អ៊ីម៉ែល​របស់​លោក​ស្រី Clinton មាន​រឿងសម្ងាត់​កំរិត​​ខ្ពស់

អ៊ីម៉ែល​របស់​លោក​ស្រី Clinton មាន​រឿងសម្ងាត់​កំរិត​​ខ្ពស់

រូបភាព​ឯកសារ៖ បេក្ខជន​ឈរឈ្មោះប្រធានាធិបតីអ្នកស្រី Hillary Clinton ថ្លែងក្នុង​យុទ្ធនាការ​មួយ​នៅ​ Council Bluffs រដ្ឋ Iowa កាលពីថ្ងៃទី៥ មករា ឆ្នាំ ២០១៦

ក្រសួង​ការ​បរទេស​ស.រ.អា.​និយាយ​ថា ប្រព័ន្ធ​អ៊ីនធឺណិតនៅ​ផ្ទះ​របស់​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា លោក​ស្រី Hillary Clinton ​ដែល​មិន​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​នោះមាន​សារ​អ៊ីម៉ែល​មួយ​ចំនួន​ដែល​មាន​ព័ត៌មានសម្ងាត់​កំរិតខ្ពស់ ហើយ​ថា​អ៊ីម៉ែល​ទាំង​នោះ​នឹង​ត្រូវ​រក្សា​ទុក មិន​បញ្ចេញ​ឲ្យ​សាធារណជន​បាន​ឃើញនោះទេ។

អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេស​ស.រ.អា លោក​ John Kirby ​បាននិយាយកាល​ពីថ្ងៃ​សុក្រ​ថា​ ឯកសារទាំង​នោះ​មាន​រួម​ចំនួន​៧អ៊ីម៉ែលទាំង​អស់​ចំនួន ៣៧​ទំព័រ។ លោក​និយាយ​ថា​អ៊ីម៉ែល​ទាំង​នោះ និង​អ៊ីម៉ែល​ឯ​ទៀត​របស់​លោកស្រី Clinton ​នឹង​មិន​បញ្ចេញ​ជា​សាធារណទេ។

លោក​ Kirby បាន​ថ្លែងថា ឯកសារ​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឯកសារ​សម្ងាត់ នៅ​ពេល​ផ្ញើរ​ចេញ​ទៅ ប៉ុន្តែ​ឥឡូវ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ឯក​សារ​សម្ងាត់​វិញ ដោយ​សារ​សំណើរ​របស់​សហគម​ស៊ើប​ការ​សម្ងាត់។

រឿង​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ការ​បោះ​ឆ្នោត​ជាបឋម​នៅ​រដ្ឋ Iowa ​ដែល​ជា​ព្រឹត្តិការណ៏ទី​មួយ​ហើយ​ដែល​ពល​រដ្ឋ​អាមេរិកាំង​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ដើម្បី​ជ្រើ​សរើស​បេក្ខ​ជន​របស់​គណបក្ស​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក។ លោកស្រី​ Clinton ​ជាបេក្ខ​ជន​នាំ​មុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​ឥឡូវ​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រណាំង​ប្រជែងគ្នា​យ៉ាង​ប្រកិតនៅ​ក្នុង​រដ្ឋ Iowa។

កាល​ពីថ្ងៃសុក្រ​យុទ្ធនាការ​របស់​លោកស្រី Clinton ​បាន​ទាមទារ​ឲ្យ​បញ្ចេញ​អ៊ីម៉ែល​ទាំង​អស់។ សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​យុទ្ធនាការ​លោក​ស្រី​បាន​និយាយ​ថារឿង​នេះ​ជា​ឧទាហរណ៍​មួយ នៃ«​ការ​ប្រជែងគ្នា​បែប​ការិយាធិបតេយ្យ» និង «​ឯក​សារសម្ងាត់​ជ្រុល​មាន​ភាព​រញេររញៃ»។

លោក​ស្រី​ Clinton ​ជួប​ប្រទះ​នឹង​រឿង​ចម្រូង​ចម្រាស់ តាំង​ពី​ពេល​មាន​ការ​រក​ឃើញ​ថា​លោក​ស្រី​បាន​ប្រើ​ប្រាស់​អ៊ី​ម៉ែល​ផ្ទាល់​ខ្លួនរបស់​លោកស្រី សម្រាប់​ការងារផ្លូវការ នៅ​ពេល​ដែល​លោកស្រី​នៅ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា៕