ចាប់ពី​ខែមករា​នេះ​ទៅ កម្មករ ទទួល​ប្រាក់​ឈ្នួល​១៤០​ដុល្លារ ទាំង​មេ​សហជីព​មិន​សប្បាយចិត្ត​

​ប្រាក់​ឈ្នួល​អប្បបរមា ១៤០​ដុល្លារ សម្រាប់​កម្មករ​និ​យោ​ជិ​ក ក្នុង​វិស័យ​កាត់​ដែរ​សម្លៀកបំពាក់​និង​ស្បែកជើង នឹងត្រូវ​អនុវត្ត​ចាប់ពី​ខែមករា នេះ​ទៅ ។ មេ​សហជីព​នៅតែ​មិន​ស្ងប់ចិត្ត​ចំពោះ​ប្រាក់ខែ​នេះ ដោយ​ពួកគេ​អះអាង រដ្ឋាភិបាល បាន​ដំឡើង​តិចតួច ប៉ុណ្ណោះ​។​

​កម្មករ កម្មការិនី ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា នឹង​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា ១៤០ ដុល្លារ ចាប់ពី​ខែ មករា នេះ​ទៅ​។ បើទោះបីជា​និយោជក​ទទួល​ប្រាក់ខែ​ច្រើនជាង​ឆ្នាំមុន​ក៏ពិតមែន តែ​តំណាង​សហជីព មិនទាន់​ពេញចិត្ត​នៅ​ឡើង​។ កាលពី​ឆ្នាំ​២០១៥ ប្រាក់​ឈ្នួល​អប្បបរមា គឺ​១២៨ ដុល្លារ​។​

​គោលបំណង​របស់​មេ​ដឹក​សហជីព និង​កម្មករ​និ​យោ​ជិ​ក គឺ​ចង់បាន​ប្រាក់​ឈ្នួល​យ៉ាងតិច ១៥០​ទៅ​១៦០ ដុល្លារ ទើប​អាច​ផ្គត់ផ្គង់​ជីវភាព​កម្មករ​បា​នស​មរ​ម្យ និង​សមស្រប​នឹង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​។ ប៉ុន្តែ នៅ​ទីបំផុត​សំណើ​របស់​ភាគី​សហជីព និង​ការទាមទារ​របស់​កម្ម​ករ ត្រូវបាន​បរាជ័យ ដោយ​រដ្ឋាភិបាល បានអនុម័ត​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​ត្រឹម​១៤០​ដុល្លារ​។

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃនេះ​ថា រូបលោក​រួមទាំង​តំណាង​សហជីព​ផ្សេងទៀត ខិតខំ​សម្បើម​ណាស់ ដើម្បី​កម្មករ​ទទួលបាន​ប្រាក់ខែ​សមរម្យ តែ​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ត្រឹមតែ ១៤០ ដុល្លារ​។ លោក​លើកឡើងថា ប្រសិនបើ​ទាមទារ​ដំឡើង​ប្រាក់ខែ​មិន​បានទេ យ៉ាងហោចណាស់ ក៏​ទាមទារ​ប្រាក់​ធ្វើដំណើរ​និង​អាហារ​ថ្ងៃត្រង់ ឲ្យ​បាន​សមរម្យ​ដែរ​។

​មេដឹកនាំ​សហជីព​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​គ្មានអ្វី​ពេញចិត្ត​នោះទេ ព្រោះ​ដំឡើង​តិចពេក ជាង​១០​ដុល្លារ​ហ្នឹង​។ អ៊ីចឹង វា​នៅតែ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​ដដែល​។ ប្រាក់ខែ​ប៉ុណ្ណឹង មិនទាន់​ប្រសើរ​ទេ​។ ដូច្នេះ ខាង​ខ្ញុំ​នៅតែ​បន្ត ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​កម្មករ​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាង​នេះ​»​។​

​ជុំវិញ​ប្រាក់​ឈ្នួល​នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ក៏​មិន​ពេញចិត្ត​ដែរ​។ កន្លងមក លោក​ធ្លាប់​អះអាងថា ភាគី​សហជីព​នឹង​គោរព​និង​អនុវត្ត​នូវ​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល  តែ​ពួកគេ​នៅតែ​បន្ត ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ដើម្បី​ជំរុញ​ភាគី​និយោជក ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​