សាលារៀន​ទ្រុងខ្លា​ដង្ហោយ​ហៅរក​ជំនួយ​

Doliprane TVC

​ទោះបីជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះរាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុងការ​សាងសង់​សាលារៀន​ច្រើន​យ៉ាងណាក្តី ក៏​ទំហំ​នៃ​សេចក្តីត្រូវការ​សាលារៀន និង គ្រូបង្រៀន​នៅតាម​តំបន់​ជនបទ​មួយចំនួន​នៅតែ​ខ្វះ​នៅឡើយ ព្រោះ​គេ​មិន​នឹកស្មានថា​ចូល​មកដល់​សម័យនេះ​ទៅហើយ​នៅតែមាន​ការខ្វះ​សាលារៀនសម្រាប់​ឱ្យ​សិស្ស​នៅ​តំបន់​នោះបាន​សិក្សា​រៀនសូត្រ​ទៀត ដូចជា​សាលា​បឋ​មសិ​ក្សា​ទ្រុងខ្លា ដែល​ស្ថិតនៅក្នុង​ខេត្តបាត់ដំបង​ឯណោះ​វិញ​កំពុងតែ​ជួប​ការលំបាក​យ៉ាងខ្លាំងដោយ​មិនមាន​អគារ​សាលា​ដើម្បីឱ្យ​សិស្ស​អង្គុយ​សិក្សា​បាន​សមរម្យ​ឡើយ ក្រសួង​អប់រំ​គួរតែ​ពិនិត្យមើល​សាលាបឋមសិក្សា​មួយ​នេះ​ផង ។​

សាលារៀន​ទ្រុងខ្លា​ដង្ហោយ​ហៅរក​ជំនួយ​

​សាលាបឋមសិក្សា​ទ្រុងខ្លា​ជា​សាលារៀន​មួយ​ដែល​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង ដោយសារ​សាលាបឋមសិក្សា​មួយ​នេះ​កំពុងមានសភាព​ចាស់​ទ្រុឌទ្រោម​ដោយ​សាលា​ទាំងមូល​មានតែ​អគារ​មួយ​ខ្នង​គត់ មាន​ពីរ​បន្ទប់ ហើយ​បន្ទប់​គ្មាន​ជញ្ជាំង​បាំងបិទ គ្មាន​បង្អួច គ្មាន​ទ្វារ គ្មាន របង ជាដើម ។ នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​សាលា​ទាំងមូល​ត្រូវ​ទឹកភ្លៀង​សាច​ចូល ដែល​ធ្វើឱ្យ​សិស្ស​មិនអាច​នៅ​រៀន​បានទេ ហើយ​នៅ​រដូវវស្សា​ទឹកភ្លៀង​លិច​ទីធ្លា​សាលា​បណ្តាលឱ្យ​សិស្ស​មិនអាច​រៀន​កើតដែលជា​កត្តា​បង្ខំ​ឱ្យ​សិស្ស​មក​រៀន​មិនបាន​ទៀងទាត់ ។

សាលារៀន​ទ្រុងខ្លា​ដង្ហោយ​ហៅរក​ជំនួយ​

​នៅ​បរិវេណ​សាលាបឋមសិក្សា​ទ្រុងខ្លា​គេ​សង្កេតឃើញ​មាន​ស្មៅ និង ដើមឈើ​ម​ដុះ​ស៊ុបទ្រុប​ដូចជា​រោង​ដាក់​អ្វីមួយ​ដែល​គេបោះបង់​ចោល​ដូច្នេះដែរ សូម្បីតែ​ស្លាក​ដែល​សរសេរ​ដាក់ឈ្មោះ​សាលាបឋមសិក្សា​ទ្រុងខ្លា​ក៏​ដាច់​ធ្លាក់ចុះ​មកក្រោម​ដែរ មើលទៅ​ដូចជា​ពុំ​ត្រូវបាន​ថែរក្សា ឬ ថែទាំ​ឱ្យបាន​ត្រឹមត្រូវ​ឡើយ ។​ ​បច្ចុប្បន្ននេះ​សាលាបឋមសិក្សា​ទ្រុងខ្លា​មាន​គ្រូបង្រៀន​តែ​ពីរ​នាក់​ប៉ុណ្ណោះ គ្រូ​ម្នាក់​ជា​គ្រូ​ក្របខ័ណ្ឌ​របស់​រដ្ឋ និង គ្រូបង្រៀន​ម្នាក់ទៀត​ជា​គ្រូ​ជាប់កិច្ចសន្យា ។ សាលាបឋមសិក្សា​ទ្រុងខ្លា​មាន​សិស្ស​រៀន​ចាប់ពី​ថ្នាក់​ទី ១ រហូតដល់​ថ្នាក់​ទី ៥ គ្រូ​ម្នាក់ៗ​បង្រៀន​ពីរ​វេន​ទៅ​បី​វេន ។

