ដាំ​ត្រកួន​ខ្លួនឯង តែ​មិន​ហ៊ាន​ហូប ព្រោះ​ខ្លាច​«​ស្លាប់​»

​ភ្នំពេញ​៖ សុវត្ថិភាព​ចំណីអាហារ ម្ហូបអាហារ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​រឿង​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ព្រួយបារម្ភ​។ ប៉ុន្តែ ចំណាត់ការ ឬ​វិធានការ​ទប់ស្កាត់ ឬ​មធ្យោបាយ​ដោះស្រាយ​សមរម្យ​ណាមួយ មិនទាន់​ត្រូវបាន​ស្ថាប័ន​ជំនាញ​យកចិត្តទុកដាក់​នៅឡើយ​ទេ​។ សារព័ត៌មាន​ក្រៅប្រទេស​មួយចំនួន​និយាយថា ពលរដ្ឋ​ខ្មែរ​កំពុង​ពិសា​ថ្នាំពុល​។

​ម៉ោង​ប្រមាណ​ជា​៦​កន្លះ​ព្រឹក ព្រះអាទិត្យ​បាន​បញ្ចេញ​កាំរស្មី​ពី​ទិសខាងកើត​ជះ​ទៅលើ​ចម្ការ​ដាំ​ត្រកួន​នៅលើ​ផ្ទៃ​ទឹក​បឹងទំពុន​ស្ថិតនៅ​ខាងត្បូង​ទីក្រុង​ភ្នំពេញ​។ តំបន់​នេះ គឺជា​គម្រោង​អភិវឌ្ឍន៍​ថ្មី តែ​វា​នៅមាន​នៅឡើយ​ជំនួញ​ដាំ​ត្រកួន​។

​លាតសន្ធឹង​លើ​ផ្ទៃ​ទឹក​ច្រើន​ហិកតា ត្រកួន​លាស់​ខៀវខ្ចី មើលទៅ​ទំនងជា​ដុះ​ដោយសារ​ឥទ្ធិពល​នៃ​កាំរស្មីព្រះអាទិត្យ និង​ទឹកស្អុយ​ធម្មជាតិ​។ ប៉ុន្តែ ការពិត វា​មិន​អ៊ីចឹង​ពេក​ទេ​។ នៅពេលដែល​គេ​ឈាន​ជើង​ចូលទៅ​កៀក​ចម្ការ​ត្រកួន​ដាំ​លើទឹក​បន្តិច​, កម្មករ​ថែទាំ​ការដាំ​ត្រកួន​កំពុងតែ​ប្រើប្រាស់​សារជាតិ​គីមី​ដើម្បី​ជំរុញ​ឲ្យ​ត្រកួន​ដុះ​កាន់តែ​ឆាប់​ធំ និង​លាស់​ខ្ចី​បៃតង​។ ដឹង​ដែរ​ពី​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​។ ប៉ុន្តែ​ប្រាក់ចំណូល​ខ្ពស់ និង​ក្រពះ​ស្រែក​ឃ្លាន​របស់​អ្នក​ដាំ​មាន​ទំហំ​ធំ​ជាង​បញ្ហា​សុខភាព​ទៅទៀត​។

​មាឌ​ដំបង​បន្តិច សម្បុរ​ខ្មៅ បុរស សំណាង ដែល​អះអាងថា រូបគាត់​បាន​ដាំ​ត្រកួន​អស់​រយៈពេល​ប្រមាណ​ជា​២០​ឆ្នាំ​មកហើយ​នោះ បាន​និយាយ​ដោយស្មោះ​ត្រង់​ថា អ្នក​ដាំ​ត្រកួន​គ្រប់គ្នា​ដឹង​ពី​គ្រោះថ្នាក់​បណ្តាលមកពី​ការប្រើប្រាស់​សារជាតិ​គីមី​។ ប៉ុន្តែ ពួកគេ​មិនដឹងថា តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច​ទេ​។ អ្នកជំនាញ​ដាំ​ត្រកួន​រូបនេះ​បាន​និយាយ​ត្រង់ៗ​ថា​៖«​ខ្ញុំ​ដាំ តែ​ខ្ញុំ​មិន​ហូប​ទេ​។ ខ្ញុំ​ធ្លាប់​ពុល​ម្តង រាគ​ធ្ងន់ធ្ងរ​ណាស់​»​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​លោក សំណាង បាន​បញ្ជាក់ថា ប្រសិនបើ​គេ​បាញ់ថ្នាំ​លើ​ត្រកួន​ពី​ល្ងាច ព្រឹក​ឡើង ត្រកួន​ដុះ​លូតលាស់​បាន​ជាង​មួយ​ចំអាម​ដៃ ហើយ​ដើម និង​ស្លឹក​របស់​វា​ដុះ​ឡើង​សខ្ចី​។

