បុគ្គលិក​សណ្ឋាគារ​វិច​តូ​រី​យ៉ា និង​ក្រុមហ៊ុន​ស្នាមញញឹម​អង្គរ តវ៉ា​អោយ​តុលាការ បើក​សិទ្ធិ​អោយ ពួកគាត់​ធ្វើបាតុកម្ម​

​សៀមរាប: បុគ្គលិក​សណ្ឋាគារ​វិច​តូ​រី​យ៉ា និង​បុគ្គលិក​របស់​ក្រុមហ៊ុន ស្នាមញញឹម​អង្គរ ខេត្ត សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ បាននាំគ្នា​ទៅលើ​កប​ដា ហើយ​ទាមទារ​អោយ​តុលាការ ខេត្តសៀមរាប ផ្តល់​សិទ្ធិ​អោយ​ពួកគាត់ ធ្វើបាតុកម្ម​ឡើងវិញ​។ ប៉ុន្តែ​ការតវ៉ា នា​ព្រឹក​នោះ ពួកគាត់​បាន ត្រឡប់ទៅផ្ទះ​វិញ បន្ទាប់ពី​ពុំមាន​ការអនុញ្ញាត ឬ​ទទួល​ចម្លើយ ពី​តុលាការ​ខេត្តសៀមរាប​។​
​    ​
​ការតវ៉ា នា​ព្រឹក​នោះ គឺ​អ្នកចូលរួម​មាន​គ្នា ចំនួន​ប្រហែល ៥០​ទៅ​៦០​នាក់ ប៉ុណ្ណោះ ហើយ​ការតវ៉ា​នោះ​ទៀតសោត គឺ​បុគ្គលិក​សណ្ឋាគារ និង​ក្រុមហ៊ុន មាន​តិច​នាក់​ប៉ុណ្ណោះ គឺ​ភាគច្រើន​មិនមែន ជា​បុគ្គលិក​របស់​ក្រុមហ៊ុន និង​សណ្ឋាគារ​ខាងលើ​ឡើយ ហើយ​ថែមទាំង មាន​ដល់​អ្នករត់​រ៉ឺម៉ក​កង់​បី ទៀតផង​។​
​    ​
​សូម​បញ្ជាក់ដែរថា កន្លងមក មាន​ចៅក្រម​២​រូប គឺ​លោក សំ ប៊ុន​ពៅ និង​លោក គី ឬ​ទ្ធី បានចេញ​ដីការ​ក្សា​ការពារ ចំនួន​២ ដាច់ដោយឡែក​ពីគ្នា ដោយ​ដីកា​នោះ សម្រេច​មិន​ឲ្យ​ធ្វើបាតុកម្ម ឲ្យ​បង្គាប់​ឲ្យ​អ្នក​តវ៉ា​ទាំងអស់ វិល​ទៅ​ដោះស្រាយ​គ្នា ដោយ​សន្តិវិធី​វិញ​។​
​    ​
​ការដែល​តុលាការ​ខេត្តសៀមរាប ចេញ​ដីកា​រក្សា​ការពារ​នោះដែរ ក៏​ដោយសារ​បុគ្គលិក សណ្ឋាគារ​វិច​តូ​រី​យ៉ា និង​ក្រុមហ៊ុន​លក់​សំបុត្រ ស្នាមញញឹម​អង្គរ បានធ្វើ​បាតុកម្ម ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ តម្លើង​ប្រាក់ខែ​គោល ១៧០ ដុល្លារ និង​ទាមទារ​ឲ្យ​បុគ្គលិក ចូល​បំរើ​ការងារ​វិញ បន្ទាប់ពី​មានការ​បញ្ឈប់​។
​    ​
​ដោយឡែក បុគ្គលិក​ក្រុមហ៊ុន​ស្នាមញញឹម​អង្គរ គឺ​តវ៉ា​ឲ្យ​ប្រធាន​ក្រុមហ៊ុន អនុញ្ញាត​ឲ្យ​បុគ្គលិក ចូល​បំរើ​ការងារ​វិញ​ផងដែរ​។
​    ​
​ចំពោះ​ការ​បាតុកម្ម នាពេល​កន្លងមក​នោះដែរ គឺ​បាតុកម្ម ហាក់បីដូចជា មានការ​រៀបចំ​ទុក ដោយ​អ្នកនយោបាយ ឈរ​ពីក្រោយ​។ នេះ​បើតាម​ការបញ្ជាក់ របស់​មន្ត្រី​អាជ្ញាធរ ក្រុង​សៀមរាប ព្រោះថា ការតវ៉ា​នោះ មាន​លក្ខណៈ​រំខាន ញុះញង់ និង​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​។​
​    ​
​មន្ត្រី​តុលាការ​ខេត្តសៀមរាប​មួយរូប បាន​បញ្ជាក់ថា ការតវ៉ា​នា​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦​នេះ គឺ​មន្ត្រី​តុលាការ មិន​ចេញមក​ដោះស្រាយ​អ្វី ជាមួយ​អ្នក​តវ៉ា​នោះទេ ប៉ុន្តែ​បន្ទាប់មក ពួកគេ ត្រឡប់ទៅផ្ទះ​វិញ​អស់​ទៅ​៕V/S

បុគ្គលិក​សណ្ឋាគារ​វិច​តូ​រី​យ៉ា និង​ក្រុមហ៊ុន​ស្នាមញញឹម​អង្គរ តវ៉ា​អោយ​តុលាការ បើក​សិទ្ធិ​អោយ ពួកគាត់​ធ្វើបាតុកម្ម​

 បុគ្គលិក​សណ្ឋាគារ​វិច​តូ​រី​យ៉ា​និង​ក្រុមហ៊ុន​ស្នាមញញឹម​អង្គរ តវ៉ា​អោយ​តុលា​ការបើក​សិទ្ធ​អោយ​ពួកគាត់​ធ្វើបាតុកម្ម​