនួន​ប្រាំ​បីនាក់​។​

​លោក​អ៊ំ​បាន​និយាយថា​៖ «​មួយថ្ងៃ​លក់បាន​ប្រាំ​ម៉ឺន​ទៅ​ប្រាំមួយ​ម៉ឺន​ទៅ​មិន​ទៀង​។ លក់​អស់​ទៅ​ចំណេញ​លក់​មិន​អស់​នៅ​ច្រើន​អីចឹង​។ ថ្ងៃ​ណា​សល់​។ ថ្ងៃ​ណា​មិន​សល់​លក់​អស់​បាន​ចំណេញ​ប្រាំ ឬ​ប្រាំមួយ​ម៉ឺន​»​។​

​មាន​ស្ត្រី​កម្ពុជា​ច្រើន​ទៀត​មាន​បញ្ហា​ដូច​រូបលោក​អ៊ំ​ដែរ​។ ស្ត្រី​កម្ពុជា​ទាំងនេះ​ត្រូវ​បង្ខំចិត្ត​ចូលទៅក្នុង​ការធ្វើការងា​រ​ដោយ​កម្លាំង​ពលកម្ម ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយសារ​ពួកគាត់​មិនមាន​ឱកាស​ការងារ និង​ចំណេះដឹង​គ្រប់គ្រាន់​។

​ខណៈពេលដែល​រដ្ឋមន្ត្រី​ការបរទេស​របស់​ស​ហ​រដ្ឋ​អាមេរិក​លោក ច​ន ឃែ​រី (John Kerry) រៀបចំ​ដំណើរ​ទស្សនកិច្ច​មួ​យម​ក​ប្រទេស​កម្ពុ​ជានា​សប្តាហ៍​ក្រោយនេះ​។ ភាពក្រីក្រ​ដែល​លោក​អ៊ំ ផាន ខា និង​អ្នក​ឯទៀត​កំពុង​ជួបប្រទះ បានបង្ហាញ​ពី​បញ្ហា​ធំៗ​ដែល​អ្នករៀបចំ​គោលនយោបាយ​កំពុង​ប្រឈម​ក្នុងការ​បង្កើតឱ្យមាន​ស​ម​ភាព​យេនឌ័រ និង​ឱកាស​ការងារ​សម្រាប់​ស្ត្រី និង​ប្រជាជន​ក្រីក្រ ទូទៅ​ជាច្រើន​ទៀត​។​

​ធនាគារពិភពលោក​បាន​ឱ្យដឹងថា បើទោះបីជា​ប្រទេស​កម្ពុជា​បាន​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​បាន​ច្រើន​យ៉ាងណាក្តី​៖«​ចំនួន​គ្រួសារ​ភាគច្រើន​ដែល​គេច​ចេញពី​ភាពក្រីក្រ​រួច​នោះ​មានតែ​មួយចំនួន​តូច​ប៉ុណ្ណោះ​។ វា​បាន​បន្សល់​ចំនួន​ភាគច្រើន​នៃ​អ្នក​ដែល​ស្ទើរតែ​ក្រីក្រ​។ ប្រហែល​៩០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅក្នុង​តំបន់​ជនបទ​។ ក្នុងចំណោម​ប្រជាជន​កម្ពុជា​១៥​លាន​នាក់ មាន​៣​លាន​នាក់ មាន​ជីវភាព​ក្រីក្រ និង ៨,១​លាន​នាក់​គឺ​ស្ទើរតែ​ជា​ជនក្រីក្រ​។​

​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក​អ៊ំ ផាន ខា និង​រទេះ​របស់គាត់​អ្នក មីង តា​លាស់ សារី​ហ្វា​ស ដែលមាន​អាយុ​៤៤​ឆ្នាំ កំពុង​ជូន​សាច់ញាតិ​របស់គាត់​ទៅ​មន្ទីរពេទ្យ​។ អ្នក​មីង សារី​ហ្វា​ស គឺជា​អ្នកនេសាទ​មកពី​ខេត្តកំពង់ចាម​ដែល​អាច​រកប្រាក់​បាន​ប្រហែល​១៥.០០០​រៀល ឬ​តិចជាង​នេះ​ក្នុង​មួយថ្ងៃ​។​

​អ្នក​មីង​បាន​និយាយថា​៖«​ត្រី​សព្វថ្ងៃនេះ​ក្រ​ណាស់​មួយថ្ងៃ ជួនកាល​បាន​មួយ​ជួន​ពីរ​ទៅ​»​។​

​ពេលខ្លះ​អ្នក​មីង​គិត​អំពី​ការស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ប៉ុន្តែ​អ្នក​មីង​មាន​ម្តាយ​ចាស់ជរា និង​កូន​ដែល​នៅក្នុង​បន្ទុក​ដែល​ធ្វើឱ្យ​គាត់​មិនអាច​ចាកចេញ​ទៅធ្វើ​ការ​ឆ្ងាយ​បាន​។​