សាលារៀន​ទ្រុងខ្លា​ដង្ហោយ​ហៅរក​ជំនួយ​

​សាលាបឋមសិក្សា​ទ្រុងខ្លា​ត្រូវបាន​គេ​សាងសង់​លើ​ផ្ទៃដី​ផ្ទៃដី​ទំហំ ១០០ ម៉ែត្រ × ២០០ ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ​ជា ២៥ គីឡូម៉ែត្រ ពី​ការិយាល័យ​អប់រំ​យុវជន និង កីឡា ស្រុក​សំឡូត ខេត្តបាត់ដំបង ។ រាល់ថ្ងៃនេះ​សាលាបឋមសិក្សា​ទ្រុងខ្លាគ្មាន​ទីចាត់ការ គ្មាន​បង្គន់​អនាម័យ គ្មាន​បណ្ណាល័យ គ្មាន​របង គ្មាន​ខ្លោងទ្វារ គ្មាន​សួន​កម្សាន្ត គ្មាន​ទីលានកីឡា គ្មាន​ផ្ទះសំណាក់​សម្រាប់​គ្រូ​មកពី​ចម្ងាយ​ស្នាក់នៅ និង ខ្វះ​សម្ភារៈ​សិក្សា​ផ្សេងៗ​ទៀតដែល​កត្តា​ទាំងនេះ​បានធ្វើឱ្យ​សិស្ស និង គ្រូ​ជួប​ការលំបាក​យ៉ាងខ្លាំង ។

សាលារៀន​ទ្រុងខ្លា​ដង្ហោយ​ហៅរក​ជំនួយ​

​មន្ត្រី​រាជរដ្ឋាភិបាល​ម្នាក់​បាន​ចុះ​មូលដ្ឋាន​និង បាន​ទៅដល់សាលា​សាលាបឋមសិក្សា​ទ្រុងខ្លា​នេះ​បាន​រៀបរាប់ថា នៅ​ទីនោះ​ទាំង​សិស្សទាំង​គ្រូ​មានការ​លំបាក​យ៉ាងខ្លាំង​មិន​ដូច​សាលារៀន​នៅ​ទីប្រជុំជន​ឡើយ សាលារៀន​ធ្លុះធ្លាយគា្មន​ជញ្ជាំង​បាំងបិទ ពេល​ភ្លៀង​ម្តងៗ​សិស្ស និង គ្រូ​បង្ខំចិត្ត​នាំគ្នា​ឈប់សម្រាកព្រោះ​មិនអាច​អង្គុយ​រៀន និង បង្រៀន​កណ្តាល​ភ្លៀង​បានទេ ។​ ​មន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថាទាំង​គ្រូទាំង​សិស្ស​ត្អូញត្អែរ​ចំពោះ​ការលំបាក​ក្នុង​ការរៀននិង ការបង្រៀន​ប្រចាំ​ថ្ងៃនេះ​ណាស់ ព្រោះ​សាលា​ក៏​ទ្រុឌទ្រោម ប៉ុន្តែ​មិនដឹង​ធ្វើ​ម៉េច​ព្រោះ​គ្មាន​ជម្រើស ម៉្លោះហើយ​ចេះតែ​ទ្រាំៗ​ទៅ​ទម្រាំ​ថ្នាក់លើ​មើលឃើញ ។

សាលារៀន​ទ្រុងខ្លា​ដង្ហោយ​ហៅរក​ជំនួយ​

ទាំង​គ្រូបង្រៀន​ទាំង​សិស្ស​នៅ​សាលាបឋមសិក្សា​ទ្រុងខ្លា​សុទ្ធតែសំណូមពរ​ដល់​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង​ក៏ដូចជា​ក្រសួង​អប់រំ​យុវជន និង កីឡា សូមមេត្តា​ជួយ​សាងសង់​សាលាបឋមសិក្សា​ទ្រុងខ្លា​នេះ​ឱ្យបាន​ល្អ​ផង បើ​មិនបាន​សង់​ថ្មីក៏​សូម​បិទបាំង​បន្ទប់​ឱ្យ​ជិត និង ប្រក់​ដំបូល​ឱ្យបាន​គត់មត់​ផង ចៀសវាងមានភ្លៀង​ពេល​កំពុង​រៀន​ទាំង​សិស្ស​ទាំង​គ្រូ​ឈប់សម្រាក​ដូច​រាល់ថ្ងៃ​ទៀត ។ទោះបីជា​សាលា​មាន​ស្ថានភាព​ទ្រុឌទ្រោម​បែបនេះ​ក្តី តែ​ជា​រៀងរាល់ថ្ងៃ​សិក្សា​ក៏​គ្រូបង្រៀន និង សិស្ស​នៅ​សាលាបឋមសិក្សា​ទ្រុងខ្លា​នេះ​មិនដែល​បោះបង់ចោល​ការសិក្សា និង ការបង្រៀន​ដែរ ដោយ​ពួកគាត់​តែងតែ​ទៅ​សិក្សា និង ទៅ​បង្រៀន​រាល់ថ្ងៃ ។​ ​ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក យៀង សុភា នាយក​សាលាបឋមសិក្សា​ទ្រុងខ្លា​នេះដែរតែ​ទូរស័ព្ទ​របស់លោក តេ​ចូល​ហើយ​មិនមាន​អ្នកទទួល​ ៕​ ​ ​ ​ ​ ​ នឿន​