​ក្រុង​មួយ​នៅ​បារាំង​ហាម​អាណាព្យាបាល​មិន​ឲ្យ​មានការ​ជក់បារី​នៅមុខ​សាលារៀន

​អភិបាលក្រុង Solesmes ដែល​ស្ថិតនៅ​តំបន់ Nord-Pas-de-Calais-Parcardie កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានចេញ​បទបញ្ជា​ហាមឃាត់​មិន​ឲ្យ​មានការ​ជក់បារី​នៅលើ​ផ្លូវ​ដែល​ស្ថិត​នៅមុខ​សាលារៀន​ទាំងអស់​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌​មានបារាំង La Voix du Nord​។​

​ផ្ទាំង​ប៉ាណូ​ហាមឃាត់​ការជក់បារី ត្រូវបាន​ដាក់តាំង​នៅមុខ​សាលារៀន​ចំនួន​២​នៅក្នុង​ក្រុង Solesmes ដែល​ក្នុងនោះ​មាន​សាលា Jean-Zay និង​សាលា Suzanne-Lannoy​។ ការហាមឃាត់​ជក់​គឺ​ទីតាំង​ដែលមាន​ប្រវែង​៤០​ម៉ែត្រ​ជុំវិញ​សាលារៀន​។ លោក Paul Sagniez ដែលជា​អភិបាលក្រុង បាន​បញ្ជាក់ថា អ្នក​ល្មើស​នឹងត្រូវ​រង​ពិន័យ​ជា​ប្រាក់​ពី​១៧ ទៅ​៣៩​អឺរ៉ូ ក្នុង​មួយ​លើក​។

​ការសម្រេច​ពិន័យ​នេះ គឺធ្វើឡើង​បន្ទាប់​សមាជិក​ក្រុមប្រឹក្សា​នៅតាម​សាលារៀន បាន​ត្អូញត្អែរ​ពី​ករណី​ក្លិប​បារី​ដែល​ភាយ​ពេញ​បរិវេណ​សាលារៀន ដោយ​ភាគច្រើន​បង្កឡើង​ដោយ​ឪពុកម្តាយ ឬ​អាណាព្យាបាល​សិស្ស ជាពិសេស​នៅពេលដែល​ពួកគាត់​រងចាំ​កូន​ចេញពី​សាលារៀន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សេចក្តីសម្រេច​របស់​អា​ជ្ញា​ធរ​ក្រុង Solesmes ក៏​មិន​ទទួលបាន​នូវ​ការពេញចិត្ត​ពេញ​ថ្លើម​ពី​អាណាព្យាបាល​សិស្ស និង​ពលរដ្ឋ​ទាំងអស់​នោះដែរ​។ ពលរដ្ឋ​ម្នាក់​បាន​ត្អូញត្អែរថា «​បន្តិចទៀត គេ​នឹង​គ្មាន​សិទ្ធិ​ជក់​នៅផ្ទះ​របស់ខ្លួន​»​។​

​អាណាព្យាបាល​មួយចំនួន​ទទួលស្គាល់ថា ខ្លួន​ពិតជា​មានការ​ពិបាក​ក្នុងការ​ផ្តាច់​បារី និង​ធ្វើ​ឲ្យ​មាត់​ទំនេរ​នា​អំឡុងពេល​នៃ​ការ​ចាំ​ទទួល​កូន ប៉ុន្តែ​ពួកគាត់​នឹង​ព្យាយាម​កាត់ផ្តាច់ ឬ​ទ្រាំ​រហូត​ដល់ផ្ទះ​។ អាណាព្យាបាល​ម្នាក់​បាន​លើកឡើងថា​៖ «​ជក់បារី​ក្លាយជា​ទម្លាប់​របស់ខ្ញុំ​ទៅហើយ ប៉ុន្តែ​មិន​អី​ទេ មុននឹង​ទៅ​ទទួល​កូន​ខ្ញុំ​ត្រូវ​ជក់​នៅផ្ទះ​ឲ្យ​ហើយ និង​ម្យ៉ាងទៀត ខ្ញុំ​ក៏​មិន​ចង់​ជក់​ក្នុង​រថយន្ត ដែល​ផ្តល់​ការរំខាន​ដល់​កូន​នោះដែរ​»​។​

​ក្រុង Solesmes មាន​ពលរដ្ឋ​ប្រមាណ​៤៥០០​នាក់​។ ដើម្បី​អនុវត្ត​បទបញ្ជ​របស់​ខ្លួន​លោក​អភិបាលក្រុង​បានដាក់​ប៉ូលិស​២​នាក់​ឲ្យ​នៅ​ប្រចាំ​ក្បែរ​បរិវេណ​សាលារៀន​។ អាណាព្យាបាល​មួយចំនួន​បាន​សំណូមពរ​ថា ភាគី​សាលារៀន​គួរតែ​រៀប​កាលវិភាគ​ឲ្យ​បានច្បាស់លាស់​ទាក់ទង​នឹង​ម៉ោង​ចេញពី​សាលា​របស់​សិស្ស ដូច្នេះ​វា​មិន​ពិបាក​ដល់​អាណាព្យាបាល​ដែល​ត្រូវ​ចំណាយពេល​យូរ​ដើម្បី​រង់ចាំ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​