ស្ត្រី​នគរបាល​រូប​នេះ​បាន​បំបៅ​​សង្គ្រោះ​ជីវិត​ទារិកា​ជិត​ស្លាប់​ម្នាក់

ទារិការទើបនឹងចេញ ពីពោះម្ដាយបានប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយទារិការអាចប្រឈម នឹងការបាត់បង់ជីវិត ប្រសិន​ជា​គ្មាន​ទឹកដោះ​ធម្មជាតិ របស់ស្ត្រីនគរបាលម្នាក់ ដែលចូលមកធ្វើអន្តរាគមន៍ ក្នុងហេតុការណ៍​នេះ​ទេ។ ពិត​ជា​ជួន​ពេល​គ្នា​ណាស់ ព្រោះ​ស្ត្រី​នគរបាល​រូប​នោះ ក៏​ទើបនឹងមានកូនខ្ចីដូចគ្នាដែរ។
ស្ត្រី​នគរបាល​រូប​នេះ​បាន​បំបៅ​​សង្គ្រោះ​ជីវិត​ទារិកា​ជិត​ស្លាប់​ម្នាក់
ភ្នាក់ងារនគរបាល អ្នកស្រី ល្វីសា ហ្វែណង់ដា អៀរ៉េអា និងរូបថតនៅពេលអ្នកស្រីបំបៅដោះ ឲ្យទារិការរងគ្រោះ។ (រូបថតទ្វីសធើរ)

ស្ត្រីនគរបាលជាតិកូឡំប៊ី អ្នកស្រី ល្វីសា ហ្វែណង់ដា អៀរ៉េអា (Luisa Fernanda Urrea) ទើបនឹង​ទទួល​បានការ​កោត​សរសើរ ពីសំណាក់ថ្នាក់លើ់របស់អ្នកស្រី និងពីសំណាក់​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទាក់ទងនឹង​​កាយវិការ​មួយ​របស់​អ្នកស្រី ដើម្បីធ្វើការសង្គ្រោះ ជនរងគ្រោះម្នាក់ ដែលទើបនឹងមានអាយុ ប៉ុន្មានម៉ោង​ប៉ុណ្ណោះ។ អ្នកស្រី ល្វីសា ដែលទើបនឹងក្លាយ ជាអ្នកម្ដាយវ័យក្មេងដែរនោះ ត្រូវបានបញ្ជូន ឲ្យទៅធ្វើ​អន្តរាគមន៍ នៅ​​ក្នុង​​ភូមិ «Tuluà» ដែលជាតំបន់ព្រៃភ្នំ​ដាច់ស្រយ៉ាលមួយ នៅភាគខាងលិច នៃប្រទេសកូឡំប៊ី។ នៅ​ទី​នោះ អ្នកស្រុក​ទើប​នឹងរកឃើញ ទារិការដ៏តូចមួយរូប ដែលត្រូវបានយកមក«ផ្លុងចោល» យ៉ាង​អាណោច​អធម ក្នុង​គុម្ពោត​ព្រៃ។

អ្នកដែលឃើញទារិកានេះមុនគេ គឺអ្នកស្រី អេឌីណូរ៉ា ជីមើណេស (Edinora Jimenez) អាយុ៥៩ឆ្នាំ ខណៈ​ពេល​អ្នកស្រី កំពុងបេះផ្លែក្រូច នៅក្នុងចំការមួយ។ អ្នកស្រី បានរៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «ខ្ញុំបាន​ឮ​សម្លេង​យំ នៅខណៈពេល ដែលខ្ញុំកំពុងតែបេះ និងប្រមែប្រមូលផ្លែក្រូច។ ដំបូងខ្ញុំគិតថា ជាសម្លេងឆ្មារយំ។ តែ​នៅ​ពេល​ខ្ញុំ​ដើរទៅជិត ខ្ញុំភ្ញាក់ព្រើត ព្រោះជាទារិការដ៏តូចមួយរូប។»

នៅពេលមកដល់កន្លែងកើតហេតុ អ្នកស្រីភ្នាក់ងារនគរបាល បានឃើញទារិការ ដែលទើបចេញពីផ្ទៃម្ដាយ កំពុង​ស្រែកយំខ្លាំងឡើង ហើយកំពុងរងគ្រោះ នឹងកង្វះជាតិទឹក (រាប់ទាំងទឹកដោះ ទាំងការងូតទឹក...)។ ជម្រើស​តែ​មួយ​គត់ ដែលអ្នកស្រីត្រូវជួយទារិការ បានភ្លាមៗនោះ គឺផ្ដល់ទឹកដោះ ឲ្យនាងតូចនេះបៅ មុននឹងក្រុម​អ្នក​ជួយ​សង្គ្រោះ ធ្វើដំណើរមកដល់។ អ្នកស្រី ល្វីសា បានថ្លែងឲ្យដឹងថា៖ «ខ្ញុំក៏ទើបតែមានកូនដែរ អញ្ចឹងខ្ញុំមានទឹកដោះ ហើយ​ខ្ញុំយល់ពីអ្វី ដែលទារិការដ៏កំសត់នេះ ត្រូវការ។ ខ្ញុំគិតថា នៅក្នុងស្ថានភាពបែនេះ ទោះស្ត្រីណាក៏ដោយ ក៏​ត្រូវ​តែ​ធ្វើ​ដូចគ្នាដែរ។»

ក្រុមអ្នកជួយសង្គ្រោះ  ដែលបានមកដល់កន្លែងតាមក្រោយ ហើយបានយកទារិការទៅ កាន់មន្ទីរពេទ្យ។ រីឯ​គ្រូពេទ្យ​វិញ បាននិយាយថា ប្រសិនជាគ្មានទឹកដោះ របស់អ្នកស្រី ល្វីសា នោះទេ ទារិការអាចនឹងស្លាប់។ នាយ​នគរបាលតំបន់ លោក ហ្សាវីយ៉េ ម៉ាតាំង (Javier Martin) បានថ្លែងសារទរកាយវិការ របស់អ្នកស្រី ល្វីសា ដែល​នៅក្រោមបង្គាប់របស់លោក។ នាយនគរបាលឲ្យដឹងថា នៅពេលអ្នកស្រុកបានរកឃើញទារិការនោះ នាង​តូច​នៅ​មាន​ទងផ្ចិត នៅជាប់នឹងពោះនៅឡើយ។ ប៉ុន្តែមកដល់ពេលនេះ ទារិការបានឆ្លងផុតគ្រោះថ្នាក់ មាន​សុខភាព​ល្អ និងត្រូវបានបញ្ជូន ទៅកាន់មជ្ឈមណ្ឌលគាំពារទារក ដើម្បីរងចាំការទទួល យកទៅចិញ្ចឹម។

ចំពោះម្ដាយបង្កើតរបស់ទារិការ ដែលដាច់ចិត្តបោះបង់កូន ដែលទើបនឹងកើត ចោលនៅកណ្ដាលព្រៃបែបនេះ កំពុងត្រូវបានអាជ្ញាធរកូឡំប៊ីរ តាមស្វែងរកចាប់ខ្លួន។ ស្ត្រីរូបនោះ អាចមានទោស ពីបទប៉ុនប៉ង សម្លាប់​ជីវិត​មនុស្ស៕