ក្រុមហ៊ុន Netflix ចាប់​ផ្តើម​ដំណើរការ​ដោយ​ជួប​ប្រទះ​នឹង​បញ្ហា​ជាមួយ​មន្រ្តី​កេនយ៉ា

ក្រុមហ៊ុន Netflix ចាប់​ផ្តើម​ដំណើរការ​ដោយ​ជួប​ប្រទះ​នឹង​បញ្ហា​ជាមួយ​មន្រ្តី​កេនយ៉ា

នេះ​ជា​និមិត្ត​សញ្ញា (logo) របស់​ក្រុមហ៊ុន Netflix។ក្រុម​ប្រឹក្សា​ចំណាត់ថ្នាក់​ភាពយន្ត​របស់​ប្រទេស​កេនយ៉ា​បាន​ចោទ​ប្រកាន់​សេវាកម្ម​ទស្សនា​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​Netflix​ ថា​មិន​បាន​អនុលោម​ទៅតាម​​ស្តង់ដារ​ក្នុង​​ប្រទេស​កេនយ៉ា​នោះ​ទេ។ ក្រុង​ណៃរ៉ូប៊ី—

ក្រុម​ប្រឹក្សា​ចំណាត់ថ្នាក់​ភាពយន្ត ​(Film Classification Board) ​របស់​ប្រទេស​កេនយ៉ា​បាន​ចោទ​ប្រកាន់​សេវាកម្ម​ទស្សនា​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា ​Netflix​ ថា​មិន​បាន​អនុលោម​ទៅតាមស្តង់ដារ​ប្រទេស​ដែល​អនុវត្ត​តាម​ប្រព័ន្ធ​ចំណាត់ថ្នាក់​ការ​ផ្សព្វផ្សាយ​ភាពយន្ត​នៅ​ប្រទេស​កេនយ៉ា។ លោក​ Ezekiel Mutua​ ប្រធាន​ប្រតិបត្តិការ​និយាយ​ថា​ ស្ថាប័ន​របស់​លោក​មិន​ចាប់​អារម្មណ៍​លើ​ការ​ដាក់​កំហិត​ខ្លឹមសារ​ទៅ​កាន់​មនុស្ស​ពេញ​វ័យ​ទេ តែ​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​គឺ​ការ​ការពារ​កុមារ។

សហគ្រាស​សេវាកម្ម​ទស្សនា​វីដេអូ​ឌីធីថល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Netflix​ កំពុង​តែ​ពង្រីក​ខ្លួន​ទៅ​កាន់​ឆាក​អន្តរជាតិ​ ដោយ​បាន​សម្ភោធ​នៅ​១៣០ប្រទេស​ក្នុង​ខែ​មករា​នេះ។ ប្រទេស​កេនយ៉ា​គឺ​ជា​ទីផ្សារ​មួយ​ក្នុង​ចំណោម​ទីផ្សារ​ថ្មី​ ប៉ុន្តែ​អាជ្ញាធរ​កំពុង​ជជែក​ពិភាក្សា​ថា​តើ​ចង់​ឲ្យ​មាន​ខ្លឹមសារ​អ៊ីនធឺណិត​ថ្មី​នេះ​នៅ​ក្នុង​ប្រទេស​ឬ​ទេ​ ដោយ​គិត​ទៅលើ​ប្រព័ន្ធ​ចំណាត់ថ្នាក់​បច្ចុប្បន្ន។

ក្រុម​ប្រឹក្សា​ចំណាត់ថ្នាក់​ភាពយន្ត​ (Film Classification Board )​ របស់​ប្រទេស​កេនយ៉ា​ ឬ​ហៅ​កាត់​ថា​ KFCB ដែល​ជា​ស្ថាប័ន​មាន​កាតព្វកិច្ចក្នុង​ការ​គ្រប់គ្រង​លើ​ខ្លឹមសារ​ផ្សព្វផ្សាយ និង​ខ្លឹមសារ​ភាពយន្ត​ ក្នុង​ប្រទេស​នេះ​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ថា​ Netflix​ មិន​ទាន់​ទទួល​បាន​អាជ្ញាប័ណ្ណ​មុន​ពេល​ចាប់ផ្តើម​ដំណើរការ​នោះ​ទេ​ ហើយ​ពួកគេ​ចង់​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ​អំពី​ការ​ចំណាត់ថ្នាក់​ខ្លឹមសារ​សម្រាប់​ទស្សនិកជន​កេនយ៉ា។

