ឯកឧត្តម សម រង្ស៊ី សម្រេចបង្ហាញ ប្រវត្តិរូបសង្ខេប តាមបណ្តាញសង្គម

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ឯកឧត្តម សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស នោះ បានសម្រេចបង្ហាញ ប្រវត្តិរូបសង្ខេប (CV) តាមរយៈបណ្តាញទំនាក់ទំនងសង្គម (Facebook) ។

ប្រវត្តិរូបសង្ខេប លោក សម រង្ស៊ី ទិន្នន័យផ្ទាល់ខ្លួន និងគ្រួសារ

- កើតថ្ងៃទី១០ ខែមិនា ឆ្នាំ១៩៤៩ នៅទីក្រុងភ្នំពេញ

- ឪពុកឈ្មោះ សម សារី ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីច្រើនក្រសួង ក្នុងរដ្ឋាភិបាលដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ ក្នុងទស្សវត្សរ៍ ១៩៥០

- ម្តាយឈ្មោះ អ៊ិន ឯម ជាគ្រូបង្រៀន និងជាស្ត្រីខ្មែរទីមួយ ដែលបានរៀនបញ្ចប់មធ្យមសិក្សា ហើយទទួលបាន សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ Baccalauréat ក្នុងទស្សវត្សរ៍១៩៣០

- បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ជូឡុង សូមួរ៉ា នៅឆ្នាំ ១៩៧១ និងមានកូន ៣ នាក់

- បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសបារាំងក្នុង ឆ្នាំ១៩៦៥ និងត្រឡប់មករស់នៅ ប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៩២។

ការសិក្សា

- ថ្នាក់បឋមសិក្សា នៅទីក្រុងភ្នំពេញ ទីក្រុងប៉ារីស (ប្រទេសបារាំង) និងទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស)។

- ថ្នាក់វិទ្យាល័យ នៅទីក្រុងភ្នំពេញ (វិទ្យាល័យបារាំង Descartes និងវិទ្យាល័យ ព្រះស៊ីសុវត្ថិ) និងទីក្រុងប៉ារីស (វិទ្យាល័យ Janson de Sailly)។ សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ Baccalauréat និទ្ទេស ល្អប្រសើរ Mention Bien ទីក្រុងប៉ារីស ឆ្នាំ១៩៦៦។

- កម្រិតឧត្តមសិក្សា៖

+ ផ្នែកគ្រប់គ្រងសហគ្រាស (សញ្ញាបត្រអនុបណ្ឌិត ផ្នែកគ្រប់គ្រងសហគ្រាស MBA ផ្តល់ដោយ វិទ្យាស្ថាន INSEAD ប្រទេសបារាំង) ឆ្នាំ១៩៨០

+ ផ្នែកគណនេយ្យ (សញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យ D.E.C.S. ផ្តល់ដោយក្រសួងអប់រំប្រទេសបារាំង) ឆ្នាំ១៩៧៩

+ ផ្នែកសេដ្ឋកិច្ច (អនុបណ្ឌិត Maîtrise និង សញ្ញាបត្រជាន់ខ្ពស់បន្ថែម ផ្នែកសេដ្ឋកិច្ច D.E.S. ផ្តល់ដោយ សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទីក្រុងប៉ារីស) ឆ្នាំ១៩៧៣

+ ផ្នែកវិទ្យាសាស្ត្រនយោបាយ (សញ្ញាបត្រ នៃ វិទ្យាស្ថាន វិទ្យាសាស្ត្រ នយោបាយ ទីក្រុងប៉ារីស Sciences Po Paris) ឆ្នាំ១៩៧១។

បទពិសោធន៍ការងារ ក្នុងវិស័យឯកជន នៅប្រទេសបារាំង

- ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩២ ធ្វើជាប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន វិនិយោគ DR Gestion នៅទីក្រុងប៉ារីស។

- ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ ៩៨៨ ធ្វើជានាយក ធនាគារបារាំង Paluel-Marmont ដែលមានជំនាញក្នុងការ ស្រាវជ្រាវផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ លើទីផ្សារភាគហ៊ុនអន្តរជាតិ។

- ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៨៥ ធ្វើជាអ្នកជំនាញផ្នែកវិភាគហិរញ្ញវត្ថុ (Financial Analyst) និងជាអ្នកគ្រប់គ្រង ទុនវិនិយោគ (Investment Manager) នៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា នៅទីក្រុងប៉ារីស ក្នុងនោះមាន ទាំងធនាគារអាមេរិកាំង Manufacturers Hanover និងធនាគារបារាំង Paribas។

ការងារនយោបាយ នៅប្រទេសកម្ពុជា

- នៅឆ្នាំ១៩៨១ បានចូលរួមជាមួយ ចលនាហ៊្វុនស៊ីនប៉ិច (Funcinpec Movement) ដែលបង្កើតឡើង ដោយសម្តេចព្រះនរោត្តម សីហនុ។

- ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥ បានធ្វើជាសមាជិកស្ថាបនិក នៃគណបក្សហ្វ៊ុនស៊ីនប៉ិច (Funcinpec Party) និងជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សហ៊្វុនស៊ីនប៉ិច។

- ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ជាសមាជិក នៃឧត្តមក្រុមប្រឹក្សាជាតិ (S.N.C.) មានសម្តេចព្រះនរោត្តម សីហនុ ជាប្រធាន ដែលតំណាងឲ្យអធិបតេយ្យភាពជាតិ ដើម្បីសហការជាមួយ អាជ្ញាធរអន្តរកាល នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (ហៅកាត់ថា អ៊ុនតាក់ U.N.T.A.C.)។

- នៅឆ្នាំ១៩៩៣ គណបក្សហ៊្វុនស៊ីនប៉ិច បានទទួលជ័យជំនះក្នុងការបោះឆ្នោតថ្នាក់ជាតិ ដែលរៀបចំដោយ អ៊ុនតាក់។ ការបោះឆ្នោតនេះ ជាការបោះឆ្នោតលើកទីមួយ នៅប្រទេសកម្ពុជា ដែលមានលក្ខណៈ ប្រជាធិបតេយ្យពិតប្រាកដ។

- ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤ ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា។

- ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាតំណាងរាស្ត្រ មណ្ឌលខេត្តសៀមរាប។

- ចាប់ពីឆ្នាំ១៩៩៨ មកទល់សព្វថ្ងៃ ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម។

- ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨ ជាប្រធានគណបក្សជាតិខ្មែរ។

- ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣ ជាប្រធានគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំង មុនគេបង្អស់ នៅក្នុងរដ្ឋសភាប្រទេសកម្ពុជា។ គណបក្សនេះ បានទទួលអសនៈរដ្ឋសភា ចំនួន ១៥អសនៈ នៅឆ្នាំ១៩៩៨ បន្ទាប់មក ២៤អសនៈ នៅឆ្នាំ២០០៣ និងបន្ទាប់មកទៀត ២៦អសនៈ នៅឆ្នាំ២០០៨ ក្នុងការបោះឆ្នោតថ្នាក់ជាតិ ជាបន្តបន្ទាប់។

- ពីឆ្នាំ២០១៣ មកទល់សព្វថ្ងៃ ជាប្រធាន គណបក្សសង្រ្គោះជាតិ ដែលទទួលបានដំណែង ជាតំណាងរាស្ត្រក្នុង រដ្ឋសភា ចំនួន ៥៥អសនៈ (លើ ១២៣ អសនៈ)។

- ពីឆ្នាំ២០១៤ មកទល់សព្វថ្ងៃ ជាប្រធានក្រុមមតិភាគតិច (Minority Leader) ក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ពានរង្វាន់ទទួលបាន

- ពានរង្វាន់កិត្តិយស ផ្តល់ដោយអង្គការសហរដ្ឋអាមេរិក Heritage Foundation នៅឆ្នាំ១៩៩៨

- ពានរង្វាន់ ជាលិខិតឆ្លងដែនឆ្ពោះទៅរកសេរីភាព (Passport for Freedom) ផ្តល់ដោយ សភាអឺរ៉ុប (European Parliament) នៅឆ្នាំ២០០០

- ពានរង្វាន់សេរីភាព (Prize for Freedom) ផ្តល់ដោយ ចលនាសេរីនិយមអន្តរជាតិ (Liberal International) នៅឆ្នាំ២០០៦៕

ឯកឧត្តម សម រង្ស៊ី សម្រេចបង្ហាញ ប្រវត្តិរូបសង្ខេប តាមបណ្តាញសង្គម