ជប៉ុនផ្តល់ឡានក្រុង ជិត២០០គ្រឿង ដល់កម្ពុជា ដើម្បីដោះស្រាយ បញ្ហាកកស្ទះ ចរាចរណ៍ក្នុង រាជធានីភ្នំពេញ

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន (JICA)ប្រចាំនៅកម្ពុជា បានប្រកាស ផ្តល់ជំនួយជារថយន្តក្រុង ចំនួន១៨០គ្រឿងដល់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពសេវា ដឹកជញ្ជូនសាធារណៈ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ។  

បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញ បានប្រើរថយន្តក្រុងចំនួន៤៥គ្រឿង ដើម្បីរត់នៅលើផ្លូវចំនួន៣ខ្សែ។ ប៉ុន្តែបើតាមការសិក្សារបស់អង្គការ JICA ជប៉ុន សាលារាជធានីភ្នំពេញត្រូវពង្រីក សេវាដឹកជញ្ជូន សាធារណៈចំនួន១០ខ្សែទៀត រួមទាំង ផ្លូវអាកាសល្បឿនលឿន និងរថភ្លើងលើអាកាសធុនស្រាលផង ដើម្បីអាច ដោះស្រាយបញ្ហាចរាចរណ៍ក្នុងរាជធានីបាន។ បញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ធ្វើឲ្យកម្ពុជា ខាតបង់ថវិកាជាង៦លានដុល្លារ ក្នុងមួយខែៗ។

តាមផែនការឆ្នាំ ២០១៦ របស់សាលារាជធានីភ្នំពេញ នឹងបង្កើតឲ្យមានប្រព័ន្ធអេឡិចត្រូនិច តាមរយៈការ ឆូតកាតនៅពេលឡើងជិះរថយន្ត ដើម្បីកាត់បន្ថយចំនួនបុគ្គលិក ព្រមជាមួយនឹងពិនិត្យឡើងវិញពី គោល នយោបាយអនុគ្រោះមិនយកថ្លៃចំពោះកូនសិស្ស ព្រះសង្ឃ ជនពិការ និងចាស់ជរា៕