អភិបាលខេត្ត​រតនគិរី មិន​ខ្វល់​ពី​រឿង​ក្រុមហ៊ុន​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​លំផាត់

កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ប្រជា​សហគមន៍​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ជួបប្រជុំគ្នា​នៅ​សាលា​ប្រជុំ​ភូមិ ដើម្បី​រៀបចំ​ពាក្យបណ្ដឹង​ប្ដឹង​ក្រុមហ៊ុន​រ័ត្ន​សា​ខន រឿង​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ចុះ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគាត់​តាម​ការសន្យា ព្រោះ​កន្លងមក​ក្រុមហ៊ុន​និង​មន្ត្រី​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ដោះស្រាយ​ឡើយ​។ ជាមួយគ្នានេះ​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​រះ​គន់​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ខ្វល់​ពី​រឿង​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​នៅ​ស្រុក​លំផាត់​នោះទេ​។

​ការដែល​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់ ប្រមូល​ផ្ដុំគ្នា​ប្រជុំ​នៅ​សាលា​ប្រជុំ​ភូមិ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ គឺ​ដោយសារ​ក្រុមហ៊ុន​រ័ត្ន​សា​ខន បាន​រំលោភ​កិច្ចសន្យា​ហើយ​ឈូសឆាយដី​ត្រៀម​បម្រុង​ទុក​របស់​សហគមន៍​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ម្ចាស់​ក្រុមហ៊ុន​រ័ត្ន​សា​ខន ដែលជា​ជនជាតិ​យួន​បន្ត​ឈូសឆាយ​ដីព្រៃ​អស់​ជាង​៣០០​ហិកតា​បន្ថែមទៀត ដើម្បី​ពង្រីក​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន ក្នុងខណៈដែល​អ្នកភូមិ​រង់ចាំ​ដំណោះស្រាយ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​អាជ្ញាធរ​។ តំណាង​សហគមន៍​ភូមិ​សមុទ្រ​លើ បាន​ឲ្យ​ដឹងថា ពួកគាត់​រៀបចំ​ពាក្យបណ្ដឹង​ប្ដឹង​ក្រុមហ៊ុន​រ័ត្ន​សា​ខន តាមរយៈ​អង្គការសិទ្ធិមនុស្ស​ដើម្បី​អន្តរាគមន៍​ជួយ​រក​ដំណោះស្រាយ និង​បញ្ឈប់​អំពើ​រំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន​រ័ត្ន​សា​ខន​។

សូម​បញ្ជាក់ដែរថា​ក្រុមហ៊ុន​រ័ត្ន​សា​ខន ដែលមាន​ម្ចាស់​ជា​ជនជាតិ​យួន​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​៧០០០​ហិកតា​នៅជាប់​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី ដែលជា​តំបន់​សហគមន៍​ភូមិ​សមុទ្រ​លើ​រស់នៅ និង​អាស្រ័យ​ផល​។ កន្លងមក​ក្រុមហ៊ុន​រ័ត្ន​សា​ខន មិនបាន​អនុវត្តន៍​តាម​រូបមន្ត​ស្បែក​ខ្លា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទេ​ហើយ​បំពាន​ឈូសឆាយ​ដីព្រៃ​សហគមន៍​តាម​អំពើ​ចិត្ត ចំណែក​អភិបាលស្រុក​លំផាត់ និង​អភិបាល​ខេត្តរតនគិរី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ទើប​លោក រ័ត្ន សា​ខន ម្ចាស់​ក្រុមហ៊ុន​រ័ត្ន​សា​ខន ដែលជា​ជនជាតិ​យួន​នៅតែ​បំពាន​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​អស់​ជាង​៣០០​ហិកតា​បន្ថែមទៀត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​៕

12620473_884097831710580_547232589_oលោក ថង សាវុន អភិបាលខេត្តរតនគិរី 580ddfd9-e02a-4353-b726-5bf21263f329ប្រជាសហគមន៍ភូមិសមុទ្រលើ