ទំនៀម​ទំលាប់​ប្លុង​ក្រឡាន របស់អ្នកស្រុក​នគរ​ក្រៅ​

Doliprane TVC

​ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ថ្ងៃពេញបូណ៌មី ខែបុស្ស អ្នកភូមិ នគរ​ក្រៅ សង្កាត់ គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ស្ទើរតែ​គ្រប់​ផ្ទះ តែងតែ​នាំគ្នា​ដុត​ក្រឡាន វេច​នំអន្សម​​ផ្អាវ អន្សម​ក្បុង ដើម្បី​យកទៅ​ចូលរួម​ក្នុង​ពិធី​ប្លុង​ក្រឡាន​នាពេល​យប់ នៅ​សាលាឆទាន​​ឬ​វត្ត​អារាម ។ ពិធី​នេះ​ត្រូវបាន​អ្នកស្រុក​ធ្វើ​តៗ​គ្នា​ពី​ដូនតា​មក ចាត់ទុកថា ជា​ទំនៀម​ទំលាប់​ពិសេស ពី​ភូមិ​ស្រុក​ដទៃទៀត ។ អ្នកស្រុក​នៅ​ទីនោះ​ហៅ​ពិធី​នេះ​ថា «​ពិធី​ប្លុង​ក្រឡាន​» មានន័យថា ពិធីបុណ្យ​នេះ គេ​យក​ក្រឡាន​ទៅ​ប្លុង ឬ ទុកចោល ក្នុង​គោលបំណង​ឲ្យ​ព្រះសង្ឃ​ទៅ​ទស្សន៍​យក ដើម្បី​ឱ្យបាន​បុណ្យ​កុសល​ឧទ្ទិស​ដល់​ញា​ត្តិ​ការ ដែល​បាន​ស្លាប់​ទៅហើយនោះ ។

ទំនៀម​ទំលាប់​ប្លុង​ក្រឡាន របស់អ្នកស្រុក​នគរ​ក្រៅ​

ព្រះគ្រូ​ចៅអធិការ​វត្ត​ថ្មី​ដំរី​សែន​ជ័យ ស្ថិតនៅ​ក្នុងភូមិ​នគរ​ក្រៅ ព្រះនាម ម៉ឹង សោម ព្រះជន្ម ៧២ វស្សា មាន​សង្ឃដីកា​រថា ឱ្យតែ​ដល់​ថ្ងៃពេញបូណ៌មី ខែបុស្ស អ្នកស្រុក​នៅទីនេះ​តែងតែ​នាំគ្នា​ធ្វើ​ក្រឡាន ធ្វើ​អន្សម​យកទៅ​ប្លុង​ចោល តាម​ទម្លាប់​ពី​បុរាណ ដើម្បីឱ្យ​លោកទស្សន៍​យក ហើយ​ឧទ្ទិស​កុសល​ដល់​ញា​ត្តិ​កា ដែល​បាន​ចែក​ឋាន​ទៅហើយនោះ​។ ពិធី​នេះ​គេ​ធ្វើ​នៅ​វត្ត​ក៏បាន សាលាឆទាន​ក្នុងស្រុក ឬ ទី​អាស្រម ណា​ក៏​បានដែរ ស្រេច​តែ​ការកំណត់ នេះ​ជា​ពិធី​តាម​ខែ​មួយ​ក្នុងចំណោម​ពិធី​ជាច្រើន​ក្នុង​មួយឆ្នាំៗ​របស់​អ្នកស្រុក ។