លោក​ Ezekiel Mutua​ ជា​ប្រធាន​ប្រតិបត្តិ​របស់ ​KFCB។

លោក​បាន​មាន​ប្រសាសន៍​ថា «នៅ​ទីនេះ​ យើង​មិន​ទាន់​ដំណើរការ​អ្វី​ច្រើន​ទេ​ ព្រោះ​ពួកគេ​ទើបតែ​បាន​ចាប់ផ្តើម​សេវាកម្ម​នេះ​នៅ​មួយ​ផ្នែក​នៃ​ពិភពលោក​មួយ​ ហើយ​ពួកយើង​ទើប​តែ​បាន​ចាប់ផ្តើម​សន្ទនា​គ្នា។ តើ​វា​អាច​ទៅ​ជា​យ៉ាងណា​ប្រសិន​បើ​យើង​នៅ​ស្ងៀម​ ហើយ​និយាយ​ថា​ មិន​អាច​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ទេ។ ចុះ​ហេតុអ្វី​ក៏​យើង​មិន​ពិភាក្សា​គ្នា​ទៅ?»។

បើ​យោង​តាម​លោក​ Mutua​ ការ​សន្ទនា​នេះ​មាន​គោលបំណង​ចម្បង​ ពិភាក្សា​ទៅ​លើ​ភាព​សមស្រប​របស់​ប្រព័ន្ធ​ចំណាត់​ថ្នាក់​បច្ចុប្បន្ន​របស់​ Netflix​ ចំពោះ​ទស្សនិកជន​កេនយ៉ា​ ជាពិសេស​កុមារ។

ស្ថាប័ន​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ដែល​ថ្លែងថា​ «វា​ខុស​នឹង​បេសកម្ម​របស់​យើង​ បើសិន​ជា​យើងអនុញ្ញាត​ឲ្យ​កុមារ​ទទួល​រង​ការបំផ្លាញ​ដោយ​ខ្លឹមសារ​មិន​សមរម្យ​ ក្នុង​ន័យ​ផលចំណេញ» ហើយ​រដ្ឋាភិបាល​កេនយ៉ា​មិន​អាច​ក្លាយជា ​«អ្នក​ទទួល​ដោយ​អកម្ម​នូវ​ខ្លឹមសារ​បរទេស​ដែល​អាច​បំផ្លាញ​តម្លៃ​សីលធម៌​របស់​កុមារ​យើង​បាន​នោះ​ទេ»។

លោក​ Mutua ​និយាយ​ថា​ KFCB​ មិន​ចង់​រំលោភ​លើ​សិទ្ធិ​ឯកជន​នោះ​ទេ​ ហើយ​មនុស្ស​ពេញ​វ័យ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​បាន។ លោក​បន្តថា​ ការ​ព្រួយបារម្ភ​ចម្បង​របស់​ស្ថាប័ន​លោក​ គឺ​ការ​ការពារ​អនីតិជន។

«ដូច្នេះ​ ប្រសិនបើ​ឪពុក​ ឬ​ម្តាយ​ទៅ​ទិញ​អ្វី​មួយ ដោយ​ប្រើប្រាស់​ប័ណ្ណឥណទាន​ជាដើម ដោយ​សារ​តែ​យើង​មាន​ការ​ពិចារណា​ និង​យល់ច្បាស់។ ប៉ុន្តែ​វា​អាច​មាន​ករណី​ដែល​ឪពុក​ម្តាយ​អាច​សម្រេច​ចិត្ត​តាម​ការ​ចំណាត់​ថ្នាក់​ខុស​ ដែល​ចំណាត់​ថ្នាក់​នោះ​គឺ​សម្រាប់​ជនជាតិ​អាមេរិក​ មិនមែន​សម្រាប់​ជនជាតិ​កេនយ៉ា ឬ​ជនជាតិ​អាហ្វ្រិក​ឡើយ​ ដូចនេះ​ វា​អាច​មាន​រឿង​បែប​នេះ​កើត​ឡើង។ ហើយ​ដោយសារ​តែ​វា​អាច​កើតឡើង​បែប​នេះ​ យើង​ជឿជាក់​ថា​ ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ យើង​មាន​សិទ្ធិ​ក្នុង​ការលើក​បញ្ហា​នេះ​ឡើង»។

