រដ្ឋមន្ត្រី​ការបរទេស​ជំរុញ​ឲ្យ​មន្ត្រី​ទូត​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ពលករ​ចំណាក​ស្រុក

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​ជំរុញ​ឲ្យ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ការពារ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ និង​ពលករ​ចំណាក​ស្រុក រួម​ទាំង​ដោះស្រាយ​បញ្ហា​ស្ត្រី​ខ្មែរ​រងគ្រោះ​ដោយ​ការ​ជួញដូរ។

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង បាន​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​មករា នៅ​ទីស្ដីការ​ក្រសួង។

លទ្ធផល​នៃ​ជំនួប​នេះ លោក ហោ ណាំហុង បាន​ស្នើ​ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ការពារ និង​ជួយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​រាល់​បញ្ហា​របស់​ពលរដ្ឋ​កម្ពុជា ពិសេស​ពលករ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ នៅ​សាធារណរដ្ឋ​កូរ៉េ ហើយ​និង​បញ្ហា​ស្ត្រី​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ចិន។

លិខិត​របស់​ក្រសួង​ការបរទេស​បង្ហាញ​ថា នៅ​ប្រទេស​ថៃ ត្រូវ​បន្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​ថៃ ផ្ដល់​ប័ណ្ណ​ការងារ និង​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលករ​ខ្មែរ។ ដោះស្រាយ​រាល់​ការ​រំលោភ​បំពាន​ផ្សេងៗ​របស់​និយោជក​មក​លើ​ពលករ​ខ្មែរ ផ្ដល់​ការ​គាំទ្រ​ផ្នែក​ច្បាប់ និង​ផ្ដល់​មេធាវី​ក្នុង​ករណី​ឡើង​តុលាការ ការ​ទាមទារ​សំណង និង​សម្រួល​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជា​ដើម។

ចំណែក​នៅ​ប្រទេស​ចិន ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយ​សង្គ្រោះ និង​រៀបចំ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​ស្ត្រី។ រី​ឯ​បញ្ហា​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី វិញ បន្ត​ការពារ​ដល់​ស្ត្រី​ខ្មែរ​ដែល​ទៅ​ធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ ដូច​ជា ការ​បង្ខំ​ធ្វើការ​ហួស​កម្លាំង បំពាន​រាងកាយ ផ្ដល់​បៀវត្ស​មិន​បាន​ត្រឹមត្រូវ និង​សង្គ្រោះ​ពលរដ្ឋ​ជា​កម្ពុជា លើ​ទូក​នេសាទ​ថៃ របស់​ម៉ាឡេស៊ី។ ក្រៅ​អំពី​បញ្ហា​ទាំង​នេះ លោក ហោ ណាំហុង ក៏​ស្នើ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​អប់រំ​ដោយ​ស្វែងរក​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។