លោកយាយ ប៉ាង ផល អាយុ​៨៣​ឆ្នាំ ថ្លឹង​គីឡូ ដើម្បី​ចៅស្រី​បាន​រៀន​

​ភ្នំពេញ​៖ ខុសពី​ចាស់ជរា​ដទៃទៀត ដែល​ទទួលបាន​ការថែទាំ​ពី​កូនចៅ លោកយាយ ប៉ាង ផល មិនបាន​កាន់​ចានស្រាក់​ទៅ​វត្ត​នៃ​ជីវិតចុងក្រោយ​របស់គាត់​ឡើយ​។ អាយុ​៨៣​ឆ្នាំ  លោកយាយ​នៅតែ​គ្មាន​ពេល​សម្រាក​។ ហើយ​ត្រូវ​ដើររក​ប្រាក់​ដើម្បី​ចិញ្ចឹម​ក្រពះ​ដែល​កំពុងតែ​ស្រែក​ឃ្លាន និង​ចៅស្រី​ឲ្យ​បាន​រៀនសូត្រ​នឹង​គេ​។ 

​គួរ​ឲ្យ​សង្វេក​ណាស់ សម្រាប់​លោកយាយ ប៉ាង ផល ដែលមាន​វ័យចាស់​ជរា​ទៅហើយនោះ នៅតែ​បន្តរ​ស់ទាំង​ត្រដរ ជាមួយនឹង​ភាពក្រីក្រ​លំបាក​។ ចិញ្ចឹម​ចៅស្រី គឺជា​មូល​ហេតុដែល លោកយាយ​បាន​ខិតខំ​ប្រក​បរបរ​ថ្លឹង​គីឡូ សម្រាប់​បាន​ប្រាក់​បន្តិចបន្តួច ដើម្បី​ដូរ​បាយ​ហូប និង​ឲ្យ​ចៅ​បាន​ទៅ​រៀន​។ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នំ ឃុំ​ក្រសាំង ស្រុក​អង្គស្នួល ខេត្តកណ្តាល ចំងាយ​ប្រហែល​៣០​គីឡូ​មែត្រ​ពី​រាជធានី​ភ្នំពេញ​។ លោកយាយ ប៉ាង ផល អស់​កម្លាំងកាយ​ប៉ុន្តែ កម្លាំងចិត្ត​របស់លោក​យាយ​នៅតែ​បន្ត​រកប្រាក់ ដោយមាន​ឧបករណ៍​ថ្លឹង​គីឡូ ដើម្បី​ជួល​ដោយបាន​ប្រាក់​បន្តិចបន្តួច និង​បាន​កម្រៃ​ពី​អំពើ​សប្បុរសធម៌​ពី​ប្រជាជន​។

លោកយាយ ប៉ាង ផល អាយុ​៨៣​ឆ្នាំ ថ្លឹង​គីឡូ ដើម្បី​ចៅស្រី​បាន​រៀន​ ​ស្បែក​ជ្រួញ កាយ​ស្គមរីងរៃ ដំណើរ​ញញាក់ញញ័រ ស្ទើរ​ដួល​ទៅហើយនោះ លោកយាយ​នៅតែ​តស៊ូ​ចិញ្ចឹម​ចៅស្រី​ម្នាក់ តាំងពី​ម្តាយ​របស់​នាង​ស្លាប់​នៅពេល​សម្រាលកូន​។ មកដល់ពេលនេះ លោកយាយ​បាន​ចិញ្ចឹម​ចៅស្រី​រយៈពេល​១៦​ឆ្នាំ​ហើយៗ ចៅស្រី​របស់លោក​ស្រី​កំពុង រៀន​ថ្នាក់​វិទ្យាល័យ​។ ធ្មេញ​បាក់​ស្ទើរតែ​ទាំងអស់ និយាយ​លែង​ច្បាស់​ទៅហើយ លោកយាយ   ប៉ាង ផល បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​រកបាន​មួយថ្ងៃ​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល តែ​ខ្ញុំ​ឲ្យ​ចៅ​មួយថ្ងៃ​៥​ពាន់​ទៅ​១​ម៉ឺន​រៀល​។ ខ្ញុំ​ចេញពីផ្ទះ ពី​ព្រលឹម ហើយ​ត្រូវ​ដើរ​ជុំវិញ​ភ្នំពេញ នឹងត្រូវ​ត្រឡប់មកផ្ទះ​នៅពេល​ល្ងាច​»​។ ដោយសារ​ការអាណិតអាសូ​រ​ពី​ម្ចាស់ផ្ទះ ដែល​ស្ថិតនៅ​ទល់មុខ​ក្រសួងការពារជាតិ នៅ​តំបន់​បឹងកក់ លោកយាយ​បានរស់នៅ​ទីនោះ​ជាច្រើន​ឆ្នាំ ដោយ​មិន​បង់ថ្លៃ​ផ្ទះ​។ មានកូន​បួន​នាក់ ប៉ុន្តែ ពួកគេ​ខ្លះ​បាន​ស្លាប់ និង​ខ្លះទៀត​មាន​ជីវភាព​ក្រីក្រ​លំបាក ទើប​បណ្តាល​ឲ្យ​លោកយាយ ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ទៅហើយនោះ នៅតែ​ស្វែង​ប្រាក់​ដើម្បី​ចិញ្ចឹមជីវិត ទាំង​ខ្លួន​គ្មាន​កម្លាំងកាយ​គ្រប់គ្រាន់​។

