អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហូរទឹក​ជូន​ប្រជាពលរដ្ឋ​ស្រោចស្រព​ស្រែ​បាន​ចំនួន ២៦៤៧​ហិកតា​

​សៀមរាប: ស្រែ​ប្រដេញ​ទឹក ស្រែ​រនាម និង​ស្រែប្រាំង ចំនួន​២.៦៤៧​ហិកតា ដែល​ស្ថិតនៅក្នុង​ឃុំ​ចំនួន​៧ ក្នុងស្រុក​ពួក និង​ក្រុង​សៀមរាប ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា បើកទឹក​បារាយណ៍ បញ្ចូល ដើម្បី ស្រោចស្រព ក្នុង​ខែមករា ឆ្នាំ​២០១៦​នេះ​។

​តាម​សេចក្តីរាយការណ៍​របស់ នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​បញ្ជាក់ថា ឃុំ​ដែល​បានស្នើ​សុំ​ទឹក​ប្រើប្រាស់ ក្នុង​ខែមករា​នេះ ក្នុងស្រុក​ពួក មាន​ចំនួន​៤​ឃុំ​គឺ ឃុំ​សំរោង​យា ស្រែ​បណ្តេញ​ទឹក​ចំនួន ៧៤០ ហិកតា​, ឃុំ​កែវ​ពណ៌ ស្រែប្រាំង​ចំនួន ៥៥៣ ហិកតា​, ឃុំ​ពួក ស្រែប្រាំង ៤០០ ហិកតា​, ឃុំ​ខ្នាត ស្រែប្រាំង និង​ស្រែ​រនាម ចំនួន​៤០០​ហិកតា​។ ចំណែក​ក្រុង​សៀមរាប មាន​៣​ឃុំ​គឺ ឃុំ​ស្វាយដង្គុំ ស្រែប្រាំង​ចំនួន​៣០​ហិកតា​, ឃុំ​ក្របី​រៀល ស្រែប្រាំង​ចំនួន​២០០​ហិកតា និង​ឃុំ​ស្រ​ង៉ែ ស្រែប្រាំង​ចំនួន​៣២៤​ហិកតា​។​
​    ​
​លោក ជូ រ៉ា​ឌី​ណា អនុប្រធាននាយកដ្ឋាន គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ការ​បើកទឹក​បារាយណ៍ ជូន​ពួកគាត់​ប្រើប្រាស់ គឺ​អាស្រ័យ​លើ​ការស្នើសុំ របស់​ពួកគាត់ តាមរយៈ​សហ គម​ន៍​ប្រើប្រាស់​ទឹក​។ ក្រោយពី​ទទួលបាន​សំណើ សុំ​ប្រើប្រាស់​ទឹក​ពី ប្រធាន​សហគមន៍ ក្រុម​ជំនាញ ដែល​ប្រចាំការ​នៅ​បារាយណ៍ ក៏​ទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង ហើយ​បើក​ជូន​តែម្តង ជៀសវាង​សភាព​យឺតយ៉ាវ ដែល​អាច​បង្ក​ភាព​ខូចខាត ដល់​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​។​
​    ​
​លោក​បាន​បន្តថា ទោះបីជា​ឆ្នាំនេះ យើង​មាន​បរិ​មាណទឹក​តិច តែ​យើង​សង្ឃឹមថា នឹងមិន​ខ្វះខាត ទឹក​នោះទេ​។ លោក​បាន​បន្ថែមទៀតថា តាម​គោលការណ៍​គ្រប់គ្រង​ទឹក របស់​អាជ្ញាធរ​ជាតិ​អប្សរា យើង​បាន​ព្យាយាម​សន្សំសំចៃ​ខ្ពស់ ក្នុងការ​ប្រើប្រាស់​ទឹក និង​ប្រមែប្រមូល​ទឹក​ពី ប្រភព​ផ្សេងៗ ម​កប​ញ្ជូ​ល ជា​បន្ត​ដោយ​លៃ​យ៉ាងណា អោយមាន​ទឹក​គ្រប់គ្រាន់ សម្រាប់​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ និង​រក្សា​ទឹក ទុក​ក្នុង​បារាយណ៍ សម្រាប់​ស្រោចស្រព ដល់​ដំណាំ​កសិកម្ម របស់​ប្រជាពលរដ្ឋ​ផងដែរ​។​
​    ​
​ម្យ៉ាងវិញទៀត ដើម្បី​ប្រើប្រាស់​ទឹក​អោយ អស់ពី​លទ្ធភាព​នោះ តើ​អាជ្ញាធរ​ជាតិ​អប្សរា ដាក់អោយ​ដំណើរការ​នៅ​ទ្វារ​ទឹក និង​ប្រព័ន្ធ​ប្រឡាយ​មួយ នៅ​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ដែល​ប្រឡាយ​នេះ អាច​ស្រោចស្រព​ផ្ទៃដី សរុប​ប្រមាណ ១.០០០ ហិកតា​។ ជាមួយនឹង​លទ្ធភាព​ស្រោចស្រព​នេះ នាយកដ្ឋាន​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ដាក់ចេញ​នូវ​ផែនការ ក្នុងការ​ជំរុញ​ប្រជាពលរដ្ឋ អោយ​ចាប់យក​ការដាំដុះ​ដំណាំ និង​បន្លែ​ផ្សេងៗ យកទៅលក់​នៅ​ផ្សារ ដែល​នាំមក​នៅ​ប្រាក់ចំណូល បាន​ឆាប់រហ័ស​ជាង​ដំណាំ​ស្រូវ​។ ទាំងនេះ​សុទ្ធតែជា​ការគិតគូ​ររ​បស់ អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​លើកកម្ពស់ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​គ្រួសារ របស់​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​អោយ​ពួកគាត់ ទទួលផល​ប្រយោជន៍​ដោយផ្ទាល់ ពី​វិស័យ​ទេសចរណ៍​៕V/S

អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហូរទឹក​ជូន​ប្រជាពលរដ្ឋ​ស្រោចស្រព​ស្រែ​បាន​ចំនួន ២៦៤៧​ហិកតា​

អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហូរទឹក​ជូន​ប្រជាពលរដ្ឋ​ស្រោចស្រព​ស្រែ​បាន​ចំនួន ២៦៤៧​ហិកតា​

អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហូរទឹក​ជូន​ប្រជាពលរដ្ឋ​ស្រោចស្រព​ស្រែ​បាន​ចំនួន ២៦៤៧​ហិកតា​

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួយ​ស្រោចស្រព​ស្រែ​របស់​ប្រជាពលរដ្ឋ​បាន​ចំនួន​២៦៤៧​ហិកតា ក្នុង​ខែមករា​ឆ្នាំ​២០១៦​នេះ

​    ​