សុខភាព &raquo សុខភាព

តាម​របាយការណ៍​នៃ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បណ្តា​បុរស​ដែល​និយម​ចូល​ចិត្ត​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ អាច​ធ្វើ​ឱ្យ​សមត្ថភាព​ផ្តល់​កំណើត​របស់​ពួក​គេ​ថយ​ចុះ ។ នេះ​ពីព្រោះ ឡេ​ការពារ​កម្តៅថ្ងៃ​ផ្ទុក​ទៅ​ដោយ​បណ្តាសារ​ធាតុគីមី​ដែល​អាច​បំផ្លាញ​ដល់​មេជី​វិត​បុរស ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា នៅ​ពេល​សារធាតុ​ទាំងនេះ​ត្រូវ​បាន​ស្រូប​ដោយ​ស្បែក វា​ក៏​បាន​ចូល​ទៅ​រំខាន​ដល់​សកម្ម​ជា​ធម្មតា​របស់​បណ្តា​អ័រម៉ូន​រាង​កាយ ។

ការ​ពិសោធ​លើ​គូ​ស្វាមី​ចំនួន​ជាង​៥​រយ​គូ​ប្រើ​រយៈពេល​ច្រើន​ឆ្នាំ​បាន​បង្ហាញ​ថា បុរស​ជា​ស្វាមី​ដែល​ស្បែក​របស់​គេ​បាន​ស្រូប​សារធាតុ BP-2 ឬ 4OH-BP លទ្ធភាព​ផ្តល់​កំណើត​គឺ​បាន​ថយ​ចុះ​អស់​ប្រមាណ​ជា​៣០​ភាគរយ ។

អ្នកដឹកនាំ​ការ​សិក្សា វេជ្ជបណ្ឌិត Germaine Louis​បាន​ថ្លែង​ថា ស្បែក​គឺជា​សរីរាង្គ​ដ៏​ធំ​ជាងគេ​បំផុត​របស់​រាង​កាយ ហើយ​របៀប​ដែល​យើង​ថែរក្សា​សុខភាព​ស្បែក​គឺ​មាន​ច្រើន​យ៉ាង ។ ឡេ​ការពារ​កម្ដៅថ្ងៃ​ពិតជា​សំខាន់​ដើម្បី​ទប់ទល់​នឹង​ពន្លឺព្រះអាទិត្យ ហើយ​យើង​ពិតជា​លើកទឹកចិត្ត​ឱ្យ​មនុស្ស​គ្រប់​គ្នា​បន្ត​ប្រើប្រាស់​ដើម្បី​បង្ការ​មហារីក​ស្បែក ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ចំពោះ​បុរស​ដែល​ព្រួយបារម្ភ​ពី​លទ្ធភាព​ផ្តល់​កំណើត​គួរ​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ផ្សេង​ទៀត ឬ​ក៏​ប្រើ​ឡេ​រួច​ហើយ​ត្រូវ​ប្រញាប់​លាង​ជម្រះ​ចេញ​វិញ​បន្ទាប់​ពី​ចូល​ក្នុង​ម្លប់ ។

លោក​បាន​បន្ត​ថា ការ​សិក្សា​ជំហាន​បន្ទាប់​របស់​យើង​នឹង​ស្វែង​យល់​ពី​ដំណើរ​ដែល​សារធាតុ​គីមី​ក្នុង​ឡេ​ការពារ​កម្ដៅថ្ងៃ​បញ្ចេញ​ឥទ្ធិពល​ទៅ​លើ​ខ្លួន​មនុស្ស ជា​ពិសេស​គឺ​ឥទ្ធិពល​ទៅ​លើ​គុណភាព​មេជី​វិត​បុរស ។

យ៉ាងណា​ក៏​ដោយ ការ​សិក្សា​លើក​នេះ​ពុំ​ទាន់​រកបាន​ភ័ស្តុតាង​ដ៏​រឹង​មាំ​ដែល​ធានា​ប្រាកដ​ថា ឡេ​ការពារ​កម្ដៅថ្ងៃ​ពិតជា​បំផ្លាញ​គុណភាព​មេជី​វិត​បុរស​ឬ​រាំង​ខ្ទប់​សកម្មភាព​បង្ក​កំណើត​នោះ​នៅឡើយ​ទេ ៕