ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ដើរ​រក​កន្លែង​បញ្ចាំ​ ត្រូវ​បាន​កម្លាំង​​អន្តរាគមន៍​ខណ្ឌ​សែន​សុខ ​ចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​​ឱ្យ​​នគរបាល​ប៉ុស្តិ៍ទឹកថ្លា ​កាលពី​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែមករា នៅ​មុខ​ផ្ទះសំណាក់​អង្គ​រមាស ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​​​ទាំង​២នាក់​​ខាង​លើ​ ម្នាក់​ ​ឈ្មោះ​ ឡុ​ង វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ មានស្រុក​កំណើត​នៅ​សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ និង​​ម្នាក់​ទៀត​​ឈ្មោះ ផៃ បូ​រី អាយុ​២៤​ឆ្នាំ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី២ ខណ្ឌ​ច្បារ​អំពៅ​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ឃាត់ខ្លួន​​ ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​មាន​ស្លាក​លេខ មិន​មាន​ឯកសារ​អ្វី​ទាំងអស់ និង​ដោះ​ក្បាំង​ម៉ូតូ​ចេញ​អស់ ​​ជិះ​ឌុ​ប​គ្នា​រក​កន្លែង​បញ្ចាំ​ឃើញ​ដូចនេះ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច គាប់​ជួន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ កំពុង​ល្បាត​ក្បែរ​នោះ​​ក៏​ឃាត់​ខ្លួន​ទាំង​​២​នាក់​យក​ទៅ​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ ម៉ូតូ​ខាងលើមាន​បុរស​ម្នាក់​បាន​ទៅ​លេង​ហ្គេ​ម​បាញ់​ត្រី​នៅ​ខណ្ឌ​ច្បារ​អំពៅ​ ហើយ​ចាញ់​អស់​លុយ​ខ្លួន​បាន​យក​ម៉ូតូ​ខាងលើ​ជិះ​ដើរ​រក​កន្លែង​បញ្ចាំ​ដោយ​ខ្លួន​បាន​ជិះ​មក​ម្តុំ​ឃ្លាំង​ម៉ូតូ​នៅ​ឃ្លាំង​រំសេវ ប៉ុន្តែ​គ្មាន​ឯកសារ​គេ​មិន​យក​ពួក​គេ​ក៍​យក​មក​រក​កន្លែង​បញ្ចាំ​នៅ​ចំណុច​ខាង​លើក៍​ជួប​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ ។

​ជនសង្ស័យ​ទាំង​២​នាក់ ​បាន​បញ្ជូន​យក​មក​ធ្វើ​សាកសួរ និង​បញ្ជូន​​បន្ត​ទៅ​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌ​សែន​សុខ​​ ​៕