«​សម្រាប់​ខ្ញុំ​បានតែ​ទៅ​ម៉ា​ឡេ​រួច​ទៅ​ខ្ញុំ​ទៅ​អត់​កើត​នៅ​ទ្រាំ​ម៉ែ​។ ម៉ែ​ជរា​។ អត់​ពី​ម៉ែ​ទៅ​នៅមាន​កូន​ទៀត​។ អត់​ដាច់ចិត្ត​ទៅរក​ស៊ី​ឆ្ងាយ​»​។ អ្នក​មីង​មានប្រសាសន៍​ថា​៖ «​យើង​វា​ក្រ​អត់​មាន​រកស៊ី​អី​។ ពិបាក​តែ​ប៉ុណ្ណឹង​។ ហើយ​ទៅ​កូន​នៅ​រៀន​ផង​អី​ផ​ង‍​»​។​

​អ្នក​មីង​បាន​បន្ថែមថា​៖«​ចង់​លក់​ខោអាវ​អី​ធម្មតា​លើគោក តែ​យើង​អត់​មាន​ថវិកា​។ ពិបាក​។​

​បងស្រី ទូច ដា​នី អាយុ​៣២​ឆ្នាំ ជា​អ្នកលក់​ភេសជ្ជៈ​។ គាត់​មាន​រទេះ​តូច​មួយ ដើម្បី​លក់​ភេសជ្ជៈ​តាមផ្លូវ​ក្នុង​ក្រុងភ្នំពេញ​។ គាត់​ចាប់ធ្វើការ​តាំងពីព្រឹក​ព្រលឹម​រហូត​ដល់ពេល​ព្រលប់​ងងឹត​។ នៅពេល​វិលត្រឡប់​ទៅផ្ទះ​វិញ បងស្រី ដា​នី ត្រូវធ្វើ​ការងារ​ផ្ទះ​ជាច្រើន និង​មើលថែទាំ​កូនតូចៗ​។​

​បងស្រី​មានប្រសាសន៍ថា​៖«​ដល់ពេល​លក់ដូរ​ហើយ​ទៅវិញ​នៅ​ចង្ក្រាន​ជើង​ឆ្នាំង​ទៀត​។ នៅ​ការបោក​ខោអាវ រៀបចំផ្ទះ​សម្បែង ឱ្យបាន​ស្អាតបាត​។ ថែរក្សា​កូន​ឱ្យ​ស្អាតបាត​ទៀត​»​។​

​ស្ត្រី​ទាំងបី​នាក់​នេះ​នៅតាម​ដងផ្លូវ​មួយ ដែល​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ក្នុង​រាជធានី​ភ្នំពេញ​។ គេ​ឃើញ​មាន​ស្ត្រី​ធ្វើការ​បែបនេះ​ស្ទើរ​នៅ​គ្រប់​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​។ នៅតាម​ជនបទ សេដ្ឋកិច្ច​កាន់តែ​លំបាក​ថែមទៀត​។ ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើឱ្យ​ជីវិត​រស់នៅ​របស់​ស្ត្រី​កម្ពុជា​ប្រសើរឡើង​គឺជា​ការចាំបាច់​ខ្លាំងណាស់​។​

​អ្នកសម្របសម្រួល​ជាន់ខ្ពស់​របស់​ទីភ្នាក់ងារ USAID ដើម្បី​សមភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​លោកស្រី Susan Markham បាន​ប្រាប់ VOA នៅពេល​លោកស្រី​មក​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន​ថា ការកែលម្អ​ជីវភាព​រស់នៅ​របស់​ស្ត្រី​នៅទីនេះ​តម្រូវឱ្យមាន​ស្ថាប័ន​រឹងមាំ​ជាច្រើន​ចូលរួម​គ្នា ដើម្បី​ដោះស្រាយ​ភាពក្រីក្រ​។ ហើយ​វា​មិនមែន​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ តែ​រួមទាំង​វិស័យ​ឯកជន​ផងដែរ​។

​លោកស្រី​បាន​និយាយថា​៖ «​វា​ជាការ​រួមបញ្ចូល​គ្នា​នៃ​កត្តា​ដែល​រួមគ្នា​។ អ្នកត្រូវការ​អភិបាលកិច្ច​ល្អ​ចាប់ពី​ថ្នាក់​សភា​រហូតដល់​ថ្នាក់មូលដ្ឋាន​។ អ្នក​ត្រូវ​ដឹងថា ការអប់រំ​ពិតជា​សំខាន់​សម្រាប់​ការងារ​។ ដូច្នេះ វា​មាន​កត្តា​ជាច្រើន​ដែល​ត្រូវតែ ដោះស្រាយ​»៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​