ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រកាសប្រាប់​អ្នកកាសែត​ថា ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ដំណើរការ​ទូទៅ​នៃ​ការ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ខាង​មុខ​នេះ ដើម្បី​បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ការ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​។

លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​សិក្សា​ដល់​ជំហាន​ទី​២​ហើយ ។ ចាប់តាំងពី​ក្រុមការងារ​មួយ​នេះ​បាន​ចាប់​ដំណើរការ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀត ណា​ម ពី​កក្កដា ឆ្នាំ​២០១៥​កន្លង​មកនេះ និង​បន្ទាប់​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​កើតរឿង​ចម្រូងចម្រាស ។

យោង​តាម​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ពី​ការ​អះអាង​របស់​លោក​បណ្ឌិត សុខ ទូច ថា ក្រុមការងារ​ព្រំដែន​កម្ពុជា បាន​ចុះ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​ប្រវែង​៥០០​គីឡូម៉ែត្រ​ហើយ  ក្នុង​ការងារ​ត្រូវ​វាស់​ជាង​៧០០​គីឡូម៉ែត្រ​ទៀត ។ ការ​ចុះ​ស្រាវជ្រាវ​នេះ គឺ​ក្រុមការងារ​បាន​យក​ព្រំដែន​កូសាំងស៊ីន​ធ្វើ​ជា​គោល​ដើម្បី​កំណត់​អំពី​ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម ។ ក្រុមការងារ​ត្រូវ​រក​បង្គោល​ព្រំដែន​របស់​បារាំង​ដែល​បាន​បោះ​រួច​ហើយ ដើម្បី​ផ្ទៀងផ្ទាត់​ផែនទី​ទៅ​នឹង​ផែនដី​ថា​តើ​បាន​បោះ​ត្រឹមត្រូវ​ដែរ​ឬទេ ។ លោក​បណ្ឌិត​បាន​បន្ត​ថា ការងារ​ចុះ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ គឺ​ក្រុមការងារ​នឹង​បញ្ចប់​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ហើយ​នៅ​ពេល​បញ្ចប់​ហើយ​នោះ គឺ​ក្រុមការងារ​នឹង​ដាក់​បង្ហាញ​ជា​សាធារណៈ​ដើម្បី​ឲ្យ​អ្នក​ពាក់ព័ន្ធ​ពិនិត្យ​មើល ។

លោក​បណ្ឌិត សុខ ទូច បាន​បន្ថែម​ទៀត​ថា ការ​រៀបចំ​សន្និសីទកាសែត​នា​ពេល​ខាង​មុខ​នេះ​គឺ​ដើម្បី​បកស្រាយ ក៏​ដូច​ជា​ពន្យល់​ពី​លទ្ធផល​ដែល​ក្រុមការងារ​ទទួល​បាន ដើម្បី​ជៀសវាង​ការ​ចោទប្រកាន់​ថា ក្រុមការងារ​មួយ​នេះ​ធ្វើ​ឡើង​តាម​គណបក្សកាន់អំណាច ។

គួរ​បញ្ជាក់​ថា ការ​បង្កើត​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យសភាកម្ពុជា​នេះ ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្តើម​កក្រើក​ឡើង​វិញ​នៅ​ឆ្នាំ​២០១៥ បន្ទាប់​ពី​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ។

គេ​នៅ​ចាំ​ថា ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ផែនទី​នៃ​ព្រំដែន​ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ជាក់​ជា​ច្រើន​សា ដោយ​មានការ​ខ្ចី​ផែនទី ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​ជំនាន់​មុន​ៗ​យក​ទៅ​ផ្ញើ​នៅ​អង្គការសហប្រជាជាតិ និង​ប្រទេស​បារាំង​មក​បញ្ជាក់​ចំពោះ​មុខ​ប្រជាពលរដ្ឋ និង​មន្ត្រី​នៃ​គណបក្ស​នយោបាយ​ថា ត្រឹមត្រូវ​គ្មាន​អ្វី​ខុស​គ្នា​នឹង​ផែនទី​ដែល​រាជរដ្ឋាភិបាលកម្ពុជា​ប្រើប្រាស់​បោះបង្គោល​ជាមួយ​វៀតណាម​ទេ ។

អ្នក​តាមដាន​នយោបាយ​បាន​និយាយ​ថា​គណបក្សជំទាស់់​បាន​លើកយក​ចំណុច​ផែនទី​និង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​មក​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ឈ្នះ​ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​តេ​ជោ ដើម្បី​ផលប្រយោជន៍​ចំណេញ​នយោបាយ​របស់​ពួក​គេ ។

ក្នុង​សកម្មភាព​ឃោសនា​នយោបាយ​និង​ការ​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ក្លែងបន្លំ​ផែនទី​និង​ដាក់​ផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម បណ្តាល​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​គណបក្ស​សម រ​ង្ស៊ី គឺ​លោក ហុង សុខ​ហួរ ជាប់ចោទ​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ  ។ ចំណែក​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន​ពី​បទ​សមគំនិត​ក្នុង​ការ​ក្លែង​ឯកសារ​សាធារណៈ​ទាក់ទង​នឹង​ព្រំដែន​ដែរ ៕