​ពេលខ្លះ​អត់បាយ អត់​ទឹក ព្រោះតែ​គ្មាន​នរណា​មក​ថ្លឹង​គីឡូ គឺជា​អ្វីដែល​លោកយាយ​បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​។ មានជីវិត​ត្រូវតែ​តស៊ូ ជា​អ្វីដែល​លោកយាយ​នៅ​បន្ត​រស់នៅ​ជាមួយ​ចៅ​។ ចៅស្រី​ដែលជា​បេះដូង​របស់​លោកយាយ បានធ្វើ​ឲ្យ​ចាស់ជរា​រូបនេះ បន្ត​ប្រឹងប្រែង​ទាំង​ខ្លួន​ដើរ ដេក ឈរ អង្គុយ ស្ទើរ​លែងកើត​ទៅហើយនោះ​។ ស្ពាយ​ការ​បូ​ប​ផង កាន់​ឧបករណ៍​ថ្លឹង​គីឡូ​ផង លោកយាយ​បាន​និយាយ​ដោយ​ដៃ​ញ័រ​ស្ទើរ​កាន់​អ្វី​លែង​ជាប់​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត ពេល​ឃើញ​ចៅ​ខ្ញុំ​បាន​ទៅ​រៀន ព្រោះ​អាណិត​វា វា​កើតមក​ម៉ែ​វា​បាន​ស្លាប់បាត់​ហើយ​។ បើ​អត់​មាន​ចៅ ខ្ញុំ​មិនដឹង​ខំ​ធ្វើ​អី​ទេ​»​។​

​នៅ​ប្រទេស​ជឿនលឿន​មួយចំនួន ចាស់ជរា​ត្រូវបាន​យកចិត្តទុកដាក់ ដោយមាន​ប្រាក់​ចូលនិវត្តន៍ និង​មាន​មជ្ឈមណ្ឌល​ថែទាំ​ចាស់ៗ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ទាំងនោះ មិនចាំបាច់​ដើរ​សុំទាន ឬ​ប្រក​បរបរ​នៅពេលដែល​ពួកគាត់​អស់កម្លាំង​ពលំ​។ ដោយឡែក នៅ​ប្រទេស​កម្ពុជា គេ​សង្កេតឃើញថា ចាស់ជរា​ដែល​គ្មាន​ទីពឹង​ជាច្រើន បាន​ដើរ​សុំទាន និង ប្រកបមុខរបរ​ទៅតាម​លទ្ធភាព​របស់​ពួកគាត់​។ ចាស់ៗ​ខ្លះ ត្រូវស្លាប់​នៅតាម​ដងផ្លូវ​ដោយសារ​គ្មាន​ចំណី​ហូប​គ្រប់គ្រាន់​។ ខ្លះទៀត​ស្លាប់​ដោយសារ​ជំងឺ និង​គ្មាន​កន្លែង​ស្នាក់នៅ​សមរម្យ​។ រីឯ​ចំណែក​ចាស់ៗ​មួយចំនួនទៀត ត្រូវ​ដេកចាំ​ស្លាប់ ដោយសារ​អស់កម្លាំង​ទៅរក​ប្រាក់​លែង​បាន​។​

​ចាស់ៗ​ដែល​គ្មាន​ទីពឹង កាលពី​ពួកគាត់​នៅមាន​កម្លាំង គឺ​ពួកគាត់​បានធ្វើ​ការងារ​ជាច្រើន ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​ផ្ទុយ​មកវិញ នៅពេល​ពួកគាត់​អស់កម្លាំង​ធ្វើការ​ងារ​លែងកើត បើជា​រដ្ឋ​បោះបង់​ពួកគាត់​ចោល​ទៅវិញ​៕

​ប្រសិនបើ​សប្បុរជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ចង់​ជួយ​សម្រាល​ទុក្ខលំបាក លោកយាយ ប៉ាង ផល​។ សូម​ទំនាក់ទំនង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ តាមរយៈ​លេខ​ទូ​ស័ព្ទ​លេខ​៖ ០៩៣ ៩៥ ៩៩ ៨៣ ។​
 
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​