ខុមហ្រ្វែល​​បើក​វេទិកា​ម្ចាស់​ឆ្នោត​ស្ដីពី​លទ្ធផល​នៃ​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មករា បើក​វេទិកា​ម្ចាស់​ឆ្នោត​ស្ដីពី​ការ​ផ្តល់​ពិន្ទុ​លើ​លទ្ធផល​នៃ​ការ​បំពេញ និង​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា ឆ្នាំ​ទី​២ ក្នុង​រាជធានី​ភ្នំពេញ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់​វេទិកា​ដែល​បើក​ឲ្យ​មាន​ការ​វាយ​តម្លៃ ឬ​ការ​ដាក់​ពិន្ទុ​លើ​ការងារ​របស់​រដ្ឋាភិបាល​នេះ​ឡើយ ដោយ​ចាត់​ទុក​ថា ការ​វាយ​តម្លៃ​នោះ​មិន​អព្យាក្រឹត។

​​វេទិកា​ម្ចាស់​ឆ្នោត​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ ជា​គោលដៅ​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​អង្គការ​នេះ​ធ្វើ​ដូចគ្នា​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ធានី​ផ្សេង​ទៀត​ស្ទើរ​ទូទាំង​ប្រទេស​អស់​រយៈ​ជិត ២​ខែ​កន្លង​មក។

​មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ ខុមហ្វ្រែល លោក សៀន ប៊ុនរិទ្ធ កាលពី​ថ្ងៃ​ទី​២៩ មករា ឲ្យ​ដឹង​ថា គោលដៅ​សំខាន់​នៃ​វេទិកា​នេះ អ្នក​ចូល​រួម​អាច​ពិភាក្សា​លើ​លទ្ធផល នៃ​ការ​អនុវត្ត​គោលនយោបាយ​បាយ​របស់​រដ្ឋាភិបាល​តាំង​ពី​ដើម​អាណត្តិ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

អ្នក​ចូលរួម​អាច​ដាក់​ពិន្ទុ ឬ​វាយ​តម្លៃ​ទៅ​លើ​ការ​អនុវត្ត​ជាក់លាក់​របស់​រដ្ឋាភិបាល ដោយ​ផ្អែក​លើ​ការ​សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ កាល​ពី​អំឡុង​ពេល​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេង​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣៖ «នីតិវិធី​នៃ​ការ​ផ្ដល់​ពិន្ទុ​នេះ​មាន​ពីរ គឺ​ការ​ឲ្យ​ពិន្ទុ​ដំបូង​ដែល​គាត់​អត់​បាន​ទទួល​ព័ត៌មាន​ពី​ខាង​ណា​ទាំង​អស់​ហើយ​គាត់​ចាប់​ផ្ដើម​ដាក់​ពិន្ទុ បន្ទាប់​មក​មាន​អ្នក​ជំនាញ​វាគ្មិន​មកពី​ស្ថាន​ផ្សេងៗ​ទាំង​សង្គម​ស៊ីវិល និង​ខាង​រដ្ឋាភិបាល​ធ្វើ​បទ​បង្ហាញ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល រួច​ហើយ​គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ម្ដង​ទៀត​ក្នុង​ការ​ដាក់​ពិន្ទុ​នេះ​ថា តើ​គាត់​ផ្លាស់ប្ដូរ​គំនិត ឬ​អត់​បន្ទាប់ពី​គាត់​ទទួល​បាន​ការ​ពន្យល់ ឬ​ព័ត៌មាន​ផ្សេងៗ​នោះ»

​លោក​បន្ត​ថា អង្គការ​ខុមហ្វ្រែល បាន​រៀបចំ​កម្រង​សំណួរ​ប្រមាណ ៣៤ ទាក់ទង​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល ដោយ​ផ្ដោត​ទៅ​លើ​វិស័យ ៤​ផ្សេង​គ្នា រួមមាន​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ វិស័យ​រដ្ឋបាល​សាធារណៈ វិមជ្ឈការ ការ​អនុវត្ត​ច្បាប់ និង​កែលំអ​ប្រព័ន្ធ​តុលាការ វិស័យ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វិស័យ​អប់រំ​សុខភាព ការងារ វប្បធម៌ និង​សង្គមកិច្ច។