ទំនៀម​ទំលាប់​ប្លុង​ក្រឡាន របស់អ្នកស្រុក​នគរ​ក្រៅ​

លោក​អាចារ្យ យ៉ែម ឯក អាយុ ៧៥ ឆ្នាំ ជា​អ្នករៀបចំ​កម្មវិធី​នេះ រាល់​ឆ្នាំ​បាន​​រៀបរាប់​ពី​ដំណើរ​ពិធី​នេះ​ថា ដំបូង​ឡើយ​អ្នកស្រុក​យក​គ្រឿង​រណ្តាប់​មាន ក្រឡាន អន្សម ផ្លែឈើ ត្រី សាច់ អំបិល ស្ករស ធូប​ទៀន​យកមក​ប្លុង​ចោល​នៅ​កន្លែង​ណាមួយ​នៃ​កន្លែង​រៀប​ពិធី រួច​យក​ស្លឹកឈើ​គ្របពីលើ ហើយ​អុជ​ធូប​ទៀន ដើម្បី​ឧទ្ទិស​កុសលផល​​បុណ្យ​ជូន​ដល់​ញា​ត្តិ​កា​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ ឱ្យមក​ទទួល​មគ្គផល​ដែល​កូន​​ចៅ​បានធ្វើ​បុណ្យ​ឧទ្ទិស​ជូន ។ បន្ទាប់មក​ក៏​និមន្ត​ព្រះសង្ឃ​សមាទានសីល ហើយ​និមន្ត​​ព្រះសង្ឃ​១​អង្គ​ធ្វើ ធុតង្គ​៣​ជុំ​យ៉ាង​ស្ងប់ស្ងាត់​ដើម្បី​ឆាក​របស់​ទាំងនោះ​ឱ្យ​ខ្មោច​ខណៈ​​នោះ អ្នកចូលរួម​ក៏​អង្គុយ​សំពះ​យ៉ាង​ស្ងៀមស្ងាត់​ជុំជិត​ផងដែរ ។

ទំនៀម​ទំលាប់​ប្លុង​ក្រឡាន របស់អ្នកស្រុក​នគរ​ក្រៅ​

ពេល​ឆាក​ចប់​អាចារ្យ​​គណៈកម្មការ​ក៏​ជញ្ជូន​របស់របរ​ទាំង​នោះ ទុក​លើ​សាលាឆទាន ដើម្បី​ទុក​ដល់​ព្រឹក​ឧ​ទ្ទិ ស​កុសល​ឱ្យ​ខ្មោច​ម្តងទៀត ។ បើ​អ្នកណា​មិនបាន​យក​ក្រឡាន​មក​ប្លុង​ពេល​ល្ងាច អាច​យកទៅ​ប្រគេន​លោក​នៅ​វត្ត​ពេលព្រឹក ក៏បាន​ដែរ មិនជា​ទាស់ខុស​អី​ទេ ។ លោកតា​បញ្ជាក់ថា រាល់​ឆ្នាំ​គឺមាន​អ្នកចូលរួម​ច្រើនយ៉ាង​នេះឯង តែ​គាត់​ក៏​​បង្ហាញ​ពី​ការព្រួយបារម្ភ​ក្រែង​ប្រពៃណី​នេះ​បាត់បង់ នៅ​ថ្ងៃក្រោយ ទើប​ចេះតែ​ខំ​ធ្វើជា​​គំរូ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បីឱ្យ​ពួកគេ​ចងចាំ​និង​រក្សាបាន​នូវ​ទំនៀមទម្លាប់​ដូនតា​មួយ​នេះ​ឱ្យ ស្ថិតស្ថេរ​រហូត​ទៅ ។

ទំនៀម​ទំលាប់​ប្លុង​ក្រឡាន របស់អ្នកស្រុក​នគរ​ក្រៅ​

បងស្រី សឹង ណាន ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ ពី​ច្រូតកាត់​ទុកដាក់​ស្រូវ​រួច បាន​អង្ករដំណើប​គឺ​តែងតែ​យកមក​វេច​នំអន្សម ច្រក​ក្រឡាន ដើម្បី​យកទៅ​ប្លុង ហើយ​ឱ្យតែ​ដល់​ខែ​ប្លុង​ក្រឡាន គាត់​តែងតែ​ដុត​ក្រឡាន​រាល់​ឆ្នាំ តែ​មិនបាន​ទៅ​ចូលរួម​នឹង​គេ​ទេ ឱ្យតែ​កូន​ទៅ ។ ប្អូនស្រី សា អាយុ ១៨ ឆ្នាំ​បាន​សម្តែង​នូវ​ការរីករាយ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ដើម្បី​ឱ្យដឹងពី​ទំនៀមទម្លាប់​ដូនតា និង បាន​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា ដែល​បាន ស្លាប់ទៅ​ផង ហើយ​ប្តេជ្ញា​ចូលរួម​ថែរក្សា​ជំនឿ​នេះ​រហូត​ទៅ ។ ដោយសារ​តែមាន​ការចូល​រួម​របស់​យុវជន​ជំនាន់​ក្រោយ​នេះហើយ ដែល​ធ្វើឱ្យ​អ៊ំស្រី ម៉ៃ អ៊ូច មានការ​សប្បាយចិត្ត ហើយ​បាន​សម្តែង​ការចាប់អារម្មណ៍​ថា អ៊ំស្រី​នឹង​ខិតខំ​មិនអោយ​ពិធី​នេះ បាត់បង់​ពី​ដែនដី​អង្គរ​នេះឡើយ ព្រោះ​ចាស់ៗ​ក្នុងភូមិ រួមទាំង​រូបគាត់​ផង បាន​ធ្វើជា​គំរូ​និង​អប់រំ​កៀងគរ​កូនចៅ​ឱ្យ​ចូលរួម​ស្រឡាញ់​ពិធី​នេះ​ទាំង​​អស់​គ្នា ។

