ពលរដ្ឋ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់​បារម្ភ​ពី​ការ​កាប់​រាន​ដី​ព្រៃ​ដើម្បី​យក​ដី

ពលរដ្ឋ​រស់​នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ការ​ហិនហោច​ធនធាន​ធម្មជាតិ​ដោយ​ការ​ទន្ទ្រាន​ដី​ព្រៃ​ស្រោង​ពី​សំណាក់​ពលរដ្ឋ​ចំណាក​ស្រុក​ដែល​ពុំ​ឃើញ​មាន​អាជ្ញាធរ​បង្ក្រាប។ អ្នក​ភូមិ​ចោទ​ថា ការ​កាប់​ឆ្ការ​ព្រៃ​ដើម្បី​យក​ដី​ប្រើ​ប្រាស់ និង​ធ្វើ​កម្មសិទ្ធិ​ឯកជន​កើត​ឡើង​ក៏​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​បើក​ដៃ។

ការ​ទន្ទ្រាន​យក​ដី​ព្រៃ និង​កាប់​ឈើ​ប្រណិត រួម​ទាំង​ដើម​ផលិត​ជ័រទឹក​ក្នុង​តំបន់​ព្រៃស្រោង ឬ​ព្រៃ​ក្រាស់​នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រៃឡង់ ឋិត​នៅ​ទិស​ខាង​លិច​ពី​ទី​រួម​ខែត្រ​ស្ទឹងត្រែង នៅ​តែ​បន្ត​កើត​មាន ពុំ​មាន​ការ​បង្ក្រាប​ឡើយ។ អ្នក​ភូមិ​ថា ព្រៃ​នៅ​តំបន់​នោះ​កាល​ពី ៥​ឆ្នាំ​មុន ជា​តំបន់​ជម្រក​សត្វព្រៃ ហើយ​មាន​ដើម​ឈើ​ប្រណិត​ធំៗ​ដូចជា បេង ធ្នង់ កកោះ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក។ លើស​ពី​នេះ បន្ទាប់​ពី​ឈើ​ប្រណិត​ទាំង​នោះ​ត្រូវ​គេ​កាប់​ជិត​ផុត​ពូជ សកម្មភាព​កាប់​ឆ្ការ​ដី​ព្រៃ​ដើម្បី​យក​ដី​ប្រើប្រាស់​កម្មសិទ្ធិ​ឯកជន និង​ធ្វើ​អាជីវកម្ម​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​តាំង​ពី​ចុង​ឆ្នាំ​២០១៥។

ពលរដ្ឋ​រស់​នៅ​ភូមិ​កាំងចាម ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​របស់​ឈ្មួញ និង​ពលរដ្ឋ​ចំណាក​ស្រុក​ប្រមាណ​ពី ៣០​នាក់ ទៅ ៤០​នាក់ បាន​បោះ​តង់​ក្នុង​ព្រៃ​ដើម្បី​ស៊ី​ឈ្នួល​កាប់​ព្រៃ​រាន​យក​ដី​មួយ​ហិកតារ​តម្លៃ​ចាប់​ពី ៤០​ម៉ឺន​រៀល​ឡើង​ទៅ នៅ​ចំណុច​ព្រំប្រទល់​ភូមិ​កាំងចាម និង​ភូមិ​ដួង។ លើស​ពី​នេះ​ក្រុម​កម្មករ​ទាំង​នោះ ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ ឬ​ត្រង់ស៊ីន័រ ជា​ច្រើន​គ្រឿង បាន​សម្រុក​កាប់​ឆ្ការ​តាំង​ពី​ចុង​ឆ្នាំ​២០១៥ រហូត​បច្ចុប្បន្ន​ពុំ​ទាន់​មាន​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ទប់ស្កាត់​ឡើយ៖ «គេ​កាប់​យក​ដី​កម្មសិទ្ធិ​របស់​គេ។ គេ​កាប់​មិន​តិចតួច​ទេ​រាប់​ពាន់​ហិកតារ។ ប្រជាជន​អ្នក​ភូមិ​ទៅ​កាប់​គេ​មិន​ឲ្យ​កាប់​គេ​ថា ដី​គេ​ទាំង​អស់​គេ​លក់​អស់​ហើយ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថាឡាបរិវ៉ាត់ អ្នកស្រី ទន់ ឡាម ទទួល​ស្គាល់​ថា ព្រៃ​នៅ​តំបន់​ខាង​កើត​ភូមិ​ដួង ឆ្ងាយ​ពី​ឃុំ​កាំងចាម ប្រមាណ ៣០​គីឡូម៉ែត្រ ក៏​មាន​សេចក្ដី​រាយការណ៍​ពី​អ្នក​ភូមិ​ទាក់ទិន​កាប់​រាន​ដី​ព្រៃ​អស់​ជា​ច្រើន​ហិកតារ។ អ្នកស្រី​ថា ក្រុមប្រឹក្សា​ឃុំ​ក៏​ធ្លាប់​លើក​យក​ករណី​នេះ​ជូន​ដំណឹង​ដល់​មេឃុំ​ដែរ៖ «តំបន់​ព្រៃស្រោង​ព្រៃឈើ​ធំៗ។ កន្លង​មក​ប្រជាជន​អាស្រ័យ​ផល​លើ​ជ័រ​ច្រោះ​អី»

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក លោក ហូ សំអុល អំពាវនាវ​ឲ្យ​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​រាន​ដី​ព្រៃឈើ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន បន្ទាប់​ពី​គណៈកម្មការ​នេះ​កំពុង​បំពេញ​ភារកិច្ច​នៅ​ភូមិ​ភាគ​ឦសាន។

លោក ហូ សំអុល ចង់​ឲ្យ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​ទាក់ទិន​កាប់​ព្រៃ​ខុសច្បាប់​ត្រូវ​ទទួល​ទោស​តាម​ច្បាប់៖ «ទាល់តែ​ពួកគាត់​ទៅ​ជួប​អាជ្ញាធរ​ភូមិ​ឃុំ បាន​ពួកគាត់​ហ៊ាន អ៊ីចឹង​ជា​ទង្វើ​ខុស​ច្បាប់​របស់​អាជ្ញាធរ។ គាត់​អត់​មាន​សិទ្ធិ​ចេញ​ច្បាប់​ឲ្យ​ទៅ​កាប់​ព្រៃ​របស់​រដ្ឋ​ទេ»

លោក ហូ សំអុល រក​ឃើញ​ថា ការ​កាប់​រាន​ដី​ព្រៃ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន និង​ធ្វើ​អាជីវកម្ម​កំពុង​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​គ្រប់​ស្រុក​ទាំង ៥ នៃ​ខែត្រ​ស្ទឹងត្រែង ហើយ​អាច​មាន​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទល្មើស​ទាំង​នោះ។ ចំណែក​ការ​ទប់​ស្កាត់​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មាន​តិចតួច។

កាល​ពី​ចុង​ឆ្នាំ​២០១៥ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​ជំរុញ​ឲ្យ​អភិបាល​ខែត្រ​ដែល​ទើប​តែងតាំង​ថ្មី លោក ម៉ុម សារឿន ពង្រឹង​យន្តការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ខណៈ​មន្ត្រី​ពាក់ព័ន្ធ​ដេញ​ដោល​គ្នា​ចំពោះ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។