តុលាការ​អាមេរិក​បើក​សវនាការ​លើ​ករណី​ខ្មែរ-​អាមេរិកាំង​ម្នាក់​ពី​បទ​ទទួល​សំណូក

តុលាការ​សហព័ន្ធ​ក្នុង​ក្រុង​សាន ឌីអេហ្គូ (San Diego) រដ្ឋ​កាលីហ្វ័រញ៉ា (California) បាន​បើក​សវនាការ​លើ​ករណី​អតីត​មេបញ្ជាការ​កង​នាវា​សហរដ្ឋអាមេរិក​ម្នាក់ ដែល​មាន​ដើម​កំណើត​​ជា​ខ្មែរ លោក ម៉ៃខល ម៉ីស៊ីវិជ (Michael Misiewicz) ពី​បទ​ទទួល​សំណូក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ពាណិជ្ជករ​ឈ្មោះ ឡេអូណាដ ហ្វ្រែនស៊ីស (Leonard Francis) នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា លោក ម៉ៃខល ម៉ីស៊ីវិជ សារភាព​ទោសកំហុស​ដែល​បាន​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ដោយ​បង្វែរ​កប៉ាល់​ទៅ​ចត​នៅ​កំពង់ផែ​របស់​ក្រុមហ៊ុន Glenn Defense Marine Asia Ltd. ឬ​ហៅ​កាត់​ថា GDMA ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ឯកសារ​សម្ងាត់​ដើម្បី​ទទួល​បាន​សេវា​ពេស្យាចារ និង​ប្រាក់​សំណូក​ដ៏​ច្រើន។ ករណី​នេះ​ជា​រឿង​អាស្រូវ​ដ៏​ធំ​មួយ​នេះ​ក្នុង​ប្រវត្តិ​កង​នាវា​សហរដ្ឋអាមេរិក។

ចំណែក​ពាណិជ្ជករ ឡេអូណាដ ហ្វ្រែនស៊ីស វិញ ក៏​បាន​សារភាព​ផង​ដែរ ថា​ខ្លួន​បាន​ប្រើប្រាស់​កប៉ាល់​នោះ​សម្រាប់​ការ​ដឹក​ជញ្ជូន​អីវ៉ាន់​ខុស​ច្បាប់​របស់​ក្រុមហ៊ុន GDMA ដោយ​ធ្វើ​តារាង​តម្លៃ​ពន្ធ​ក្លែងក្លាយ និង​សេវាកម្ម​ផ្សេង​ទៀត ដែល​មាន​ទឹកប្រាក់​សរុប​យ៉ាង​តិច ២០​លាន​ដុល្លារ​អាមេរិក។

​មេធាវី​ការពារ​ក្ដី ឲ្យ​លោក ម៉ៃខល ម៉ីស៊ីវិជ បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា កូន​ក្ដី​របស់​ខ្លួន​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​នូវ​ទង្វើ​ខុស​ច្បាប់​នេះ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១២។ ប្រសិនបើ​រក​ឃើញ​កំហុស​ពិតមែន លោក ម៉ៃខល ម៉ីស៊ីវិជ នឹង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។