លទ្ធផល​នៃ​ការ​ដាក់​ពិន្ទុ​នេះ ខុមហ្វ្រែល នឹង​ចងក្រង​របាយការណ៍​ស្ដីពី​លទ្ធផល ដាក់​ជូន​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជូន​ម្ចាស់​ឆ្នោត និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ដឹង និង​ធ្វើការ​សម្រេច​ចិត្ត​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត។

​អ្នក​ចូលរួម​ក្នុង​វេទិកា​នេះ​មាន​សមាសភាព​មកពី​ស្ថាប័ន​គ្រប់​វិស័យ និង​ប្រជាពលរដ្ឋ​ទូទៅ។

​ទាក់ទង​នឹង​ការ​រៀបចំ​វេទិកា​នេះ​ដែរ អ្នក​តំណាងរាស្ត្រ  និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​គ្រប់គ្រង​រដ្ឋាភិបាល លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​រៀបចំ​វេទិកា​នេះ កន្លង​មក​បាន​បង្ហាញ​លទ្ធផល​អវិជ្ជមាន ឬ​ផ្ទុយ​ពី​លទ្ធផល​ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល៖ «ខុមហ្វ្រែល ទោះបី​គាត់​ថា ជា​អង្គការ​អព្យាក្រឹត មិន​រក​ចំណេញ​អី​ក៏ដោយ ប៉ុន្តែ​ការងារ​របស់​គាត់​កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា មិន​ឯករាជ្យ ឬ​អព្យាក្រឹត​ទេ អ៊ីចឹង​ទេ ការ​វាយ​តម្លៃ​ណា​មួយ​នោះ ខ្ញុំ​យល់​ថា មិន​ត្រឹមត្រូវ​តាម​តថភាព​សង្គម​នោះ​ទេ»

​ក៏ប៉ុន្តែ​មន្ត្រី​ខុមហ្វ្រែល បញ្ជាក់​ថា ខ្លួន​គ្រាន់តែ​ជា​អ្នក​សម្របសម្រួល​បើក​វេទិកា​ផ្ដល់​ជូន​ម្ចាស់​ឆ្នោត​ជា​អ្នក​ដាក់​ពិន្ទុ​ដោយ​ខ្លួនឯង មិន​មែន ខុមហ្វ្រែល ជា​អ្នក​វាយ​តម្លៃ​លើ​ការងារ​របស់​រដ្ឋាភិបាល​នោះ​ទេ។

​អង្គការ​ខុមហ្វ្រែល បាន​រៀបចំ​វេទិកា​លើក​ទី​២​នេះ នៅ​ទូទាំង ២៣​រាជធានី-ខេត្ត។ វេទិកា​ស្រដៀង​គ្នា​នេះ​ដែរ អង្គការ​ខុមហ្រែ្វល ធ្លាប់​ធ្វើ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​២០១៣ ក្រោយ​ការ​បោះ​ឆ្នោត​បង្កើត​បាន​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥ នេះ​រួច។

​ការ​បើក​វេទិកា​លើក​ទី​មួយ​នោះ​ធ្វើ​ឡើង​តែ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ប៉ុណ្ណោះ ក្នុង​នោះ មាន​ពលរដ្ឋ​ជាង ៤០% ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ បាន​ដាក់​ពិន្ទុ​​ពេញ​ចិត្ត​ចំពោះ​គោលនយោបាយ​របស់​រដ្ឋាភិបាល និង​ជិត ៦០% ទៀត​មិន​ពេញ​ចិត្ត​ឡើយ៕

សូម​រង់ចាំ​អាន​និង​ស្ដាប់​ពី​លទ្ធផល​នៃ​ការ​ចូល​រួម​ដាក់​ពិន្ទុ​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។