​សំណាង ដែលមាន​វ័យ​ប្រមាណ​ជា ៥០​ឆ្នាំ ដឹង​យ៉ាងច្បាស់​ពី​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការប្រើប្រាស់​សារជាតិ​គីមី​។ ដូច្នេះហើយ បានជា​រូបលោក​មិន​អនុញ្ញាត​ឲ្យ​ភរិយា​របស់លោក​មក​ធ្វើ​ការដាំ​ត្រកួន​ជាមួយ​ក្រុម​លោក​។ ភរិយា​របស់គាត់​បម្រើ​ការងារ​នៅក្នុង​សិប្បកម្ម​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។ ដើម្បី​បញ្ជាក់​ពី​គ្រោះថ្នាក់​ដោយសារ​ការដាំ​ត្រកួន​ដែល​ប្រើប្រាស់​សារជាតិ​គីមី​ហួសកំណត់​នោះ លោក សំណាង បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកភូមិ​ដាំ​ត្រកួន​ជាមួយ​រូបលោក ចំនួន ៣ ៤ ឬ​៥​នាក់​ហើយ​បាន​បាត់​បង់ជីវិត​ដោយសារ​សារជាតិ​គីមី​បំផ្លាញ​សួត​។ នេះ​គឺជា​ការបញ្ជាក់​របស់​គ្រូ​ពេទ្យ ហើយ​ត្រូវបាន​រៀបរាប់​ឡើងវិញ​ដោយ​លោក សំណាង​។

​ទឹកមុខ​ស្ងួត និយាយ​មួយៗ លោក សំណាង ហាក់បីដូចជា​មិនដឹងថា ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​។ គ្រោះថ្នាក់​ដឹង តែ​ចំណូល​ពី​ការដាំ​ត្រកួន​មាន​ទំហំ​ធំ​គួរសម​។ ក្នុង​មួយខែៗ​លោក សំណាង រកចំណូលបាន​ពី​ការដាំ​ត្រកួន​ប្រមាណ​ជា​១​ពាន់​ដុល្លារ​។ តើ​លោក​ចង់​ដាំ​បន្លែ​បែប​ធម្មជាតិ ឬ​ចង់​ប្រកបមុខរបរ​អ្វី​ផ្សេង​ដែល​មិន​បំផ្លាញ​សុខភាព​ឬទេ​? លោក សំណាង បាន​ឆ្លើយ​មកវិញ​ភ្លាម​ថា លោក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ដែរ តែ​មិនដឹង​ជា​ត្រូវធ្វើ​អ្វី​។ មាន​គេច​ង់​ឲ្យ​លោក​ដាំ​បន្លែ​បែប​ធម្មជាតិ​ដែរ តែ​គម្រោង​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ​។

​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ម្ហូបអាហារ បន្លែ ផ្លែឈើ ត្រូវបាន​គេ​រាយការណ៍​ប្រាប់ថា មាន​ផ្ទុក​ទៅដោយ​សារជាតិ​គីមី​ដែល​បំផ្លាញ​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​។ សារព័ត៌មាន​ស្វី​ស​ដែល​បាន​ចុះមក​ធ្វើ​អង្កេត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុននេះ បាន​ចុះផ្សាយ​អត្ថបទ​របស់ខ្លួន​នៅក្នុង​ប្រទេស​ស្វី​ស​ដោយ​ដាក់​ចំណងជើង​ថា «​ពលរដ្ឋ​ខ្មែរ​ពិសា​ថ្នាំពុល​ជា​រៀងរាល់ថ្ងៃ​»៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​