មិនទាន់មាន​ការស៊ើបអង្កេត​វែកមុខ​ឈ្មួញ​ធំៗ​ពាក់ព័ន្ធ​មហន្តរាយ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​នៅឡើយ​ទេ​

រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​ដូចជា តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀរ និង​ព្រៃ​អភិរក្ស​របស់​រដ្ឋ​ជាច្រើន​កន្លែង ត្រូវ​ប្រឈម​នឹង​ការកាប់​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ឈ្មួញ​ធំៗ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី មានដូចជា ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា សឹង សំអុល ឧកញ៉ា វ័ន ប៊ុន​ថៃ និង​ឈ្មួញ​មួយចំនួនទៀត​ដែលមាន​ទំនាកទំនង​ជាមួយ​សម​ត្ថ​កិច្ច​ពុករលួយ​។ ក្នុងនោះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវគេ​ដឹងថា​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ទៅនឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​។

​ក្នុង​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រយៈពេល​ប៉ុន្មាន​កន្លងទៅនេះ​នៅ​មិនទាន់​ឃើញ​មានការ​វែកមុខ​ឈ្មួញ​ធំៗ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី និង​មន្ត្រី​ជំនាញ ព្រមទាំង​សមត្ថកិច្ច​ដែល​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នោះទេ​។ ប្រការ​នេះហើយ​ដែល​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ វែកមុខ​អ្នក​បំផ្លាញ​ព្រៃឈើ​ទាំងអស់​យកទៅដាក់​ទោស​តាមច្បាប់​។ ដោយហេតុថា បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​ទំហំធំធេង​ណាស់​គឺ​ស្ទើរ​រលាយ​អស់​ព្រៃឈើ​ទាំងស្រុង​ទៅហើយ​។

មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ បាន​ឲ្យ​ដឹងថា លោក រ័ត្ន សុវណ្ណ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀរ និង​លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវ​បើក​ការស៊ើបអង្កេត​ទៅលើ​មន្ត្រី​ពុករលួយ​ទាំង​២​នាក់​នេះ​ជាបន្ទាន់ ព្រោះ​ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​រាប់ម៉ឺន​រាប់សែន​ម៉ែត្រគូប ត្រូវ​ឈ្មួញ​កាប់​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀរ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យកទៅលក់​នៅ​ស្រុក​យួន​។ ប្រសិនបើ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​ចាត់វិធានការ​ទៅលើ​ឈ្មួញ​ធំៗ​និង​មន្ត្រី​ពុករលួយ​ដែល​ឃុបឃិត​គ្នា​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​ទេនោះ គឺ​ប្រជាពលរដ្ឋ​ពុំមាន​ជំនឿ​លើ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ​៕

Hong-0942 Hong-0940 Hong-0941