លោក Mutua ​បន្ថែម​ថា​ ក៏​មាន​បញ្ហា​សន្តិសុខ​ផង​ដែរ​ នៅ​ពេល​មាន​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​គ្មាន​ការ​គ្រប់គ្រង ដែល​ក្រុម​ភេរវករ​ និង​ក្រុម​ជនល្មើស​ក៏​អាច​ប្រើប្រាស់​បាន។

«យើង​ចង់​ឲ្យ​មាន​ការ​សន្ទនា​នេះ​ គឺ​ដោយសារ​តែ​ចង់​ធានា​ថា​បណ្តាញ​ទំនាក់​ទំនងអ៊ីនធឺណិត​របស់​យើង​មាន​សុវត្ថិភាព។ ប្រសិន​បើ​ប្រជាជន​ទាញ​យកខ្លឹមសារ​ទាំងល្អ​ ទាំង​អាក្រក់​នោះ ​នៅ​មាន​បទបញ្ញត្តិ​ខ្លះ​ដែល​អាច​ហាម​ឃាត់​ពួក​គាត់​បាន»។

លោក​ Mark Radin​ ជា​ជនជាតិ​អាមេរិក​ អាយុ​២៨ឆ្នាំ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កេនយ៉ា។ លោក​មើល ​Netflix​ ទាំង​នៅ​ផ្ទះ​នៅ​ទីក្រុង​ញូវយ៉ក​ និង​នៅ​ទីក្រុង​ណៃរ៉ូប៊ី។ លោក​បន្ត​ថា​ លោក​អាច​មើល​ឃើញ​ចំនុច​ទាំង​សង​ខាង​នៃ​បញ្ហា​នេះ។

«ជា​ទូទៅ​ ខ្ញុំ​គិតថា​ការ​ដាក់​កម្រិត​លើ​ខ្លឹមសារ​មិន​មែន​ជា​ការ​ល្អ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​លើ​អ្វី​ដែល​ពួកគេ​គិតថា​សមរម្យ។ រដ្ឋាភិបាល​អឺរ៉ុប​ធ្វើ​ដូច្នេះ​ សហរដ្ឋ​អាមេរិក​ក៏​ដូច្នេះ​ ហើយ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ធ្វើ​បែប​នេះ​ដែរ។ ដូចនេះ​ វា​ជា​រឿង​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​ ប្រសិន​បើ​និយាយ​ថា​ រដ្ឋាភិបាល​កេនយ៉ា​មិន​គួរ​ធ្វើ​ដូច្នេះ។ ហើយ​ខ្ញុំ​យល់​ថា​ ពួកគេ​ពិតជា​មាន​សិទ្ធិ​ និង​អំណាច​ ក្នុង​ការ​ត្រួតពិនិត្យ​ និង​សម្រេច​ថា​ខ្លឹមសារ​បែបណា​សមរម្យ​សម្រាប់សង្គម​កេនយ៉ា​ ច្បាប់​កេនយ៉ា​ និង​គោលនយោបាយ​កេនយ៉ា»។

រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ សារគមនាគមន៍​ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​កេនយ៉ា​ លោក​ Joe Mucheru​ បាន​និយាយ​តាមរយៈ​អ្នក​នាំ​ពាក្យ​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ​ថា​ វា​ជា​ការ​ចាំបាច់​ដែល​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​ការ​ចូលរួម​ជាមួយ​អ្នក​ផ្តល់​ខ្លឹមសារ​អ៊ីនធឺណិត ដើម្បី​វាស់ស្ទង់​ថា​អ្វី​ជា​ខ្លឹមសារ​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​កេនយ៉ា។ ប៉ុន្តែ​ លោក​ Mucheru​ ក៏​បាន​ផ្តល់​យោបល់​ដល់ ​KFCB​ ថា​វា​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​គ្រប់គ្រង​ខ្លឹមសារ​ពី ​Netflix ព្រោះ​រាល់​នាទី Netflix​ បញ្ចូល​ភាពយន្ត​រាប់​ពាន់​ទៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត។

ក្រុមហ៊ុន Netflix​ បដិសេធ​សំណើ​បញ្ចេញ​យោបល់​លើ​បញ្ហា​នេះ៕​

ប្រែសម្រួលដោយ វិញ សុជាតា