ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ទាំង​ខ្លួន​ស្រវឹង​ជោកជាំ​ជ្រុល​ទៅ​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​​ឈប់​​ចាំ​ភ្លើងស្តុប​បណ្តាល​ឲ្យ​ខូចខាត​តែ​សំណាងល្អ​ម្ចាស់​លោត​ចេញ មិន​មាន​រង​របួស​នោះ​ទេ ចំណែក​អ្នក​បើករថយន្ត​ដេក​លក់​ក្នុង​រថយន្ត ​កាល​ពី​វេលា​ម៉ោង​៦​និង​៤៥​យប់​​ថ្ងៃ​ទី​៣០ ខែមករា នៅ​ចំណុច​ស្តុ​ប​ទេព​ផ​ន សង្កាត់ ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​​ឈ្មោះ អ៊ុំ ម៉ៅ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ​​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ផ្លូវ​លេខ​២៦៥ ភូមិ​១៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ​គាត់​ធ្វើ​​ដំណើរ​​តាម​បណ្ដា​យ​ផ្លូវ​លេខ​១៨២ ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​​ស្តុ​ប​ទេព​ផ​ន​ក៏​​ឈប់​រង់​​ចាំ​ភ្លើងស្តុប​ព្រោះ​ភ្លើង​ក្រហម ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក RAENG ROVER ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI-3888 ​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បើករថយន្ត​ទាំង​ដេក​ ​បុក​ពី​ក្រោយ​​ពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​បត់​ម៉ូតូ​ចូល​ក្រោម​រថយន្ត សំណាងល្អ​គាត់​​លោត​ចេញ​ទាន់​មិន​មាន​រង​របួស ចំណែក​អ្នក​បើករថយន្ត​បង្ក​បន្ទាប់​ពី​​បុក​ហើយ​ ក៏​ដេក​លក់​នៅ​ក្នុង​រថយន្ត​ធ្វើ​មិនដឹង ​ទោះបីជា​ប្រជាពលរដ្ឋ​ដាស់​យ៉ាងណា​ក៏​មិន​ព្រម​ភ្ញាក់​ដែរ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​​​វាស់វែង​ ទើប​ជនជាតិ​ចិន​ដឹងខ្លួន​ចុះ​ពីលើ​រថយន្ត​មក​និយាយ​ជា​សមត្ថកិច្ច​ថា ​រូប​គាត់​ខុស​ហើយ​និង​បាន​ចរចា​ជាមួយ​ម្ចាស់​រ៉ឺម៉កម៉ូតូ​ ហើយ​ម្ចាស់​ម៉ូតូ​​ទារ​សំណង​២.០០០​ដុល្លារ ។ ការ​ចរចា​គ្នា​មិន​ត្រូវ​ទើប​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រង់ចាំ​​ដោះ​ស្រាយ​​តាម​ផ្លូវច្បាប់ ៕