ក្រសួងសុខាភិបាល នឹងចាក់ថ្នាំបង្កា នៅតាមមូលដ្ឋាន ឡើងវិញ បន្ទាប់ពីផ្ទុះជំងឺកញ្រ្ជឹល

ភ្នំពេញៈ ក្នុងឱកាសចុះពិនិត្យលើករណីជំងឺកញ្រ្ជឹល ដែលទើបរកឃើញ កើតលើទារក អាយុ៧ខែ នៅភូមិត្រពាំង ស្វាយ ឃុំព្រៃវិហ៊ារ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងថា ក្រសួងសុខានឹងរៀបចំឲ្យក្រុមពេទ្យតាមដាន និងចាក់ថ្នាំបង្កានៅមូលដ្ឋាននេះឡើងវិញ ដើម្បីការពារជំងឺនេះ។ លោកម៉ម ប៊ុនហេង បន្តថា ករណីជំងឺកញ្រ្ជឹលភាគច្រើន កើតឡើងចាប់ពីអាយុ៩ខែឡើងទៅ ប៉ុន្តែករណីនេះកើតឡើងលើទារកអាយុ៧ខែទៅវិញ។ ករណីនេះ ក្រសួងសុខាភិបាលសង្ស័យថា អាចបណ្តាលមកពីការមិនបានបៅទឹកដោះម្តាយបន្ទាប់ពីសំរាល។

នៅថ្ងៃទី២៦ មករា ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាស ព័ត៌មានអំពីជំងឺកញ្ជ្រិល បានផ្ទុះមួយករណីទៀតលើកុមាអាយុ៧ខែម្នាក់ នៅខេត្តកំពង់ស្ពឺ។ ករណីសង្ស័យត្រូវបានបញ្ជាក់ថា មានជំងឺកញ្ជ្រឹល ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ(NIPH)  និងមន្ទីរពិសោធន៍ប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO)។

ប្រទេសកម្ពុជា ទទួលស្គាល់ថា ជាប្រទេសដែលមានស្ថានភាព លុបបំបាត់ជំងឺកញ្ជ្រឹល នៅក្នុងខែមីនា ឆ្នាំ២០១៥ ប៉ុន្តែកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល បាននឹងកំពុងបន្តការតាមដាន ស្រាវជ្រាវជំងឺកញ្ជ្រឹល ដើម្បីស្វែងរកអំពី ករណីវីរុសជំងឺកញ្ជ្រឹល ឆ្លងចូលពីប្រទេសក្រៅ និងដើម្បីធានាឲ្យបាន នូវវិធានការត្រួតពិនិត្យ សមស្របដែលអាចអនុវត្តបាន៕