លទ្ធផលកិច្ចប្រជុំ របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេស

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រជុំ ជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាទាំងអស់ នៅទីស្តីការក្រសួង នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៦។

នៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើការណែនាំឲ្យឯកអគ្គរាជទូតអគ្គកុងស៊ុលទាំង អស់ យកចិត្តទុកដាក់អនុវត្តឲ្យបានល្អ នូវការងារសំខាន់មួយចំនួន ជាអាទិ៍៖

- យកចិត្តទុកដាក់តាមដាន សភាពការណ៍នៅក្នុងប្រទេស ពិសេសគឺ Facebook និង Website របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី និងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យបានជាប់ជារៀងរាល់ថ្ងៃ។

- យកចិត្តទុកដាក់តាមដានរាល់ការផ្សាយព័ត៌មាន ទាក់ទងនឹងកម្ពុជារបស់ប្រព័ន្ធ  ឃោសនាជាតិ។

- បន្តធ្វើការផ្សព្វផ្សាយពីការរីកចំរើន លើគ្រប់វិស័យក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។

- យកចិត្តទុកដាក់ដល់ការការពារ និងជួយអោយបានជាអតិបរមា នូវរាល់បញ្ហារបស់ពលរដ្ឋកម្ពុជា ពិសេសគឺ ពលករទាំងស្របច្បាប់និងមិនស្របច្បាប់នៅប្រទេសថៃ/ នៅសាធារណៈរដ្ឋកូរ៉េ ហើយនិងបញ្ហាស្ត្រីខ្មែរ នៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន ជាអាទិ៍៖

- នៅប្រទេសថៃ ត្រូវបន្តជម្រុញឲ្យអាជ្ញាធរថៃផ្តល់ប័ណ្ណការងារ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់ ពលករខ្មែរ ដោះស្រាយរាល់ការរំលោភបំពានផ្សេងៗរបស់និយោជកមកលើពលករខ្មែរ ផ្តល់ការគាំទ្រផ្នែកច្បាប់និងការផ្តល់មេធាវីក្នុងករណីឡើងតុលាការ  ការទាមទារសំណងផ្សេងៗ  សំរួលការធ្វើមាតុភូមិនិវត្តន៍។ល។

- នៅប្រទេសកូរ៉េ ត្រូវបន្តចុះសួរសុខទុក្ខពលករ ហើយដោះស្រាយនូវរាល់បញ្ហា ដែលពលករជួបប្រទះ។

- នៅប្រទេសចិន ត្រូវបន្តសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះនិងរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរ ដែលរងគ្រោះដោយសារការជួញដូរស្រ្តី។

- នៅប្រទេសម៉ាឡេស៊ី ត្រូវបន្តការការពារផលប្រយោជន៍ស្រ្តីខ្មែរដែលទៅធ្វើការជាអ្នកបម្រើតាមផ្ទះ ដូចជាការបង្ខំអោយ ធ្វើការងារហួសកំណត់  ការបំពានលើ     រាងកាយ ការផ្តល់ប្រាក់បៀវត្សមិនបានត្រឹមត្រូវ និងទៀង ទាត់តាមការកំណត់  ការជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ ។ល។

- នៅប្រទេសឥណ្ឌូនេស៊ី បន្តជួយសង្គ្រោះពលរដ្ឋកម្ពុជាដែលទទួលរងគ្រោះទៅធ្វើជាកម្មករលើទូកនេសាទរបស់ថៃ/របស់ម៉ាឡេស៊ី។

- យកចិត្តទុកដាក់ស្វែងរកអាហារូបករណ៍សំរាប់និស្សិតកម្ពុជា យកចិត្តទុកដាក់ចំពោះនិស្សិតដែលកំពុងសិក្សា នៅក្នុងប្រទេសតាំងនៅ ក៏ដូចជាចំពោះនិស្សិតដែលជាពលរដ្ឋខ្មែរកំពុងរស់នៅក្នុងប្រទេសតាំងនៅ ដូចជានៅ ប្រទេសបារាំង បណ្តាប្រទេសសមាជិកEU សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ ។ល។ និងជួយដោះស្រាយរាល់បញ្ហារបស់និស្សិត។

- យកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសតាំងនៅ ទោះជាមានសញ្ជាតិបរទេសក៏ ដោយក៏គេនៅតែជាខ្មែរដែរ។ រាល់ការចេញលិខិតបញ្ជាក់ផ្សេងៗ និងការផ្តល់សេវាកុងស៊ុល ត្រូវធ្វើដោយឥត គិតថ្លៃ និងឆាប់រហ័សទាន់ពេលវេលា។

- ដើម្បីជំរុញភ្ញៀវទេសចរណ៍មកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ការផ្តល់ទិដ្ឋាការចូលមកកម្ពុជាត្រូវធ្វើឲ្យ បានឆាប់រហ័ស និងជៀសវាងការយកតម្លៃលើសពីការកំណត់ របស់រដ្ឋ។

- ដើម្បីទាក់ទាញវិនិយោគគិន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពីកត្តាអនុគ្រោះសំរាប់ការវិនិយោគនៅកម្ពុជា៕

លទ្ធផលកិច្ចប្រជុំ របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេស

លទ្ធផលកិច្ចប្រជុំ របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេស