លក់​ដី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង រាប់លាន​ដុល្លារ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​ស្ដីពី​ការលក់​ដី​ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុងតម្លៃ​រាប់លាន​ដុល្លារ ហើយ​គេ​សង្ស័យថា​មាន​បង្កប់​ទៅដោយ​អំពើពុករលួយ​ផងដែរ​។ ដី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​ទីតាំង​ចំ​កណ្ដាល​ក្រុង​ទល់មុខ​សួនច្បារ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​យួន មាន​ផ្ទៃដី​រាប់ម៉ឺន​ម៉ែត្រក្រឡា​ត្រូវគេ​ឃុបឃិត​គ្នា​លួច​កាត់​ចេញពី​បញ្ជីសារពើភ័ណ្ឌ​របស់រ​ដ្ឋ​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្នុងតម្លៃ​រាប់លាន​ដុល្លារ​។ ហេតុនេះហើយ​ទើប​មន្ត្រីនគរបាល​តូចតាច និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ផងដែរ​ចំពោះ​ការលក់ដូរ​ទ្រព្យសម្បត្តិ​រដ្ឋ​ស្ងាត់ៗ​។

មន្ត្រីនគរបាល​តូចតាច​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដី​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវបាន​គេ​រត់​ការលក់​ទៅ​ឲ្យ​ឈ្មួញ​តាំងពី​ជំនាន់​លោក អាត់ ខែម នៅ​ធ្វើជា​ស្នងការ​នគរបាល​ខេត្ត​នេះ​។ ដោយឡែក​ដី​មួយផ្នែក​ទៀត​និង​ផ្ទះ​វីឡា​មួយ​ដែល​សាងសង់​ដោយ​លុយ​របស់​អង្គភាព ព្រមទាំង​មួយផ្នែក​បាន​ពី​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក គឺ​សម្រាប់​ស្នងការ​ស្នាក់នៅ​កុំ​ឲ្យ​ពិបាក​ជួល​ផ្ទះ​ក៏ត្រូវ​លោក អាត់ ខែម រត់ការ​កាត់​ចេញពី​បញ្ជីសារពើភ័ណ្ឌ​របស់រ​ដ្ឋ​យកទៅ​ធ្វើជា​កម្មសិទ្ធិ​រប​ស់​ខ្លួន​ផងដែរ​។ មន្ត្រីនគរបាល​ជាច្រើនរូប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា លោក អាត់ ខែម អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ហើយ​បច្ចុប្បន្ន​ជា​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុង​ការលក់​ដី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​និយាយថា ជាការ​ដោះដូរ​ទីតាំង​មិនមែន​លក់​ទេ ហើយ​រឿងនេះ​លោក អាត់ ខែម ស្នងការ​មុន​ជា​អ្នកធ្វើ ហើយ​រូបលោក​នឹង​ស្នងការរង​ផ្សេងទៀត​មិនបាន​ដឹង​អ្វី​ឡើយ​។ ដូច្នេះ​ករណី​លក់​ដី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង គឺ​លោក អាត់ ខែម ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ចំណែក​លោក ឡុ​ច សុវណ្ណ​រ៉ា ស្នងការរង​ដែលជា​អ្នក​កាន់​ឯកសារ​នេះ ក៏​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក អាត់ ខែម ផងដែរ​។ ដូច្នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់វិធានការ​ឲ្យ​លោក អាត់ ខែម និង​អ្នក​ជាប់​ពាក់ព័ន្ធ​បំភ្លឺ​ដល់​សាធារណជន​ឲ្យ​បានច្បាស់លាស់ ព្រោះ​កន្លងមក​ការលក់ដូរ​ដី​ទីតាំង​អង្គភាព​រដ្ឋ​នានា​ត្រូវបាន​គេ​អះអាងថា​ដូរ​ទីតាំង តាមពិត​គេ​លក់​ឲ្យ​ឈ្មួញ​ក្នុងតម្លៃ​ខ្ពស់ ហើយ​ទៅ​ទិញ​ដី​កន្លែង​ផ្សេង​ក្នុងតម្លៃ​ទាប ដើម្បី​សល់​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​៕

a99eb403-9b37-4aeb-a565-c68865e53336លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ police - Copy​    ​