ទំនៀម​ទំលាប់​ប្លុង​ក្រឡាន របស់អ្នកស្រុក​នគរ​ក្រៅ​

ទាក់ទង​នឹង​ពិធី​ប្លុង​ក្រឡាន​នេះដែរ អ្នក​បុរាណវិទ្យា និង ស្រាវជ្រាវ​នរវិទ្យា ជាតិ​ពិ​ន្ធុ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រឹទ្ធី បាន​ពន្យល់ថា ការ​ប្លុង​ក្រឡាន គឺ​ការយក​ក្រឡាន​ទៅ​បន្លំ​ទុក​នៅ​ទី​ព្រៃ ។ ក្រឡាន​គឺ​អាន​តាម​ពាក្យ​ខ្មែរ​ដើមកំណើត​នៃ​ពាក្យ​​នេះ​មកពី​ភាសាមន ដែល​អាន​ថា កិ​ឡាន ហើយ​នៅ​ស្រុក​មន ក៏មាន​ទំនៀមទម្លាប់​នេះ​ដូចនឹង​ខ្មែរ​ដែរ ព្រោះ​វា​ទាក់ទង​នឹង​អ្នកស្លាប់​ដូចគ្នា ។ ចំពោះ​ជនជាតិខ្មែរ​វិញ ពិធី​នេះ​មានន័យ​សំខាន់ ២ យ៉ាង ទី​១.​ទាក់ទង​នឹង​កសិកម្ម ការដាំដុះ និង​អបអរ​ការប្រមូល​ភោគផល​ដំណាំ ព្រោះ​ប្រទេស​យើង​ពឹង​លើ​កសិកម្ម​​ជាធំ ហើយ​ចំពោះ​ការធ្វើ​កសិកម្ម ខ្មែរ​មាន​ពិធី​ច្រើនណាស់​ទាំង​មុន និង ក្រោយ​ការដាំដុះ ។

ទំនៀម​ទំលាប់​ប្លុង​ក្រឡាន របស់អ្នកស្រុក​នគរ​ក្រៅ​

ពិធី​ប្លុង​ក្រឡាន​មិន​ស្ថិតក្នុង​ពុទ្ធសាសនា​សុទ្ធ​ឬ​ព្រហ្មញ្ញសាសនា​សុទ្ធ​ទេ តែ​ប្រទេស​យើង​យក​ព្រះពុទ្ធសាសនា​ជា​សាសនា​រដ្ឋ​និង​លាយឡំ​ដោយ​ព្រហ្មញ្ញសាសនា​ផង​នោះ ទើប​អ្នកស្រុក​និមន្ត​ព្រះសង្ឃ​មក​ចូលរួម​កិច្ច​ពិធី​ជា​អធិបតី​និង​មាន​រៀប​បាយ​សី​ផងដែរ ។ តាមពិតទៅ​ពិធី​នេះ​ជា​រឿង​របស់​លទ្ធិ​ជី​វច​ល មាន​ជំនឿ​លើ​ធម្មជាតិ​ទឹក ដី ភ្លើង ខ្យល់​ជាដើម ។ ដូច្នេះហើយ​មុននឹង​រៀបចំ​ពិធី​ប្លុង​ក្រឡាន គេ​តែងតែ​នាំគ្នា​សែនអ្នកតា​ធំ​នៅក្នុង​សហគមន៍​ជាមុន ព្រោះ​អ្នកតា​ជា​ថាមពល​របស់​ដី ជា​ម្ចាស់​ដី​ធ្វើឱ្យ​ដី​មាន​ជីជាតិ មាន​ភ្លៀង​គ្រប់គ្រាន់ មិនឱ្យ​សត្វ​ចង្រៃ​បំផ្លាញ​ដំណាំ ។ ទី​២.​ទាក់ទង​នឹង​បុព្វការី​ជន​ដែល​បាន​ស្លាប់ទៅ ជា​ហេតុផល​សំខាន់បំផុត​ក្នុង​ជំនឿ​នេះ ។

ទំនៀម​ទំលាប់​ប្លុង​ក្រឡាន របស់អ្នកស្រុក​នគរ​ក្រៅ​

តាម​ជំនឿ​ខ្មែរ អ្នក​ដែល​អាច​កើតជា​មនុស្ស​បាន​ត្រូវមាន​ធាតុ​២​សំខាន់ គឺ​នាម (​ឈ្មោះ ព្រលឹង​) និង រូប (​រាងកាយ​) ។ គ្រប់​បុគ្គល​ទាំងអស់ ស្លាប់ទៅ រូប​នឹង​ក្លាយជា​ដី ឯ​នាម​នៅរសាត់អណ្តែត​គ្រប់​ទីកន្លែង ។ ដូច្នេះ​ដើម្បី​អបអរ​ការកកើត​រូប​ម្តងទៀត កុំឱ្យ​ព្រលឹង​រសាត់​ទៅណា​ឆ្ងាយ​ពេក​នោះ ទាល់តែ​មាន​រូប​ទី ២ ទើប​គេ​ត្រូវធ្វើ​រូប ដោយ​រក​របស់​អ្វីដែល​ធ្វើ​ពី​ដី​ឡើងវិញ ដោយ​យក​ស្រូវ​អង្ករ​ជា​តំណាង​តួ​រូប ។ ដូច្នេះ​គេ​ក៏​យក​អង្ករដំណើប​មក​ធ្វើ​នំក្រឡាន គឺ​សំដៅ​រូបរាងកាយ​របស់​នាម ។

ទំនៀម​ទំលាប់​ប្លុង​ក្រឡាន របស់អ្នកស្រុក​នគរ​ក្រៅ​

គេ​មិន​យក​ក្រឡាន​ទៅ​ដាក់​ផ្ទាល់​នៅ​កណ្តាលវាល​នោះទេ ខ្លាច​ព្រលឹង​មិនអាច​មកដល់​ផ្ទះ ហើយ​ដើម្បីឱ្យ​ព្រលឹង​នោះ​ចាប់បាន​រូប ទាល់តែ​គេ​យកទៅ​បោះចោល​នៅ​ទី​ព្រៃ រួច​យក​ស្លឹកឈើ​គ្រប ទើប​អាចារ្យ​ធ្វើ​កិច្ច​ពិធី​ហៅ​អន្ទង​​ព្រលឹង​ឱ្យមក​និង​ឱ្យ​ព្រះសង្ឃ​មក​ទស្សន៍​របស់របរ ដែល​ប្លុង​ចោល​នោះ ដើម្បីឱ្យ​ព្រលឹង​នោះមក​ទទួលបាន​រូបរាង​ដែល​គេ​ឱ្យ ។ ចំពោះ​ការរៀបចំ​ពិធី​ប្លុង​ក្រឡាន​គឺ​មានន័យថា បញ្ជូន​រូបរាងកាយ​ឱ្យ​វិញ្ញាណ​ញាតិមិត្ត​សន្តាន​បានកើត​ឡើងវិញ ។ ក្រៅពី​ពិធី​ប្លុង​ក្រឡាន​នេះ នៅមាន​ពិធី​ជាច្រើន​ទៀត ដែល​អ្នកស្រុក​អង្គរ នៅតែ​អភិរក្ស​ ​និង ​បន្តធ្វើ​រហូតដល់​សព្វថ្ងៃ ដូចជា​ពិធី​សុំ​ទឹកភ្លៀង ឡើង​មាឃ បង្កក់ឆ្មប​ជាដើម ៕ សុថា​ត់​