ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​​វេលា​​រសៀល​ថ្ងៃ​ទី​២៩ មក​រា ​២០១៦ ​នេះ មន្ត្រី​កាំកុងត្រូល​សាខា​​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​គង់ វុ​ទ្ធី អនុប្រធាន​កាំកុងត្រូល​ សហការ​ជាមួយ​មន្ត្រី​សាខា​ផែស្ងួត​ចុង​ទី​ក្រុង​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​ត្រួត​ពិ​និ​ត្យ​រក​​ស្ករត្នោត​លាយ​ជាតិ​គីមី​​ ស្ថិតនៅ​​ចំណុច​ផ្សារ​ច្បារ​អំពៅ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ក្រោយ​​ការ​ចុះ​ត្រួត​ពិ​និ​ត្យ​​រួច សមត្ថកិច្ច​​រក​ឃើញ​ស្ករត្នោត ដែល​មាន​លាយ​ឡំ​​​សារជាតិ​គីមី​ឈ្មោះ (​សូ​ដ្យូ​ម អ៊ី​ដ្រូ​ស៊ុ​ល​ហ្វី​ត (Sodium Hydrosulfite) ចំនួន​៧​ធុង ស្មើ​​នឹង​៥៦០​គីឡូក្រាម ។ ក្រោយ​រក​ឃើញ​ថា មាន​សារជាតិ​គីមី​​​ហើយ​នោះ មន្ត្រី​ជំនាញ​បាន​​រឹបអូស​យក​ស្ករត្នោត​ទាំង៧​ធុង​ពី​ម្ចាស់​ស្ករត្នោត​ចំនួន​២​​ទីតាំង យក​ទៅ​នាយកដ្ឋាន​កាំកុងត្រូល រង់​ចាំ​ធ្វើការ​ដុត​កម្ទេច​ចោល ។

លោក​​គង់ វុ​ទ្ធី អនុប្រធាន​កាំកុងត្រូល​សាខា​រាជធានី​បាន​​ឱ្យ​​ដឹង​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បាន​ចាត់វិធានការ​ជា​បន្ទាន់​មួយឱ្យ​ ​​មន្ត្រី​ជំនាញ​គ្រប់​សាខា​ទាំងអស់​ទូ​ទាំង​រាជធានី-ខេត្ត-ក្រុង ចុះ​ស្វែងរក​វត្តមាន​​នៃ​សារធាតុ​សូ​ដ្យូ​ម អ៊ី​ដ្រូ​ស៊ុ​ល​ហ្វី​ត (Sodium Hydrosulfite)​ ស្ថិតនៅ​លើ​ទីផ្សារ​ម្ហូប​អាហារ បន្ទាប់​ពី​សារធាតុ​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ស្ករត្នោត​នា​ពេល​ថ្មី​ៗ​នេះ​ ។

ដោយឡែក មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ផែស្ងួត​​ចុង​ទី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ ពេញ ធារ​ម្យ បាន​ចុះ​ទៅ​តាម​ទីផ្សារ ​ដែល​ជា​មុខព្រួញ​សំខាន់​ៗ​មួយ​ចំនួន​រួច​មក​ហើយ​​ក្នុង​រាជធានី​ភ្នំពេញ ។ ជាក់ស្តែង​ដូច​នៅ​ពេល​នេះ ដើម្បី​អនុវត្ត​វិធានការ​បន្ទាន់​នេះ ។